ប្រទេស២ដែលមានសេដ្ឋកិច្ចធំជាងគេបង្អស់និងដែលបញ្ចេញកាបោនដ៏ច្រើនជាងគេនៅក្នុងពិភពលោក បានប្រកាសការប្រយុទ្ធប្រឆាំងដាច់ដោយឡែកពីគ្នាអំពីការប្រែប្រួលអាកាសធាតុកាលពីថ្ងៃអង្គារ។
ប្រធានាធិបតីចិនលោក Xi Jinping បាននិយាយថា ប្រទេសរបស់លោក នឹងលែងផ្តល់ថវិកាដល់រោងចក្រដែលប្រើដោយធ្យូងថ្មនៅឯបរទេសទៀតហើយ ដែលការណ៍នេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ពិភពលោកអំពីអាកាសធាតុសម្រាប់ឆ្នាំទី២ជាប់ៗគ្នានៅឯមហាសន្និបាតអង្គការសហប្រជាជាតិ។ ការប្រកាសនេះ បានកើតមានឡើងប៉ុន្មានម៉ោង បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រកាសផែនការមួយបង្កើនទ្វេដងនូវជំនួយហិរញ្ញវត្ថុដល់ប្រទេសក្រីក្រ ដែលមានទឹកប្រាក់ដល់ចំនួន ១១ពាន់ ៤រយ លានដុល្លារ នៅត្រឹមឆ្នាំ២០២៤ខាងមុខ ដើម្បីឲ្យប្រទេសទាំងនោះ អាចងាកទៅប្រើប្រាស់ថាមពលដែលមានភាពប្រសើរជាងមុន និងដោះស្រាយផលប៉ះពាល់កាន់តែអាក្រក់ឡើងនៃការឡើងកំដៅនៅលើសាកលលោក។ ការប្រកាសនេះ បានដាក់ពួកប្រទេសអ្នកមានឲ្យខិតកាន់តែជិតទៅនឹងការសន្យាជាយូរយាណាស់មកហើយរបស់ខ្លួន ក៏ប៉ុន្តែ មិនទាន់បានដល់គោលដៅចំនួន១រយ ពាន់ លានដុល្លារក្នុងមួយឆ្នាំនៅក្នុងការជួយប្រទេសកំពុងអភិវឌ្ឍន៍អំពីអាកាសធាតុនោះទេ។
លោក Xinyun Ma ជាអ្នកជំនាញថាមពលនៅមជ្ឈមណ្ឌលគោលនយោបាយអភិវឌ្ឍន៍សាកលនៃសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិក បាននិយាយថា «នេះជាព្រឹត្តការណ៍ដ៏អស្ចារ្សមួយ»។
ពួកអ្នកជំនាញនិយាយថា ការប្រកាសនេះ អាចផ្តល់នូវសន្ទុះខ្លះនៅក្នុងការចរចាអាកាសធាតុដ៏សំខាន់នៅក្នុងទីក្រុង Glasgow រដ្ឋ Scotland ដែលនៅសល់មិនដល់៦សប្តាហ៍ទៀត។ ការឆ្ពោះទៅកាន់កិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសឆ្នាំ២០១៥ ជាកិច្ចព្រមព្រៀងរួមរវាងសហរដ្ឋអាមេរិកនិងចិន បានចាប់ផ្តើមការចរចារទទួលជោគជ័យ។ នៅពេលនេះ ទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិក មានភាពគ្រោះថ្នាក់ ប្រទេសទាំង២ បានប្រកាសផែនការដាច់ដោយឡែកពីគ្នា។
នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson ដែលនឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ការចរចាអាកាសធាតុនៅពេលខាងមុខ បានប្រាប់អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris ថា «ថ្ងៃនេះជាថ្ងៃដ៏ល្អពិតប្រាកដសម្រាប់ពិភពលោក»។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ដែលបានជំរុញយ៉ាងខ្លាំងនៅសប្តាហ៍នេះឲ្យមានការខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ បានហៅការប្រកាសទាំង២នេះ ជាដំណឹងស្វាគមន៍មួយ ក៏ប៉ុន្តែ លោកបាននិយាយថា «យើង នៅមានដំណើរវែងឆ្ងាយទៀតដើម្បីធ្វើឲ្យជំនួបនៅទីក្រុង Glosgow បានទទួលជោគជ័យ» នោះ៕