ប្រទេសជប៉ុននិងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាដាក់សម្ពាធប្រទេសចិនឲ្យកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនបន្ថែមទៀត។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Toshimitsu Motegi នៅថ្ងៃអង្គារនេះ។
លោក Motegi បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយនៅក្រោយជំនួបជាមួយនឹងបេសកជនសហរដ្ឋអាមេរិកផ្នែកអាកាសធាតុលោក John Kerry ថា៖ «យើងបានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការលើកិច្ចប្រឹងប្រែងកាត់បន្ថយការបញ្ចេញឧស្ម័នស្រូបកម្ដៅរបស់ប្រទេសធំៗ ដែលក្នុងនោះរួមមានទាំងប្រទេសចិនផងដែរ»។
លោក John Kerry បានធ្វើទស្សនកិច្ចនៅប្រទេសជប៉ុនដើម្បីជំរុញសកម្មភាពអន្តរជាតិ មុនកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុចូលមកដល់នៅខែវិច្ឆិកាខាងមុខ។ កិច្ចប្រជុំកំពូលនេះមានគោលបំណងប្រយុទ្ធប្រឆាំងនឹងការឡើងកម្ដៅផែនដី។
នៅក្នុងដំណើរទស្សនកិច្ចនោះ លោក Kerry ក៏បានជួបពិភាក្សាជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga ផងដែរ ដោយ «ភាគីទាំងពីរបានឯកភាពបន្តធ្វើការរួមគ្នានៅក្រោមកិច្ចព្រមព្រៀងភាពជាដៃគូរវាងសហរដ្ឋអាមេរិកនិងជប៉ុនស្ដីពីអាកាសធាតុ ដើម្បីបង្កើនការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូននៅលើពិភពលោក»។ នេះបើយោងតាមការបញ្ជាក់របស់រដ្ឋាភិបាលជប៉ុននៅក្នុងសេចក្ដីថ្លែងការណ៍មួយ។
បន្ទាប់ពីនេះ លោក Kerry នឹងធ្វើដំណើរទៅប្រទេសចិនដើម្បីពិភាក្សាជាមួយលោក Xie Zhenhua បេសកជនពិសេសរបស់ប្រទេសចិនទទួលបន្ទុកកិច្ចការប្រែប្រួលអាកាសធាតុ។
សន្និសីទអង្គការសហប្រជាជាតិលើកទី ២៦ ស្តីពីការប្រែប្រួលអាកាសធាតុ (COP26) នឹងចាប់ផ្តើមនៅថ្ងៃទី ១ ខែវិច្ឆិកាខាងមុខនេះ នៅក្នុងទីក្រុង Glasgow ប្រទេសស្កុតលែន។
សន្និសីទនេះជាកិច្ចប្រជុំកំពូលដ៏ធំបំផុតស្តីពីអាកាសធាតុ ចាប់តាំងពីការចរចានៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីឆ្នាំ ២០១៥ មក ដែលនៅពេលនោះ ប្រទេសនានាបានប្តេជ្ញារក្សាកំណើនកម្ដៅផែនដីឲ្យនៅក្រោម ២ អង្សាសេ គឺប្រហែល ១,៥ អង្សាសេឲ្យបាននៅត្រឹមឆ្នាំ ២០៥០៕