អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានបង្ហាញការព្រួយបារម្ភកាលពីថ្ងៃចន្ទថា ពិភពលោកធ្វើមិនត្រឹមត្រូវដើម្បីសម្រេចគោលដៅបន្ទាន់មួយចំនួនក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ។
លោក Guterres បានប្រាប់អ្នកយកព័ត៌មានថា «ផ្អែកលើការប្តេជ្ញាចិត្តបច្ចុប្បន្នរបស់រដ្ឋជាសមាជិក ពិភពលោកកំពុងដើរតាមផ្លូវមហន្តរាយ គឺឡើងកំដៅ ២,៧អង្សាសេ មិនមែន ១,៥ អង្សាសេ ដូចដែលយើងទាំងអស់គ្នាបានព្រមព្រៀងគ្នានោះទេ។ វិទ្យាសាស្ត្រប្រាប់យើងថា កំណើនលើសពី ១,៥ អង្សាសេ នឹងនាំឱ្យមានគ្រោះមហន្តរាយ»។
អង្គការសហប្រជាជាតិនិយាយថា ដើម្បីសម្រេចគោលដៅកំណើនកំដៅត្រឹមតែ ១,៥អង្សាសេ ប្រទេសអ្នកមានត្រូវបង្កើនការចំណាយចំនួន ១០០ពាន់ លានដុល្លារ ក្នុងមួយឆ្នាំ ចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០២៥។
ការបញ្ចេញឧស្ម័នបំពុលអាកាសធាតុ ក៏ត្រូវកាត់បន្ថយជិតពាក់កណ្តាលត្រឹមឆ្នាំ២០៣០ ដើម្បីឱ្យប្រទេសនានាសម្រេចគោលដៅបំបាត់ការបញ្ចេញឧស្ម័នកាបូនអ៊ុកស៊ីដ (ឧស្ម័នកាបូនិក) ត្រឹមគោលដៅឆ្នាំ២០៥០។ កិច្ចការនេះ រួមបញ្ចូលការងារពិបាកក្នុងការធ្វើឱ្យប្រទេសនានាឈប់ប្រើរោងចក្រធ្យូងថ្មដែលបំពុលអាកាសធាតុ។
លោក Guterres បាននិយាយថា «បញ្ហាដែលខ្ញុំជឿថា ត្រូវប្រឹងប្រែងវែងឆ្ងាយតទៅទៀត គឺការកាត់បន្ថយការបញ្ចេញឧស្ម័នបំពុលអាកាសធាតុ»។
ជិត៨០%នៃការបញ្ចេញឧស្ម័នបំពុលអាកាសធាតុ គឺមកពីប្រទេសសេដ្ឋកិច្ចជឿនលឿន គឺប្រទេស G-20។
នៅខែវិច្ឆិកា ប្រទេសនានានឹងជួបប្រជុំគ្នានៅទីក្រុង Glasgow ប្រទេសស្កុតលែនសម្រាប់សន្និសីទអាកាសធាតុសំខាន់មួយដើម្បីពិនិត្យមើលឡើងវិញនូវវឌ្ឍភាពនៃការប្តេជ្ញាចិត្តចាប់តាំងពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឆ្នាំ២០១៥។
កាលពីថ្ងៃចន្ទលោក Guterres បានសហការជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson រៀបចំកិច្ចប្រជុំតូចមួយនៃប្រទេសសំខាន់ៗដែលជាការជួបជុំចុងក្រោយនៅមុនសន្និសីទនោះ។ លោក Guterres និងលោក Johnson បាននិយាយអំពីសញ្ញាអាសន្នថា សន្និសីទពិនិត្យឡើងវិញនេះដែលត្រូវបានគេស្គាល់ថា ជាសន្និសីទអ.ស.ប.ស្តីពីអាកាសធាតុលើកទី២៦ (26th Conference of the Parties) នេះមិនអាចបរាជ័យបានទេ ហើយការប្តេជ្ញាប្រកបដោយមហិច្ឆតា គឺត្រូវការជាចាំបាច់។
លោក Johnson បានប្រាប់អ្នកយកព័ត៌មានថា «ខ្ញុំគិតថា សន្និសីទស្តីពីអាកាសធាតុលើកទី២៦ នៅទីក្រុង Glasgow (Glasgow – COP26) គឺជាចំណុចរបត់មួយសម្រាប់ពិភពលោក។ វាគឺជាពេលដែលអាចប្រើបានថា យើងជាមនុស្សធំដឹងក្តី ហើយមានការទទួលខុសត្រូវ»។
អ.ស.ប.និយាយថា ពាក់កណ្តាលនៃទឹកប្រាក់១០០ពាន់លានដុល្លារប្រចាំឆ្នាំក្នុងការផ្តល់ហិរញ្ញប្បទានបញ្ហាអាកាសធាតុសាធារណៈនេះ ត្រូវការសម្រាប់កិច្ចខិតខំប្រឹងប្រែងសម្របខ្លួននៅក្នុងប្រទេសកំពុងអភិវឌ្ឍ។
លោក Guterres បានសម្តែងការព្រួយបារម្ភថា បញ្ហានេះមិនមានវឌ្ឍភាពគ្រប់គ្រាន់ទេ។ ទោះជាយ៉ាងណាលោកពិតជាបានចង្អុលពីចលនាមួយចំនួន រួមទាំងការប្តេជ្ញាចិត្តថ្មីៗរបស់ប្រទេសស៊ុយអែត និងប្រទេសដាណឺម៉ាក កាលពីថ្ងៃចន្ទ។ លោកបានមានប្រសាសន៍ថា «ខ្ញុំជឿថា ថវិកា៥០ភាគរយនេះ អាចនឹងទទួលបានការទាក់ទាញ ប៉ុន្តែយើងនៅមិនទាន់ទៅដល់ដំណាក់កាលនោះទេ»៕