នៅពេលដែលអ្នកសង្កេតការណ៍នយោបាយមួយចំនួនបង្ហាញការបារម្ភថា ការផ្ដល់ជំនួយ និងប្រាក់កម្ចីរបស់ចិនដែលគ្មានលក្ខខណ្ឌយ៉ាងច្រើនសន្ធឹកសន្ធាប់អាចដាក់កម្ពុជាឲ្យស្ថិតក្នុងឥទ្ធិពលរបស់ចិននោះ មេដឹកនាំប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានប្រកាសជាសាធារណៈនៅថ្ងៃសុក្រនេះថា កម្ពុជាមិនអាចនៅស្ថិតក្រោមការត្រួតត្រារបស់ចិនបានឡើយ។
ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់ «មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» ដែលមានតម្លៃ៥០លានដុល្លារសហរដ្ឋអាមេរិក ក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម ហើយដែល មានវត្តមានអគ្គរដ្ឋទូតចិនលោក Wang Wentian ចូលរួមនោះ លោក ហ៊ុន សែន បានលើកឡើងថាលោកមិនបើកផ្លូវឲ្យប្រទេសចិនត្រួតត្រាកម្ពុជាបានជាដាច់ខាត ខណៈដែលប្រទេសចិនក៏គ្មានបំណងត្រួតត្រាប្រទេសណាផ្សេងទៀតនោះ។
«ខ្ញុំបញ្ជាក់មុខអគ្គរដ្ឋទូតចិន បញ្ជាក់ចំពោះមុខសាធារណៈ និងជាសារសម្រាប់ប្រជាជនទូទាំងប្រទេស និងទៅកាន់ពិភពលោក ថាខ្ញុំមិនយល់ព្រមឲ្យចិនត្រួតត្រាទេ ហើយខ្ញុំស្គាល់ច្បាស់នយោបាយរបស់ចិន ក៏មិនចង់ត្រួតត្រាអ្នកណាទាំងអស់ ត្រួតត្រាអ្នកណាទាំងអស់»។
លោក ហ៊ុន សែន ក៏បានបញ្ជាក់ជំហររបស់កម្ពុជាជាថ្មី ក្នុងការបន្តគាំទ្រ នយោបាយចិនតែមួយ ដោយចាត់ទុកកោះតៃវ៉ាន់ថាជាផ្នែកមួយនៃទឹកដីរបស់ប្រទេសចិន។
«តៃវ៉ាន់គ្រាន់តែជាខេត្តមួយរបស់ចិនតែប៉ុណ្ណោះ យើងអនុញ្ញាតឲ្យក្រុមហ៊ុនមកពីតៃវ៉ាន់ មករកស៊ីនៅកម្ពុជា ប៉ុន្តែមិនអាចមានស្ថានទូត ឬក៏ស្ថានតំណាងរបស់តៃវ៉ាន់នៅកម្ពុជាទេ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានស្ថិតនៅក្នុងតំណែងជាងបីទសវត្សរ៍មកនោះ ក៏បានថ្លែងព្រមានរដ្ឋាភិបាលបរទេសជាច្រើន មិនឲ្យលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ហើយកម្ពុជាក៏មិនយកអធិបតេយ្យរបស់ខ្លួនទៅដោះដូរនឹងជំនួយបរទេសណាមួយនោះដែរ។
វោហារសាស្ត្រនយោបាយការពារអធិបតេយ្យភាពជាតិកម្ពុជារបស់លោក ហ៊ុន សែន បានធ្វើឡើងច្រំដែលៗ ក្រោយរដ្ឋាភិបាលរបស់លោកប្ដឹងរំលាយគណបក្សសង្គ្រោះជាតិចោល ដែលជាគណបក្សប្រឆាំងដ៏បំផុត ដោយចោទថា មេដឹកនាំគណបក្សនេះ បានឃុបឃិតជាមួយសហរដ្ឋអាមេរិកប្រព្រឹត្តអំពើក្បត់ជាតិ។
ទាំងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងសហរដ្ឋអាមេរិក បានទាត់ចោលការចោទប្រកាន់នេះ។
