ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​និង​ចិន​ប្រឈម​គ្នា​ម្តង​ទៀត​រឿង​ទំហំពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​កម្ពុជា


រូបភាពថត​បញ្ចូល​គ្នា​កាល​ពី​​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៩​នេះ​ បង្ហាញ​​ពី​សារ​ឆ្លើយ​តប​តាម​ហ្វេសប៊ុក​​របស់​ស្ថានទូតចិន​តប​នឹង​សារ​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក។ (Facebook/Chinese Embassy in Cambodia/US Embassy Phnom Penh, Cambodia)
រូបភាពថត​បញ្ចូល​គ្នា​កាល​ពី​​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០១៩​នេះ​ បង្ហាញ​​ពី​សារ​ឆ្លើយ​តប​តាម​ហ្វេសប៊ុក​​របស់​ស្ថានទូតចិន​តប​នឹង​សារ​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក។ (Facebook/Chinese Embassy in Cambodia/US Embassy Phnom Penh, Cambodia)

កាល​ពី​ខែ​មករា ឆ្នាំ​២០១៩ អាមេរិក និង​ចិន បាន​ប្រឈម​ពាក្យ​សម្តី​ដាក់​គ្នា​លើ​ការ​ចោទ​ប្រកាន់​ថា​នៅ​ពីក្រោយ​ខ្មែរ​ក្រហម​និង​រដ្ឋ​ប្រហារ​១៨​មីនា ម្តង​រួច​មក​ហើយ។

សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន បាន​ប្រឈម​ពាក្យ​សម្តី​ដាក់​គ្នា​ម្តង​ទៀត ទៅ​លើ​ការ​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ទាក់ទង​នឹង​គម្លាត​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន និង​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក។

នេះ​ជាលើក​ទី​ពីរ​ហើយ​នៃ​ការ​ប្រឈម​ដាក់​គ្នា ដោយ​ការ​បង្ហោះ​សារ​ឆ្លើយ​ឆ្លង​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក។ កាល​ពី​ខែ​មករា សហរដ្ឋអាមេរិក​ធ្លាប់​បាន​បង្ហោះ​សារ​ម្តង​ហើយ ទាក់​ទង​នឹង​ការ​លើក​ឡើង​ថា​ចិន​គាំទ្រ​របប​ខ្មែរ​ក្រហម ហើយ​ប្រទេស​ចិន​បាន​ឆ្លើយ​តប​វិញ​ថា «ជា​ការ​ពិត​ណាស់ ​រដ្ឋប្រហារ​ដែល​នាំ​ឲ្យ​កម្ពុជា​ធ្លាក់​ក្នុង​ភ្លើង​សង្រ្គាម​រ៉ាំរ៉ៃ​អស់​រយៈ​ពេល​យ៉ាង​យូរ​នោះ​មិន​មាន​ទំនាក់​ទំនង​អ្វី​នឹង​សហរដ្ឋ​អាមេរិក​ទេ ប៉ុន្តែ​មាន​ទាក់ទង​នឹង​“CIA”»។

កាល​ពី​ថ្ងៃ​សុក្រ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន ដោយ​ភ្ជាប់​ជាមួយ​រូប​ភាព​ដែល​បង្ហាញ​អំពី​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន និង​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក។

នៅ​ក្នុង​ការ​បង្ហោះ​នោះ អាមេរិក​ក៏​បាន​សរសេរ​សារ​ថា៖ « ប្រទេស​ចិន​គឺ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​របស់​ប្រទេស​កម្ពុជា​ តែ​ទំនាក់​ទំនង​នេះ​ចំណេញ​ខ្លាំង​ទៅ​ខាង​ប្រទេស​ចិន។ ប្រហែល​៨៧% នៃ​ទំនិញ​ដោះ​ដូរ​គ្នា​គឺ​ជា​ទំនិញ​នាំ​ចូល​មក​ពី​ប្រទេស​ចិន ​ដែល​មិន​ជួយ​ដល់​ការ​ធ្វើ​ឲ្យ​មាន​ការងារ ឬ​ជួយ​ដល់​ឧស្សាហកម្ម​ដូច​ទំនាក់​ទំនង​របស់​ប្រទេស​កម្ពុជា​ជាមួយ​សហរដ្ឋអាមេរិក ​ឬ​សហភាព​អឺរ៉ុប​នោះ​ទេ»។

