ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ​ថា ការ​គំរាម​កំហែង​បរិស្ថាន​ជា​បញ្ហា​ធំ​បំផុត​ដល់​សិទ្ធិ​មនុស្ស


រូបឯកសារ៖ ទឹកជំនន់​ដែល​​កើតឡើង​ដោយសារ​ព្យុះ Arthur នៅ​ក្នុង​រដ្ឋ North Carolina សហរដ្ឋ​អាមេរិក ថ្ងៃទី៤ ខែកក្កដា​ ឆ្នាំ២០២១។
រូបឯកសារ៖ ទឹកជំនន់​ដែល​​កើតឡើង​ដោយសារ​ព្យុះ Arthur នៅ​ក្នុង​រដ្ឋ North Carolina សហរដ្ឋ​អាមេរិក ថ្ងៃទី៤ ខែកក្កដា​ ឆ្នាំ២០២១។

ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ​ថា ការ គំរាម​កំហែង​បរិស្ថាន ជា​ជម្លោះ​កាន់តែ​អាក្រក់​ឡើង​នៅ​ទូទាំង​ពិភពលោក​ហើយ​នៅ​ពេល​ឆាប់​ៗនេះ នឹង​ក្លាយ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​ដល់​សិទ្ធិ​មនុស្ស។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក​ស្រី Michelle Bacheletមាន​ប្រសាសន៍​ថា ការប្រែប្រួល​អាកាសធាតុ ការបញ្ចេញ​សារ ធាតុ​កខ្វក់​និង​ការបាត់បង់​ធម្មជាតិ មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​រួច​ហើយ​ ក៏ប៉ុន្តែ​ប្រទេស​នា នា​បាន​ខកខាន​មិន​បាន​ចាត់​វិធានការ​ដើម្បី​ទប់ស្កាត់​ការ​ខូច​ខាត​ទាំង​នេះ។

លោក​ស្រី Bachelet បាន​ប្រាប់​ការ​បើក​សម័យ​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​លើក​ទី៤៨​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វីស​ថា «វិបត្តិ​ដែល​ជាប់​ទាក់ទិន​នឹង សារធាតុ​កខ្វក់ អាកាស​ធាតុ​និង​សកម្មភាព​ជីវៈចម្រុះ​ជា​ការ​គំរាម​កំហែង​គ្រប់​បែប​យ៉ាង​ដែល​បង្កើន​ឲ្យមាន​ជម្លោះ ភាព​តានតឹង និង​វិសមភាព​នៃ​ហេដ្ឋារចនាសម្ព័ន្ធ បង្ខំ​ឲ្យ​មនុស្ស​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​ប្រកប​ដោយ​គ្រោះថ្នាក់​កាន់តែ​ខ្លាំង​ឡើង»។

អតីត​ប្រធានាធិបតី​ប្រទេស​ឈីលី​រូប​នេះ បាន​មាន​ប្រសាសន៍​ទៀត​ថា ការ​គំរាម​កំហែង មាន​ផលប៉ះពាល់​ដោយ​ផ្ទាល់​និង​យ៉ាង​ធ្ងន់ធ្ងរ គឺរួមមាន​តាំងពី​សិទ្ធិ​មនុស្ស​ដល់​ស្បៀងអាហារ ទឹក ការ​សិក្សា​អប់រំ ផ្ទះ​សម្បែង សុខភាព ការ​អភិវឌ្ឍ​និង​ថែម​ទាំង​ជីវិត​រស់​នៅ​ទៀត​ផង។

លោក​ស្រី​មាន​ប្រសាសន៍បន្ត​ទៀត​ថា ការខូចខាត​ខាង​បរិស្ថានជាទូទៅ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​និង​ប្រទេស​ក្រីក្រ​ភាគ​ច្រើន នៅ​ពេល​ដែល​ពួកគេ​ ជារឿយៗ​មាន​សមត្ថភាព​ឆ្លើយតប​តិច​តួច។

លោក​ស្រី Bachelet មាន​ប្រសាសន៍​ថា ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ​មាន​បញ្ហា​ដោយ​សារព្រឹត្តិការណ៍​អាកាសធាតុ​ដែល​មាន​លក្ខណៈ​អាក្រក់​ខ្លាំង​ ​ដែល​បាន​សម្លាប់​មនុស្ស​ ខណៈ​ដែល​ភាព​រាំង​ស្ងួត​បាន​បង្ខំ​មនុស្ស​រាប់​លាន​នាក់​ ឲ្យ​ធ្លាក់​ចូល​ក្នុង​ភាព​ក្រខ្សត់ អត់​ឃ្លាន​និង​គ្មាន​ទីកន្លែង​រស់​នៅ។

លោក​ស្រី Bachelet បាន​បន្ត​ទៀត​ថា ការពិភាក្សា​អាកាសធាតុ COP26 រយៈពេល​១២​ថ្ងៃ​នៅ​ក្នុង​ទីក្រុង Glasgow មាន​គម្រោង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី៣១ ខែ​តុលា ការិយាល័យ​របស់​លោក​ស្រី នឹង​ជំរុញ​ឲ្យ​មាន​ការ​តាំង​ចិត្ត​កាន់តែ​ខ្លាំង​ឡើង៕

XS
SM
MD
LG