ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​បំណុល​បរទេស​នៅ​មាន​ហានិភ័យ​ទាប


 រូបឯកសារ៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​​មាន​មុខងារ​រៀបចំ​អនុវត្ត និង​តាមដាន​ការ​អនុវត្ត​គោល​នយោបាយ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​របស់​រាជរដ្ឋាភិបាល​ ក្នុងរាជធានីភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៨ ខែ សីហា ២០១៥។ (ស៊ូ ពិសែន/ VOA)
រូបឯកសារ៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​​មាន​មុខងារ​រៀបចំ​អនុវត្ត និង​តាមដាន​ការ​អនុវត្ត​គោល​នយោបាយ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​របស់​រាជរដ្ឋាភិបាល​ ក្នុងរាជធានីភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៨ ខែ សីហា ២០១៥។ (ស៊ូ ពិសែន/ VOA)

រដ្ឋាភិបាល​ខ្មែរ​​ការពារ​ការ​ខ្ចី​ប្រាក់​ពី​បរទេស​ថា​​នៅ​មាន​កម្រិត​ទាប​ ហើយ​លើកទឹកចិត្ត​​ស្ថាប័ន​ស្រាវជ្រាវ​ អ្នកវិភាគ​ឯករាជ្យ​ ​សារព័ត៌មាន​ទាំងឡាយ ​ភាគី​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ ឲ្យសិក្សា​ស៊ីជម្រៅ​អំពី​អត្ថន័យ​នៅ​ក្នុង​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​ ជៀស​វាង​បកស្រាយ​ខុស​ពី​ខ្លឹម​សារ​ពិត។

ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ប្រកាស​ច្រាន​ចោល​នូវ​សេចក្ដី​រាយការណ៍​មួយ​ចំនួន​របស់សារព័ត៌មាន​ក្នុង​ស្រុក​ជា​ភាសា​ខ្មែរ​ និង​ភាសា​បរទេស​ ហើយ​ថា​ការ​បកស្រាយ​ទាំង​នោះ​ខុស​អំពី​តួលេខ​បំណុល​សរុប​របស់​ប្រទេស​ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ។​ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​នេះ​ ដែល​បាន​បង្ហោះ​លើ​គេហទំព័រ​របស់​ខ្លួន​នៅ​ថ្ងៃ​ពុធ។

ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​លើក​ឡើងចំណុច​បួន​សំខាន់ៗ​ ដែល​ក្រសួង​បាន​ចាត់​ទុក​ថា​ត្រូវ​បាន​រាយការណ៍​ខុស​ដោយ​ស្ថាប័ន​សារព័ត៌មាន​មួយ​ចំនួន​ ដែល​ថា​ ទី​មួយ​ កម្ពុជា​មាន​បំណុល​បរទេស​ជាង​ ១ម៉ឺនលាន​ដុល្លារ​អាមេរិក​ គិត​ត្រឹម​ឆ្នាំ​២០១៨​ ទី​ពីរ​ ការ​ទូទាត់​សេវា​បំណុល​សរុប​របស់​កម្ពុជា​មាន​ប្រមាណ​ ៨ភាគរយ​ នៃ​បំណុល​ក្រៅ​ប្រទេស​សរុប​ ទីបី​ ការ​ខ្ចី​ឥណ​ទាន​សរុប​ពី​បារាំង​មាន​ចំនួន​ ១.៦០០​ លាន​ដុល្លារ​អាមេរិក​ គិត​ត្រឹម​ឆ្នាំ​ ២០១៨​ និង​ទី​បួន​ ការ​ខ្ចី​ឥណទាន​សរុប​ពី​ជប៉ុន​ មាន​ចំនួន​ ១,៣លាន​ដុល្លារ​អាមេរិក​ គិត​ត្រឹម​ឆ្នាំ​ ២០១៨។

នៅត្រង់​ចំណុច​ទី​មួយ​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ពន្យល់​ថា​ តួលេខ​ជាង​ ១ម៉ឺន​លាន​ដុល្លារ​នោះ​ គឺជា​តួលេខ​នៃ​ការខ្ចី​ឥណទាន​សម្បទាន​ ដែល​រាជរដ្ឋាភិបាល​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ដៃ​គូ​អភិវឌ្ឍន៍​ គិត​ចាប់​ពី​ឆ្នាំ​ ១៩៩៣​ រហូត​មកដល់​ដំណាច់​ឆ្នាំ​ ២០១៨​ ពោល​គឺ​ «ពុំ​មែន​ជា​តួលេខ​សន្និធិ​បំណុល​បរទេស​ ដែល​កម្ពុជា​ជំពាក់​ជាក់​ស្ដែង​គិត​ត្រឹម​ដំណាច់​ឆ្នាំ​ ២០១៨ ​ទេ»។