អាមេរិក​បញ្ជាក់​បន្ថែម​ថា៖ «នេះ​គ្រាន់​តែ​ជា​ផ្លូវ​មួយ​ទៀត​ដែល​ប្រទេស​កម្ពុជា បាន​ងាក​ចេញ​ពី​យុទ្ធសាស្រ្ត​សេដ្ឋកិច្ច​ដែល​មាន​តុល្យភាព ​និង​លក្ខណៈ​ចម្រុះ​ច្រើន ទៅ​រក​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ដែល​មាន​ការ​ពឹង​ផ្អែក​ច្រើន​ទៅ​លើ​ប្រទេស​ចិន​»។

បើ​តាម​រូបភាព​នោះ នៅ​ក្នុង​ឆ្នាំ​២០១៧ កម្ពុជា​បាន​នាំ​ចូល​ផលិត​ផល​ទៅ​ប្រទេស​ចិន ដែល​មាន​តម្លៃ​៧៥៣​លាន​ដុល្លារ​អាមេរិក ហើយ​ចិន​នាំ​ចូល​មក​វិញ​តម្លៃ​ប្រមាណ​៥.២០០​លាន​ដុល្លារ។ ចំណែក​ទំនិញ​កម្ពុជា​នាំ​ចូល​អាមេរិក​មាន​តម្លៃ​ប្រហែល ៣.០៦៦ លានដុល្លារ និង​ទំនិញ​នាំ​ចូល​ពី​អាមេរិក​វិញ មាន​តម្លៃ​ប្រហែល ៤០០លានដុល្លារ ​អាមេរិក។

មួយ​ថ្ងៃ​ក្រោយ​មក ស្ថាន​ទូត​ចិន​ប្រចាំ​នៅ​ភ្នំពេញ បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា អាមេរិក​«កំពុង​តែ​បង្ក​បញ្ហា»។

ស្ថាន​ទូត​ចិន​បានសរសេរ​ថា៖ «មិត្ត​កម្ពុជា​ទាំង​អស់​ ចូរ ប្រុង​ប្រយ័ត្ន! សហរដ្ឋអាមេរិក​កំពុង​តែ​បង្ក​បញ្ហា​ម្តង​ទៀត​ជាមួយ​នឹង​អ្វី​ដែល​គេ​ហៅ​ថា បញ្ហា​ឱនភាព​ពាណិជ្ជកម្ម។ វា​គឺជា​រឿង​ធម្មតា​ទេ ព្រោះ​នៅ​ក្នុង​ពិភព​នៃ​សកល​ភាវូបនីយកម្ម សកម្មភាព​ពាណិជ្ជកម្ម​តែង​តែ​ធ្វើ​ដំណើរ​ហួស​ពី​កម្រិត​ទ្វេភាគី។ នៅ​ក្នុង​ករណី​កម្ពុជា​វិញ ប្រទេស​កម្ពុជា​បាន​នាំ​ចូល​នូវ​វត្ថុធាតុ​ដើម​វាយនភ័ណ្ឌ និង​គ្រឿង​ម៉ាស៊ីន​វាយនភ័ណ្ឌ​យ៉ាង​ច្រើន​ពី​ប្រទេស​ចិន​ សម្រាប់​បម្រើ​វិស័យ​កាត់​ដេរ​ ខណៈ​ដែល​ខ្លួន​បាន​នាំចេញ​ផលិតផល​សម្រេច​ទៅ​កាន់​គ្រប់​ទី​កន្លែង​ទូទាំង​សកល​លោក ក្នុង​នោះ​រួម​មាន​ទាំង​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ផង​ដែរ»។