បន្ទាប់ពីការរំលាយគណបក្សប្រឆាំងដ៏ធំនេះរួមមកនោះ រដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវគេមើលឃើញថា បានប្រឹងរំកិលខ្លួនទៅកៀកនឹងប្រទេសចិនកាន់តែខ្លាំងឡើង ហើយបានបែរខ្នងដាក់ប្រទេសប្រជាធិបតេយ្យធំៗរួមមានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលបានទាមទារឲ្យកម្ពុជាស្តាការអនុវត្តលទ្ធិប្រជាធិបតេយ្យឡើងវិញ។
ក្នុងដំណើររបស់លោក ហ៊ុន សែន ទៅប្រទេសចិនកាលពីខែមករា ឆ្នាំ២០១៩ រដ្ឋាភិបាលក្រុងប៉េកាំង បានផ្ដល់ជំនួយជិត៦០០លានដុល្លារដល់កម្ពុជា ហើយក៏បានដំឡើងកូតាឲ្យកម្ពុជានាំអង្កររហូតដល់៤សែនតោនចូលទៅប្រទេសចិន។
ការបន្តបង្ហូរជំនួយរបស់ចិនមកឲ្យកម្ពុជានេះ ត្រូវក្រុមអ្នកតាមដាននយោបាយកម្ពុជាមើលឃើញថា កើតមានឡើង រាល់ពេលដែលកម្ពុជាបានចេញមុខការពារគោលជំហររបស់ចិននៅកិច្ចប្រជុំអាស៊ាននានាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
តួយ៉ាងដូចជា នៅក្នុងកិច្ចប្រជុំអាស៊ានក្នុងទីក្រុងភ្នំពេញ កាលពីឆ្នាំ២០១២ ប្រទេសហ្វីលីពីនបានចោទប្រទេសកម្ពុជាថាបានរារាំងមិនឲ្យអាស៊ានចេញសេចក្ដីថ្លែងការណ៍រួមពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង។
លោកបណ្ឌិត មាស នី អ្នកវិភាគស្ថានការណ៍នយោបាយកម្ពុជា ទទួលស្គាល់ថា កម្ពុជានៅពេលនេះ មិនទាន់ស្ថិតក្រោមត្រួតត្រារបស់ចិននោះទេ តែលោកបានចោទសួរថា តើកម្ពុជាមានលទ្ធភាពប៉ុណ្ណាក្នុងការទប់ទល់ឥទ្ធិពលទឹកលុយរបស់ចិន ដែលបណ្ដាក់ទុនក្នុងប្រទេសដោយគ្មានលក្ខខណ្ឌផ្សេងៗ ពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស។
លោកមានប្រសាសន៍ថា៖
«ការវិនិយោគទុនរបស់ចិន ឬការគ្រប់គ្រង ការទំនាក់ទំនងរបស់ចិនផ្នែកខាងសេដ្ឋកិច្ច ទាំងជំនួយអីហ្នឹង ចិនមិនសូវខ្វល់ខ្វាយជាមួយនឹងលក្ខខណ្ឌផ្សេងៗទេ ហើយការមិនមានលក្ខខណ្ឌផ្សេងៗហ្នឹងឯងដែលអាចធ្វើឲ្យទឹកលុយសន្ធឹកសន្ធាប់ហ្នឹង វានឹងក្លាយទៅជាកត្តាមួយដែលជំរុញឲ្យអំពើពុករលួយហ្នឹងកើនឡើងកាន់តែធ្ងន់ធ្ងរថែមទៅទៀត ហើយទន្ទឹមហ្នឹងដែរ ក៏ធ្វើឲ្យប្រទេសមួយហ្នឹងនឹងធ្លាក់ចូលទៅក្នុងក្រោមឥទ្ធិពលរបស់ចិនកាន់តែខ្លាំងទៅខ្លាំងឡើង អ៊ីចឹងទីចុងបំផុត ចង់មិនចង់ក្រែងលោយើងធ្លាក់ចូលទៅក្នុងគន្លងនៃសង្គ្រាមត្រជាក់ ព្រោះឥឡូវនេះ យើងឃើញថាមានការចោទប្រកាន់បណ្ដើរៗពីបស្ចិមប្រទេស ពិសេសគឺសហរដ្ឋអាមេរិក ទៅលើវត្តមានកងទ័ពបរទេសអីហ្នឹងដែរយើង ឃើញថាយើងមិនហ៊ាននិយាយ ឬក៏យើងមិនហ៊ានថា មិនដឹងថាតើអ្វីដែលគេរកឃើញហ្នឹងមានស៊ីជម្រៅប៉ុណ្ណានោះណា៎បាទ។ នេះសុទ្ធតែជារឿងការព្រួយបារម្ភទៅលើឥទ្ធិពលទាំងអស់ហ្នឹង»។