ក្នុង​ចំណុច​នេះ​ ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ បាន​បញ្ជាក់​ថា​ បើ​គ្រាន់​តែ​ចុះ​កិច្ច​ព្រមព្រៀង​ខ្ចី​ឥណទាន​ពី​ក្រៅ​ប្រទេស​ ពុំ​ទាន់​មានន័យ​ថា​ កម្ពុជា​ជំពាក់​បំណុល​បរទេស​នោះ​ទេ​ គឺ​លុះ​ត្រា​តែ​កម្ពុជាបាន​ដក​សាច់​ប្រាក់​ពី​ដៃ​គូ​យក​មក​ប្រើប្រាស់​ទើប​គិត​ថា​ «ជា​បំណុល​សាធារណៈ​ក្រៅ​ប្រទេស»។

សេចក្ដី​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ជាក់​ស្ដែង​ យើង​ក៏​មាន​ការ​បង្វែរសាច់​ប្រាក់​ដែល​មិនបាន​ប្រើ​ប្រាស់​មួយ​ចំនួន​ និង​សង​ប្រាក់​ដើម​ជា​បណ្តើរៗ​ ទៅ​ដៃ​គូ​វិញ​ហើយ​ដែរ»។

ពាក់ព័ន្ធ​នឹង​សេវាបំណុល​សរុប​របស់​កម្ពុជា​នោះ​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​បញ្ជាក់​ថា​ ប្រសិន​បើ​យក​តួលេខ​នៃ​ការ​ទូទាត់​សេវា​បំណុល​សរុប​ពី​ឆ្នាំ​ ១៩៩៣​ រហូត​មក​ដល់​ដំណាច់​ឆ្នាំ​ ២០១៨​ ដែល​មាន​ចំនួន​ប្រមាណ​ ១.៣០០​ លាន​ដុល្លារ​អាមេរិក​ ទៅ​ធៀប​នឹង​សន្និធិ​បំណុល​សាធារណៈ​ក្រៅ​ប្រទេស​សរុប​ ដែល​មាន​ចំនួន​ប្រមាណ​ ៧.០០០​ លាន​ដុល្លារ​អាមេរិក​ នោះ​ភាគ​រយ​ជាក់​ស្ដែង​ត្រូវ​ស្មើ​នឹង​ ១៩​ភាគរយ​ គឺ​មិនមែន​ ៨​ភាគរយ​ទេ។

ក្នុង​បញ្ហា​បំណុល​ដែល​កម្ពុជា​ជំពាក់​បារាំង​នោះ​ ក្រសួងបាន​ឲ្យដឹង​ថា​ កម្ពុជា​បាន​ខ្ចី​ឥណទាន​សម្បទាន​ពី​បារាំង​ គិត​ត្រឹម​ឆ្នាំ​ ២០១៨ ​នេះ​ មាន​ចំនួន​សរុប​ប្រមាណ​តែ​ ​៣៤០​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​ ពោល​គឺ​ពុំ​មែន​ ១.៦០០​លាន​ដុល្លារ​អាមេរិក​ទេ។​ ​ទាក់ទង​នឹង​បំណុល​កម្ពុជា​ជំពាក់​ជប៉ុន​វិញ​នោះ​ គឺ​កម្ពុជា​បាន​ខ្ចី​ឥណទាន​សម្បទាន​ពី​ជប៉ុន​ គិត​ត្រឹម​ឆ្នាំ​ ២០១៨​ មាន​ចំនួន​សរុប​ប្រមាណ​ ១.៣០០​លាន​ដុល្លារ​អាមេរិក​ ពោល​គឺ​ពុំ​មែន​ ១,៣​លាន​ដុល្លារ​អាមេរិក​ទេ។