ស្ថានទូត​ចិន​បាន​បញ្ជាក់​បន្ថែម​ថា ការ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​មាន​ច្រើន ដែល​ជួយ​ដល់​សេដ្ឋកិច្ច​កម្ពុជា។ ស្ថានទូត​ក៏​បាន​លើក​ឡើង​ទៀត​ថា ប្រទេស​ចិន​បាន​ជួយ​កម្ពុជា​ក្នុង​ការ​ស្ថាបនា​ផ្លូវ​ថ្នល់ជា​ច្រើន ហើយ​ក៏​ដូច​ជា​ទំនប់​វារី​អគ្គិសនី​ផង​ដែរ។

ស្ថានទូត​និយាយ​ថា៖ «ក្រៅ​ពី​នេះ ទំនាក់​ទំនង​រវាង​រដ្ឋ និង​រដ្ឋ គឺ​មិន​មែន​ត្រឹម​តែ​ដើម្បី​ពាណិជ្ជកម្ម​នោះ​ឡើយ។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់ គឺ​ប្រទេស​ចិន​បាន​កសាង​ផ្លូវ​ចំនួន​៣១​ខ្សែ និង​ស្ពាន​ចំនួន​ ៨ សម្រាប់​ប្រទេស​កម្ពុជា ដែល​មាន​ប្រវែង​សរុប​ជាង ៣.០០០​គីឡូ​ម៉ែត្រ»។

ស្ថានទូត​ចិន​ក៏​បាន​លើក​ជា​សំណួរ​ថា​តើ​សហរដ្ឋ​អាមេរិក​បាន​ជួយ​អ្វីខ្លះ​ដល់​កម្ពុជា។

ស្ថានទូត​បញ្ជាក់​ថា៖ «ចុះ​តើ​សហរដ្ឋ​អាមេរិក​វិញ​ធ្លាប់​បាន​ជួយ​ធ្វើ​អ្វីខ្លះ​ដល់​កម្ពុជា​សម្រាប់​វិស័យ​មួយ​នេះ? ចិន​បាន​ជួយ​កសាង​ស្ថានីយ​វារី​អគ្គិសនី​ទាំង​អស់​នៅ​កម្ពុជា (ស្មើ​នឹង​ ៨០%​នៃ​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី ដែល​មាន​ដំណើរ​ការ​នៅ​កម្ពុជា)។ ចុះ​តើ​សហរដ្ឋអាមេរិក​បាន​ធ្វើ​អ្វីខ្លះ​ដែរ​»?

មន្ត្រី​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​បដិសេធ​ក្នុង​ការ​អត្ថាធិប្បាយ​បន្ថែម​លើ​បញ្ហា​នេះ។

ការ​បង្ហោះ​សារ​របស់​ស្ថានទូត​អាមេរិក​ធ្វើ​ឡើង​ស្រប​តាម​សុន្ទរកថា​របស់​លោក​ភារធារី Michael Newbill ដែល​លោក​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​៤ ខែមេសា ក្នុង​កិច្ច​ពិភាក្សា​ពី​ឥទ្ធិពល​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក និង ចិន នៅ​ប្រទេស​កម្ពុជាដែល​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ។

