អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris នាយករដ្ឋមន្ត្រីចិនលោក Li Qiang និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (East Asia Summit) នៅក្នុងរដ្ឋធានីហ្សាការតានៃប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃព្រហស្បតិ៍នេះ នៅពេលដែលមេដឹកនាំឥណ្ឌូណេស៊ីជាម្ចាស់ផ្ទះ បានព្រមានប្រឆាំងនឹងការប្រកួតប្រជែងគ្នាកាន់តែខ្លាំងឡើង។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
សន្និសីទកំពូលនោះបាននាំរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងរដ្ឋាភិបាលក្រុងប៉េកាំងធ្វើការទាក់ទងគ្នា មួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រី Li បានព្រមានថា មហាអំណាចសំខាន់ៗត្រូវតែដោះស្រាយការខ្វែងគំនិតគ្នាដើម្បីបញ្ចៀស «សង្គ្រាមត្រជាក់ថ្មី» ហើយការទាក់ទងគ្នានេះកើតឡើងមុនសន្និសីទកំពូល G-20 ក្នុងរដ្ឋធានីញូវដែលីរបស់ឥណ្ឌានៅចុងសប្តាហ៍នេះ ជាទីកន្លែងដែលប្រធានាធិបតីចិនលោក Xi Jinping នឹងអវត្តមាន។
កាយវិការទាក់ទងគ្នាទៅវិញទៅមករវាងពួកមន្ត្រីមកពីប្រទេស២ដែលមានសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក ត្រូវគេតាមមើលយ៉ាងដិតដល់នៅពេលដែលពួកគេស្វះស្វែងគ្រប់គ្រងភាពតានតឹងដែលធ្វើឱ្យហានិភ័យរីកកាន់តែធំឡើងជាថ្មី អំពីបញ្ហានានាចាប់តាំងពីកោះតៃវ៉ាន់រហូតដល់ចំណងទាក់ទងជាមួយរដ្ឋាភិបាលក្រុងមូស្គូ និងការប្រកួតប្រជែងដើម្បីឥទ្ធិពលនៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក។
ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo បាននិយាយក្នុងការបើកសន្និសីទថា៖ «ខ្ញុំសុំឱ្យពួកមេដឹកនាំនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ធ្វើឱ្យវេទិកានេះជាវេទិកាសម្រាប់យើងទាំងអស់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងមិនមែនសម្រាប់ការប្រកួតប្រជែងកាន់តែខ្លាំងឡើងនោះទេ»។
លោកស្រីអនុប្រធានាធិបតី Harris និងនាយករដ្ឋមន្ត្រីចិនលោក Li បានធ្វើការចរចាដាច់ដោយឡែកជាមួយពួកមេដឹកនាំអាស៊ីអាគ្នេយ៍កាលពីថ្ងៃពុធម្សិលមិញនៅពេលដែលលោកស្រីអនុប្រធានាធិបតីសហរដ្ឋអាមេរិកបានពិភាក្សា«ការលើកស្ទួយច្បាប់អន្តរជាតិនៅក្នុងសមុទ្រចិនខាងត្បូង»។ នេះបើតាមសេចក្តីថ្លែងការណ៍មកពីការិយាល័យរបស់លោកស្រី។ ចិនបានទាមទារផ្លូវទឹកដែលមានជម្លោះបានធ្វើឱ្យមានការខឹងសម្បាដល់ប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
សន្និសីទកំពូលដែលមានប្រទេសជាតិ១៨ចូលរួមនៅថ្ងៃព្រហស្បតិ៍នេះជាពេលវេលាលើកទី១ដែលពួកមន្ត្រីកំពូលសហរដ្ឋអាមេរិកនិងរុស្ស៊ីបានអង្គុយនៅជុំវិញតុតែមួយនៅក្នុងរយៈពេលជិត២ខែ បន្ទាប់ពីពួកមន្ត្រីសហរដ្ឋអាមេរិកនិងអឺរ៉ុបបានថ្កោលទោសរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Lavrov នៅឯជំនួបថ្នាក់រដ្ឋមន្ត្រីកាលពីខែកក្កដាអំពីការឈ្លានពានរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន។
លោក Lavrov បាននិយាយពីហានិភ័យនៃ«យោធាភាវូបនីយកម្មនៃតំបន់អាស៊ីបូព៌ា»ដោយបានចោទប្រកាន់សម្ព័ន្ធមិត្តអង្គការអូតង់ពីការរំកិលចូលក្នុងតំបន់ហើយបានហៅសម្ព័ន្ធភាព AUKUS រវាងប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេសនិង សហរដ្ឋអាមេរិកថាជា«ការបង្កការប្រឈមមុខដាក់គ្នា»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍នេះ។
អត្ថាធិប្បាយរបស់លោកបានកើតមានឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានប្រកាសជំនួយថ្មីដែលមានទឹកប្រាក់១ពាន់លានដុល្លារដល់ប្រទេសអ៊ុយក្រែននៅក្នុងដំណើរទស្សនកិច្ចមួយទៅកាន់រដ្ឋធានីកៀវ៕