ផ្អែក​លើ​កម្រិត​ខ្ចី​ប្រាក់​របស់​កម្ពុជា​ពី​បរទេស​ នៅកម្រិត​ដែល​អាច​គ្រប់​គ្រង​បាន​នេះ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​អះអាង​ថា​ កម្រិត​បំណុល​សាធារណៈ​ក្រៅ​ប្រទេស​ កម្ពុជា​កំពុង​ស្ថិត​នៅ​កម្រិត​ទាប​នៅឡើយ​ បើ​ធៀប​នឹងផលិត​ផល​ក្នុង​ស្រុក​សរុប​ ឬ​ ផ.ស.ស។

សេចក្ដី​ប្រកាស​ដដែល​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ចុះ​ថ្ងៃ​ទី​ ២ ខែ​មេសា​ ឆ្នាំ​ ២០១៩​ បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖

«ជា​រួម ផ្អែក​តាម​ការ​វិភាគ​ចីរភាព​បំណុល​ បង្ហាញ​ថា​ អនុបាត​បំណុល​សាធារណៈ​ក្រៅ​ប្រទេស​ទាំង​ ០៤​ របស់​កម្ពុជា​សម្រាប់​ឆ្នាំ​ ២០១៨​ សុទ្ធតែ​ស្ថិត​នៅ​ក្រោម​អនុបាត​គោល​ទាំងអស់​ ដែល​ក្នុង​នោះ​ អនុបាត​សំខាន់​ជាង​គេ​គឺ​ អនុបាត​តម្លៃ​បច្ចុប្បន្ន​នៃ​បំណុល​សាធារណៈ​ក្រៅ​ប្រទេស​ធៀប​នឹង​ ផ.ស.ស.​ មាន​ត្រឹម​កម្រិត​ ២១,៤​ភាគរយ​ ធៀប​នឹង​គោល ៤០​ភាគរយ [...]​ ដែល​អាច​សន្និដ្ឋាន​បាន​ថា​ ស្ថានភាព​បំណុល​សាធារណៈ​ក្រៅ​ប្រទេស​កម្ពុជា​មាន​ចីរភាព​ និង​ហានិភ័យ​កម្រិត​ទាប»។

ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ អះអាង​ទៀត​ថា​ ​ការ​ខ្ចី​ប្រាក់​ពី​បរទេស​ មិន​អាច​ចេះ​តែ​ធ្វើឡើង​តាម​តែ​អំពើ​ចិត្ត​នោះ​ឡើយ​ ដោយ​រដ្ឋាភិបាល​បាន​គិត​គូរ​យ៉ាង​ល្អិតល្អន់​ នៅ​មុន​ពេល​សម្រេច​បង្កើន​ខ្ទង់​បំណុល។

ក្រសួង​បាន​ឲ្យដឹង​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន​ក្នុង​ន័យ​ដើម​ថា៖

«រាជរដ្ឋាភិបាល​បាន​និង​កំពុង​គ្រប់​គ្រង​បំណុល​សាធារណៈ​ ប្រកបដោយ​ស្មារតី​ប្រយ័ត្ន​ប្រយែងខ្ពស់ និង​តែង​ប្រកាន់​ខ្ជាប់​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​គោលការណ៍​គន្លឹះ​ទាំង​០៤​ រួមមាន​៖ ១ ​ត្រូវ​ខ្ចី​ឥណទាន​ក្នុង​ទំហំ​សមស្រប​ដែល​ស្ថានភាព​ថវិកា​ និង​សេដ្ឋកិច្ច​អាច​ទ្រាំទ្រ​បាន​ ២ ​ត្រូវ​ខ្ចី​តែ​ឥណទាន​ដែល​មាន​កម្រិត​សម្បទាន និង​លក្ខខណ្ឌ​អនុគ្រោះ​ខ្ពស់​ ៣ ត្រូវ​ខ្ចី​សម្រាប់​តែ​វិស័យ​អាទិភាព​ទ្រទ្រង់​ចីរភាព​នៃ​កំណើន​សេដ្ឋកិច្ច និង​វិស័យ​បង្កើន​ផលិតភាព​សេដ្ឋកិច្ច​ ឬ​ផលិត​ភាព​ផលិតកម្ម​ និង​៤​ ត្រូវ​ប្រើប្រាស់​ឥណទាន​ទាំងនោះ​ ប្រកប​ដោយ​តម្លាភាព​ គណនេយ្យ​ភាព​ ប្រសិទ្ធភាព​ និង​ស័ក្ដិសិទ្ធិ​ភាព​ខ្ពស់​បំផុត»។