លោក Michael Newbill បាន​ថ្លែង​ថា​ ប្រទេស​ចិន​គឺជា​អ្នកលេច​ធ្លោ​ក្នុង​គ្រប់​ផ្នែក​សំខាន់ៗ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ហើយ​ចិន​ក៏​គ្រប​ដណ្ដប់​ច្រើន​លើស​លប់​នៅ​ក្នុង​គ្រប់​វិស័យ។ ក្នុង​ន័យ​នេះ លោក​ក៏​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​មួយ​ចំនួន គឺ​ថា​ប្រទេស​ចិន​បាន​បង្ហាញ​នៅ​ក្នុង​បរិបទ​ផ្សេង​ទៀត​ថា ខ្លួន​នឹង​ប្រើ​កម្លាំង​សេដ្ឋកិច្ច​របស់​ខ្លួន​ ដើម្បី​បង្ខំ​ឲ្យ​ប្រទេស​នានា​ព្រម​ទទួល​«យក​ជា​លក្ខណៈការ​ទូត​ឬ​នយោបាយ លើ​បញ្ហា​ដែល​មាន​សារៈសំខាន់​ចំពោះ​ប្រទេស​ចិន»។

លោក​បន្ថែម​ថា៖ «លើស​ពី​នេះ​ទៀត​ដោយសារ​ក្រុមហ៊ុន​ចិន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​របស់​ខ្លួន កាន់​តែ​មាន​តួនាទី​ធំ​នៅ​ក្នុង​សេដ្ឋកិច្ច អ្នក​មិន​អាច​បែង​ចែក​រវាង​វិស័យ​ឯកជន​និង​រដ្ឋាភិបាល​បាន​ទេ ។ មាន​បញ្ហា​ខាង​ក្រៅ​ដែល​យើង​មើល​ឃើញ​ថា​អវិជ្ជមាន​ជា​ច្រើន ដែល​មើល​ឃើញ​ពី​ការ​វិនិយោគ​របស់​ចិន ដូច​ជា​ការ​ខ្វះ​នូវ​តម្លាភាព ​ឬ​គណនេយ្យភាព ការ​កើន​ឡើង​នៃ​អំពើ​ពុក​រលួយ និង​ការ​នាំចេញ​នូវ​របស់​មិន​ល្អ។ វិនិយោគ​ទុន​ចិន​ត្រូវ​បាន​តម្រង់​ទិស​ដៅ​ដើម្បី​តែ​ប្រយោជន៍​របស់​រដ្ឋាភិបាល​ចិន»។

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​គណៈប្រតិភូ​នៅ​ក្នុងកិច្ចប្រជុំជាមួយលោកប្រធានាធិបតី​ចិន Xi Jinping នៅសណ្ឋាគារ Xijiao នៅទីក្រុងសៀងហៃ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​គណៈប្រតិភូ​នៅ​ក្នុងកិច្ចប្រជុំជាមួយលោកប្រធានាធិបតី​ចិន Xi Jinping នៅសណ្ឋាគារ Xijiao នៅទីក្រុងសៀងហៃ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤។

បើ​តាម​លោក Michael Newbill សហរដ្ឋអាមេរិក​ផ្តល់​ជូន​នូវ​អ្វី​មួយ​ផ្សេង​ពី​នោះ ដែល​លោក​ថា​ជា​អ្វី​ដែល​អាមេរិក​គិត​ថា​មាន​តម្លៃ​ចំពោះ​ប្រទេស​កម្ពុជា​និង​បណ្តា​ប្រទេស​ដទៃ​ទៀត​នៅ​អាស៊ី ។ លោក​បញ្ជាក់​ថា​នេះ​ជា​យុទ្ធសាស្រ្ត​តំបន់​ឥណ្ឌូចិន – ប៉ាស៊ីហ្វិកដែល​លោក​ថា​ដើម្បី​ឈាន​ឆ្ពោះ​ទៅ​រក​តំបន់​ដែល​មាន​សេរីភាព បើក​ចំហ និង​មាន​សុវត្ថិ​ភាព ។