លោក មាស នី អះអាងថា ការពឹងផ្អែករបស់ខ្មែរទៅលើខ្នងលុយរបស់ចិនខ្លាំងពេកនោះ បានកំពុងធ្វើឲ្យប្រទេសដ៏តូចមួយនេះ ធ្វើកើតឡើងជាថ្មីនូវដានចាស់នៃប្រវត្តិសាស្ត្ររបស់ខ្លួន។
អ្នកវិភាគរូបនេះ បន្ថែមថា៖
«ខ្ញុំទទួលឡើងវិញ ខ្ញុំថាទទួលស្គាល់ថាស្អីដែលមានសព្វថ្ងៃនៅក្នុងស្ថិតនៅក្នុងការគ្រប់គ្រងរបស់រដ្ឋាភិបាល ប៉ុន្តែនៅពេលដែលចិននឹងប្រើប្រទេសកម្ពុជាសម្រាប់បម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយនោះ អាហ្នឹងចង់មិនចង់ នៅពេលដែលមានវិបត្តិពិភពលោកកើតឡើង យើងនឹងមិនមានសមត្ថភាពអី ក្នុងការទប់ទល់ ពីឥទ្ធិពលរបស់គេទេបាទ ហើយនិងរងគ្រោះដោយសារតែ ដោយសារតែការប្រណាំងប្រជែងគ្នារវាងមហាអំណាចហ្នឹងឯង ហើយយើងធ្លាប់ជួបក្នុងទសវត្សរ៍ឆ្នាំ៦០ហ្នឹងម្ដងហើយ ចូលទសវត្សរ៍ឆ្នាំ៦០ ឥឡូវនេះ យើងទំនងដូចជាកំពុងតែយកផ្លូវដដែលហ្នឹងមកដើរវិញ។ បាទ អ៊ីចឹងយើងចាំមើលបន្តទៅទៀត»។
អ្នកឃ្លាំមើលកិច្ចការតំបន់អាស៊ីជាច្រើន ក៏បានឲ្យដឹងដែរថាចិនកំពុងប្រើឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីសង្កត់លើប្រទេសតូចៗនានា ដែលកំពុងក្លាយជាអាណានិគមបែបថ្មីក្នុងសតវត្សទី២១នេះ។
រដ្ឋាភិបាលចិន បានបង្កើនប្រាក់កម្ចីបរទេសនិងការវិនិយោគឯកជនដែលគាំទ្រដោយរដ្ឋ នៅទូទាំងតំបន់អាស៊ីក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
រដ្ឋាភិបាលក្រុងប៉េកាំងបានផ្ដោតលើហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តាមរយៈគម្រោងផ្លូវក្រវាត់ពាណិជ្ជកម្មរបស់ចិន (Belt and Road Initiative) និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ឬ Asian Infrastructure Investment Bank ហៅកាត់ថា AIIB ដែលទាញយកគម្រោងពីបណ្ដាស្ថាប័នហិរញ្ញប្បទានពហុភាគីគាំទ្រចម្បងដោយអាមេរិកដូចជា ធនាគារពិភពលោក (World Bank) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
ប្រទេសក្រីក្រជាច្រើនដែលបានបង្កើតចំណងទាក់ទងការទូតរឹងមាំជាមួយប្រទេសចិនបានទទួលប្រាក់កម្ចីចិនយ៉ាងច្រើនសន្ធឹកសន្ធាប់ហើយនៅក្នុងប្រទេសមួយចំនួនដូចជាប្រទេសស្រីលង្កា បំណុលកាន់តែច្រើនឡើងហើយក្រោយមកបានបង្ខំឲ្យរដ្ឋាភិបាលប្រគល់សិទ្ធិកាន់កាប់ទ្រព្យហេដ្ឋារចនាសម្ព័ន្ធ ដូចជាកំពុងផែទៅឲ្យចិន ឬក៏សងបំណុលទាំងនោះ ដោយបើកឲ្យចិនចូលទាញយកធនធានធម្មជាតិផ្សេងៗ៕