យ៉ាងណា​ក៏​ដោយ​ នៅ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា​ អនុបាត​តម្លៃ​បច្ចុប្បន្ន​នៃ​បំណុល​សាធារណៈ​ក្រៅ​ប្រទេស​កម្ពុជាធៀប​នឹង​ផ.ស.ស.​ មាន​ត្រឹម​កម្រិត​ ២១,៤​ភាគរយ​នោះ​ ធនាគារ​ពិភពលោក​បាន​ឲ្យដឹង​នៅ​ក្នុង​របាយការណ៍​ចុងក្រោយ​របស់​ខ្លួន​មួយ​ថា​ គិត​មក​ដល់​ដំណាច់​ឆ្នាំ​ ២០១៧​ បំណុល​សាធារណៈ​របស់​កម្ពុជា​ដែល​មិន​ទាន់​សង​ មាន​ចំនួន​ ៦.៦៧0 ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ គឺ​ប្រមាណ​ ៣០.២​ភាគរយ​ នៃ​ផ.ស.ស​ ហើយ​ប្រទេស​ចិន​ជា​ម្ចាស់​បំណុល​ធំ​បំផុត​របស់​កម្ពុជា។

របាយការណ៍​ស្ដីពី​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ច​កម្ពុជា​ចេញ​ផ្សាយ​ជា​សាធារណៈ​ដោយ​ធនាគារ​ពិភពលោកកាលពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៨​ បាន​ឲ្យដឹង​ក្នុង​ន័យ​ដើម​ថា៖​

«ប្រទេស​ចិន​រហូតមកដល់​សព្វថ្ងៃ​នេះ​ គឺ​ជា​អ្នក​ឲ្យ​ខ្ចី​ប្រាក់ធំ​បំផុត ​ដែល​ស្មើនឹង​ជិត​ពាក់​កណ្ដាល​នៃ​បំណុល​មិន​ទាន់​សង​របស់​កម្ពុជា»។

ធនាគារ​ពិភព​លោក​បាន​ឲ្យដឹង​ទៀត​ថា​ បំណុល​ក្រៅ​ប្រទេស​កម្ពុជា​ដែល​ជំពាក់​ចិន​ គឺ​ស្មើ​នឹង​ ៤៨.៤​ភាគរយ​ នៃ​បំណុល​សរុប​មិន​ទាន់​សង​ គិត​មក​ត្រឹម​ពាក់​កណ្ដាល​ដំបូង​នៃ​ឆ្នាំ​ ២០១៨។ អ្នក​ឲ្យ​កម្ពុជា​ខ្ចី​ប្រាក់​លំដាប់​ទី​ពីរ និង​ទី​បី​គឺ​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) និង​ធនាគារ​ពិភពលោក​ (World Bank)​ ដែល​គ្រប់​ដណ្ដប់​ជា​បន្តបន្ទាប់​គ្នាក្នុង​កម្រិត ១៩.៣​ភាគរយ​ និង ​៨.០ភាគរយ​នៃ​បំណុល​សរុបមិន​ទាន់​សង។

​ធនាគារ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​នេះ​ ​ក៏បាន​ឲ្យ​ដឹង​បន្ថែម​ថា​ តាម​ការ​វិភាគ​របស់​ខ្លួន​និង​មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ​ (International Monetary Fund)​ ភាព​អាសន្ន​នៃ​កម្រិត​បំណុល​របស់​កម្ពុជា​ គឺ​នៅ​ទាប​នៅ​ឡើយ។

បើ​គិត​ចាប់​ពី​ឆ្នាំ​ ១៩៩៣​ ដល់​ដំណាច់​ឆ្នាំ​ ២០១៧​ អាជ្ញាធរ​កម្ពុជា​បាន​ចុះ​ហត្ថលេខា​ខ្ចី​ប្រាក់​កម្ចីសម្បទាន​ចំនួន​ ៩.៦០០​ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ជាមួយ​ដៃ​គូ​អភិវឌ្ឍន៍​ ដែល​ ៨៧.៨ភាគរយ​ នៃ​កម្ចី​ទាំងនោះ​ បាន​ទៅ​ដល់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ និង ១២.២ភាគរយ​ ផ្សេង​ទៀត​នៃ​កម្ចី​ទាំង​នោះ​ ​បាន​ទៅដល់​វិស័យ​អាទិភាព​ដទៃទៀត៕

XS
SM
MD
LG