ប្រទេសចិនបញ្ជូនមន្ត្រីជាន់ខ្ពស់ម្នាក់ទៅកាន់ប្រទេសវៀតណាមដើម្បីពង្រឹង«ទំនុកចិត្តខាងនយោបាយ»រវាងប្រទេសទាំងពីរ នៅមុនទស្សនកិច្ចដែលបានគ្រោងទុកជាមុនរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលរៀបចំឡើងដើម្បីបង្កើនទំនាក់ទំនងការទូតរវាងរដា្ឋភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងហាណូយ។
ប្រធាននាយកដ្ឋានអន្តរជាតិនៃបក្សកុម្មុយនិស្តចិន លោក Liu Jianchao បានជួបជាមួយមេដឹកនាំបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong នៅក្នុងទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមចំនួន៣ថ្ងៃ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានផ្លូវការចិន Xinhua។
ក្នុងអំឡុងពេលនៃទស្សនកិច្ចរបស់លោក ដែលបញ្ចប់ទៅកាលពីថ្ងៃពុធ លោក Liu ក៏បានជួបជាមួយសមភាគីវៀតណាមរបស់លោក ហើយបានជួបជាមួយអ្នកស្រាវជ្រាវ ព្រមទាំងអ្នកសារព័ត៌មានក្នុងប្រទេសវៀតណាមផងដែរ។
ភាគីទាំងសងខាងបាននិយាយថា ពួកគេបានយល់ស្របគ្នាដើម្បីពង្រឹងការទុកចិត្តទៅវិញទៅមកខាងនយោបាយ និងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហានានា។
លោក Biden គ្រោងនឹងទៅដល់ប្រទេសវៀតណាម នៅថ្ងៃអាទិត្យនេះ ដើម្បីបំពេញទស្សនកិច្ចមួយដែលគេរំពឹងថានឹងនាំឱ្យមានការបង្កើនចំណងទាក់ទងទ្វេភាគី ហើយទាញប្រទេសវៀតណាមចេញពីរង្វង់របស់ប្រទេសចិន។
ប្រទេសចិននិងប្រទេសវៀតណាមមានចំណងទាក់ទងជិតស្និទ្ធនឹងគ្នាជាយូរមកហើយ ប៉ុន្តែប្រទេសទាំងពីរមានជម្លោះដែនទឹកជាមួយនឹងគ្នាទាក់ទិននឹងសមុទ្រចិនខាងត្បូង។ សហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញធំជាងគេរបស់វៀតណាមស្រាប់ហើយនោះ ក៏មិនចាញ់ចិនដែរ ដោយសារសហរដ្ឋអាមេរិកមានធនធាននិងបច្ចេកវិទ្យា ដើម្បីលើកស្ទួយសេដ្ឋកិច្ចវៀតណាម។
លោក Biden បាននិយាយថា ទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសវៀតណាម មានគោលបំណងបង្កើនចំណងទាក់ទងរបស់ប្រទេសទាំងពីរ និងធ្វើឱ្យសហរដ្ឋអាមេរិក ក្លាយជាដៃគូធំមួយ។
លោកនឹងជួបជាមួយអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong នៅក្នុងទស្សនកិច្ចនេះ៕
ទីក្រុងប៉េកាំង ប្រទេសចិន