លោក​មាន​ប្រសាសន៍​ថា៖ «ការ​វិនិយោគ​របស់​ចិន​អាច​មាន​អត្ថប្រយោជន៍ ប៉ុន្តែ​កិច្ច​ព្រមព្រៀង​ទាំង​នេះ​ត្រូវ​ការ​ការ​ពិនិត្យ​ពិច័យ​និង​ការ​ត្រួតពិនិត្យ​យ៉ាង​ម៉ត់​ចត់ ដើម្បី​ធានា​ថា​អត្ថប្រយោជន៍​នឹង​ទៅ​ប្រទេស​នោះ មិន​មែន​អ្នក​ស្វែង​រក​ប្រយោជន៍​ទេ។ នេះ​ជា​មធ្យោបាយ​តែ​មួយ​គត់​ដែល​យើង​អាច​ធានា​ថា ប្រទេស​កម្ពុជា​កំពុង​ទទួល​បាន​នូវ​កិច្ច​ព្រម​ព្រៀង​ដ៏​ល្អ​បំផុត​»។

រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក ក្រោយ​មាន​ការ​បង្ហោះ​សារ​របស់​ស្ថានទូត​អាមេរិក​ថា អាមេរិក​កំពុង​តែ​បង្កើត​នូវ«​ដំណឹង​ក្លែង​បន្លំ»។ លោក​បញ្ជាក់​ថា ការ​វិនិយោគ​របស់​ចិន​បាន​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​សេដ្ឋកិច្ច​កម្ពុជា។

លោក​បាន​សរសេរ​ថា៖ «យើង​មាន​តែ​ចង់​កសាង​ទំនាក់ទំនង​ល្អ​ជាមួយ​គ្រប់​ប្រទេស ពិសេស​ជាមួយ​សហ​រដ្ឋអាមេរិក តែ​មនុស្ស​ខ្លះ​ប្រឹង​ដុត​កម្លោច​ទំនាក់ទំនង​នេះ ព្រោះ​តែ​អគតិ​របស់​ខ្លួន​ទៅ​វិញ»។

លោក Paul Chambers ជា​អ្នក​វិភាគ​នយោបាយ​និង​ជា​សាស្រ្តាចារ្យ​នៅ​សាកល​វិទ្យាល័យ Naresuanនៅ​ក្នុង​ប្រទេស​ថៃ មាន​ប្រសាសន៍​ថា សេចក្តី​ថ្លែង​ការណ៍​ឆ្លើយ​ឆ្លង​គ្នា​រវាង​អាមេរិក​និង​ចិន បង្ហាញ​ថា​កម្ពុជាកាន់​តែស្ថិត​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ភូមិ​សាស្ត្រ​នយោបាយ​របស់​ប្រទេស​មហា​អំណាច​ទាំង​ពីរ។

លោក​បាន​ថ្លែង​ប្រាប់​ VOA ​តាម​រយៈ​សារអេឡិចត្រូនិក​ថា៖ «ភាគី​ទាំង​ពីរ​កំពុងតែ​ប្រើប្រាស់ការ​ឃោសនា​ដើម្បី​ឈ្នះ​បេះ​ដូង និង​ទឹក​ចិត្ត​របស់​ប្រជាជន​ខ្មែរ»។

លោក ឈាង វណ្ណារិទ្ធិ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (Asian Vision Institute) មានប្រសាសន៍ថា ការប្រកួតប្រជែងរវាងអាមេរិកនិងចិន នឹងកាន់តែមានភាពតានតឹង ហើយមិនអាចទស្សន៍ទាយបានក្នុងគ្រប់ផ្នែកទាំងអស់ ទាំងសេដ្ឋកិច្ច យោធា និងបច្ចេកវិទ្យា។

លោកបញ្ជាក់ថា៖ «រដ្ឋតូចៗនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺពិតជារងគ្រោះសម្រាប់ការប្រកួតប្រជែងរវាងប្រទេសមហាអំណាច»។ លោកបន្ថែមថា៖ «គ្រោះថ្នាក់ភូមិសាស្ត្រ​នយោបាយដែលកម្ពុជាកំពុងប្រឈម កាន់តែកើនឡើង»។

