ប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់នៅថ្ងៃអង្គារនេះថា ខ្លួនកំពុងឃ្លាំមើលយ៉ាងដិតដល់ចំពោះសារគមនាគមន៍រវាងពួកមន្ត្រីរុស្ស៊ីនិងកូរ៉េខាងជើង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un មានគម្រោងដើម្បីជួបនៅពេលឆាប់ៗនេះនៅខែនេះ ជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដើម្បីពិភាក្សាពីលទ្ធភាពនៃការផ្គត់ផ្គង់អាវុធដល់សង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។
អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូងលោក Lim Soo-suk បាននិយាយថា៖ «យើងក៏កំពុងទាក់ទងយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរពាក់ព័ន្ធរបស់កូរ៉េខាងជើង។ មិនមានរដ្ឋជាសមាជិករបស់អង្គការសហប្រជាជាតិណាមួយត្រូវរំលោភការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រឆាំងនឹងកូរ៉េខាងជើង រួមមានទាំងការធ្វើពាណិជ្ជកម្មអាវុធខុសច្បាប់ ហើយជាពិសេស កិច្ចសហប្រតិបត្តិការយោធាជាមួយកូរ៉េខាងជើងដែលធ្វើឱ្យគ្រោះថ្នាក់ដល់សន្តិភាពនិងស្ថិរភាពរបស់សហគមន៍អន្តរជាតិ»។
កាសែត The New York Times របស់អាមេរិកដែលដកស្រង់សម្តីពួកមន្ត្រីសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបានរាយការណ៍កាលពីថ្ងៃចន្ទម្សិលមិញថា លោក Kim នឹងធ្វើដំណើរពីរដ្ឋធានីព្យុងយ៉ាង ប្រហែលតាមរថភ្លើងពាសដែកទៅកាន់ទីក្រុង Vladivostok នៅឆ្នេរសមុទ្រប៉ាស៊ីហ្វិកនៃប្រទេសរុស្ស៊ីជាទីកន្លែងដែលលោកនឹងជួបជាមួយលោក Putin។
លោក Putin ចង់ឱ្យលោក Kim បញ្ជូនគ្រាប់កាំភ្លើងធំនិងកាំជ្រួចមីស៊ីលប្រឆាំងនឹងរថក្រោះទៅឱ្យរដ្ឋាភិបាលក្រុងមូស្គូ ស្របពេលដែលមេដឹកនាំកូរ៉េខាងជើងរូបនេះចង់ឱ្យរុស្ស៊ីផ្តល់ឱ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាងនូវបច្ចេកវិទ្យាជឿនលឿនសម្រាប់ផ្កាយរណបនិងនាវាមុជទឹកប្រើដោយថាមពលនុយក្លែអ៊េរ។ នេះបើតាមការបញ្ជាក់ដោយពួកមន្ត្រី។ លោក Kim ក៏កំពុងស្វះស្វែងរកជំនួយម្ហូបអាហារសម្រាប់ប្រទេសដ៏ក្រីក្ររបស់លោកដែរ។
ការធ្វើដំណើរដែលបានគ្រោងឡើងនេះកើតមានឡើង នៅពេលដែលរុស្ស៊ីកំពុងពិភាក្សាពីការធ្វើសមយុទ្ធរួមគ្នាជាមួយកូរ៉េខាងជើង។
សេតវិមានមិនបានឆ្លើយតបភ្លាមៗដល់សំណើសុំធ្វើអត្ថាធិប្បាយទេ៕
ព័ត៌មានមួយចំនួនសម្រាប់សេចក្តីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន The Associated Press, Agence France-Presse និង Reuters។