លោក​បណ្ឌិត ​អ៊ា សុផល​ សាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​ទូត​ ​និង​កិច្ចការ​ពិភពលោក​នៃ​មហា​វិទ្យាល័យ​ Occidental​ រដ្ឋ​កាលីហ្វ័រញ៉ា បាន​ថ្លែង​ថា៖ «ខ្ញុំ​ឃើញ​ថា​ប្រទេស​កម្ពុជា​ជា​ប្រទេស​តូច​មួយ​ដែល​សហរដ្ឋ​អាមេរិក​មិន​អាចយក​មក​ធ្វើកន្លែង​វាយ​ប្រហារ​ប្រឆាំង​នឹង​ចិន​នោះ​ទេ»។ លោក​បន្ថែម​ថា កន្លង​ទៅ រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​តែង​តែ​ប្រើ​ប្រាស់​អាមេរិក ដើម្បី​បាន​ពិន្ទុ​ទៅ​ឲ្យ​ប្រទេស​ចិន។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​មក​ហើយ និងស្និទ្ធិ​យ៉ាង​ខ្លាំង​ជាមួយ​ប្រទេស​ចិន​ បាន​ថ្លែង​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១៨ នៅ​ក្នុង​ពិធី​បើក​ការ​ដ្ឋាន​សាង​សង់​ស្ពាន​ដែល​សង់​ដោយ​ចិន​នៅ​ក្នុង​ស្រុក​ស្ទឹង​ត្រង់ ខេត្ត​កំពង់​ចាម​ថា សហរដ្ឋអាមេរិក​មិន​ដែល​គោរព និង​ឲ្យ​តម្លៃ​រូប​លោក ដូច​មេដឹកនាំ​ចិន​នោះ​ទេ។ ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​លោក​មាន​ការ​លំបាក​ក្នុង​ការ​រាប់​អាន​ជាមួយ​អាមេរិក។

លោក​បាន​ថ្លែង​កាល​នោះ​ថា៖ «អញ្ចឹង​ប្រទេស​ដទៃ​ដែល​ចោទ​ខ្ញុំ​ថា ​ហ៊ុន សែន បាន​ដឹកនាំ​ប្រទេស​ទៅ​កៀក​ចិន​ពេក តើ​អ្នក​បាន​ផ្តល់​អី​ឲ្យ​ខ្ញុំ ក្រៅ​តែ​ពី​ធ្វើ​បាប​ខ្ញុំ។ តែ​ខ្ញុំ​ចង់​ធ្វើ​មិត្ត​ជាមួយ​អ្នក តែ​គ្រាន់​តែ​សុំ​ធ្វើ​មិត្ត​ជាមួយ​អ្នក អី​ក៏​វា​ពិបាក​ម្ល៉េះ»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ជា​ច្រើន​ដង​ថា អាមេរិក​បាន​លូក​ដៃ​ចូលកិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា ដូច​ជា​ការ​រិះគន់​លើ​បញ្ហា​សិទ្ធិ​មនុស្ស ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ជា​គណបក្ស​ដ៏​ធំ​នៅ​កម្ពុជា និង​ការ​បោះ​ឆ្នោត​មួយ​ដែល​ពុំ​មាន​វត្ត​មាន​គណបក្ស​ប្រឆាំង​ដែល​មាន​ឥទ្ធិពល កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៨។

រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ក៏​បាន​ចោទ​អាមេរិក​នៅ​ពី​ក្រោយ​ខ្នង​គណបក្ស​សង្រ្គោះ​ជាតិ ​នៅ​ក្នុង​គម្រោង​មួយ​ដែល​លោក​ ហ៊ុន សែន ហៅ​ថា​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក។ ប៉ុន្តែ​អាមេរិក​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ជា​បន្ត​បន្ទាប់ និង​បាន​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ប្រសិន​បើ​ចង់​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ​ប្រសើរ​រវាង​ប្រទេស​ទាំងពីរ៕

XS
SM
MD
LG