មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានថ្លែងកាលពីថ្ងៃច័ន្ទការពារគោលជំហរនិងនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការទទួលយកអ្នកវិនិយោគទុនចិននិងការអភិវឌ្ឍយ៉ាងគំហុកនៅខេត្តព្រះសីហនុ បើទោះបីជាមានការរិះគន់ពីប្រជាពលរដ្ឋនិងមជ្ឈដ្ឋាននានា។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានរៀបចំឲ្យមានសន្និសីទសារព័ត៌មានមួយនៅទីស្តីការគណៈរដ្ឋមន្រ្តីដែលមានការចូលរួមជាវាគ្មិន គឺលោក រស់ ចន្រ្តាបុត្រ ជាអ្នកប្រវត្តិសាស្រ្ត និងជាអ្នកស្រាវជ្រាវម្នាក់ និងលោក គី សេរីវឌ្ឍន៍ ជាប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិតសភាកម្ពុជា។
លោក ផៃ ស៊ីផាន បានថ្លែងថា លោកបានចុះទៅខេត្តព្រះសីហនុដោយផ្ទាល់ ហើយបានឃើញការរីកចម្រើនសំណង់អគារនៅទីនោះដែលលោកបានប្រៀបប្រដូចទៅនឹងទីក្រុងកាស៊ីណូ Las Vegas របស់សហរដ្ឋអាមេរិក។
លោកបានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖ «ខ្ញុំខានទៅ៨ខែ ស្រាប់ទៅដល់ ខ្ញុំវង្វេង ពីព្រោះអគារហ្នឹង វាកែច្នៃទិដ្ឋភាពនៃការចងចាំ។ យើងហ្នឹង វង្វេងអស់។ បើតាមបទពិសោធន៍ខ្ញុំ នៅពេលយប់ ដែលខ្ញុំបើកទៅតាមវិថីទាំងអស់នោះ យើងឃើញហាក់ដូចជាទិដ្ឋភាពនៃ Las Vegas នេះឯង»។
លោកបានហៅទីក្រុងព្រះសីហនុ ជាទីក្រុងអច្ឆរិយៈមួយនាពេលនេះ។ លោកបន្ថែមថា មិនយូរប៉ុន្មាន ទីក្រុងមួយនេះ នឹងក្លាយជាទីក្រុងសាំងហ្គាពួរ។
លោកបញ្ជាក់ថា៖ «ដូច្នេះកំពង់សោមជាទីក្រុងនៃការអភិវឌ្ឍ ហើយជាទិសដៅនៃទីក្រុងទំនើប។ ខ្ញុំហៅថាជាទីក្រុងអច្ឆរិយៈ Miracle City ដែលយើងត្រូវមានមោទនភាពក្នុងនាមជាខ្មែរ»។
លោកក៏បានបន្ថែមថា ចិននឹងនាំបច្ចេកវិទ្យាទំនើបៗ ចូលខេត្តមួយនេះផងដែរ ដែលលោកថានឹងក្លាយជា Silicon Valleyដូចនៅសហរដ្ឋអាមេរិកនៅពេលណាមួយ។
លោកមានប្រសាសន៍ថា៖ «ដូច្នេះខ្ញុំមិនគិតដល់ថា កំពង់សោមជា Silicon Valleyនៅកាលីហ្វ័រញ៉ា ដែលជាមជ្ឈមណ្ឌល IT(បច្ចេកវិទ្យាព័ត៌មាន) នោះទេ ក៏ប៉ុន្តែខ្ញុំជឿប្រហែលជាអញ្ចឹងដែរ»។
មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលរូបនោះបានឲ្យដឹងទៀតថា ការចូលមកយ៉ាងគំហុករបស់ជនជាតិចិននៅក្នុងខេត្តមួយនេះ គឺដោយសារកម្ពុជាមានសន្តិភាព និងស្ថិរភាពនយោបាយ។
លោកបានថ្លែងបន្តថា៖ «បើសិនជាគេមិនជឿថាមានសន្តិភាព បើគេមិនជឿថាមានស្ថិរភាពនយោបាយ គេអត់យកលុយរាប់កោដិយកមកដាក់នោះទេ»។
លោក ផៃ ស៊ីផាន បញ្ជាក់ថា៖ «ហេតុដូចម្តេចយើងទទួលលុយពីគេយកមកចាយ ហេតុម្តេចអ្នកដែលផ្តល់លុយឲ្យយើង គេជាមនុស្សអាក្រក់។ អានេះសួរបញ្រ្ចាសទៅវិញ ម៉េចក៏ភ័យម្ល៉េះ»។
លោកបន្ថែមថា ទីក្រុងព្រះសីហនុ នឹងក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយ នាពេលខាងមុខ។
ទាក់ទងនឹងការអនុញ្ញាតឲ្យមានកាស៊ីណូច្រើននៅក្នុងខេត្តមួយនេះ លោក ផៃ ស៊ីផាន មានប្រសាសន៍ថា កម្ពុជាអាចរកចំណូលបានច្រើនពីវិស័យមួយនេះ តែលោកមិនបានបញ្ជាក់ចំនួនប៉ុន្មាននោះទេ។
លោកក៏បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន VOA ទាក់ទងនឹងប្រជាពលរដ្ឋខ្មែរមួយចំនួនបានចូលលេងល្បែងនៅក្នុងកាស៊ីណូទាំងនោះថា៖ «ខ្ញុំអត់បានចូលទៅក្នុងហ្នឹងទេ។ ក៏ប៉ុន្តែកន្លែងហ្នឹង គេធ្វើ មិនមែនសម្រាប់ខ្មែរ ខ្មែរអត់មានលុយទៅលេងហ្នឹងទេ។ មានតិចតួចទេ។ យើងមិនសួរ ចុះនៅសាំងហ្គាពួរ។ បើហាមខ្មែរមិនឲ្យលេងនៅនេះ គេទៅលេងនៅសាំងហ្គាពួរ នោះយ៉ាងណា យើងបាត់ពន្ធទេ។ ហើយមនុស្សទៅសាំងហ្គាពួរ។ គ្មានអ្នកណាមួយទៅសាំងហ្គាពួរ មិនបានចូល ឬជាន់នៅក្នុងកាស៊ីណូសាំងហ្គាពួរទេ។ អានេះយើងគិតពិចារណា។ មិនមែនបង្វឹកឲ្យខ្មែរជាអ្នកលេងល្បែងទេ។ ប៉ុន្តែវាជាឧស្សាហកម្មកម្សាន្ត អាហ្នឹងចឹង»។
ទោះជាយ៉ាងណា លោក ផៃ ស៊ីផាន បានទទួលស្គាល់ថា ការអភិវឌ្ឍនៅក្នុងខេត្តមាត់សមុទ្រនេះ លឿនពេក ដែលពិបាកនឹងតាមឲ្យទាន់។ លោកក៏បានស្នើឲ្យអាជ្ញាធរខេត្ត អនុវត្តច្បាប់កម្ពុជាដែលមាន ដាក់ទង់ជាតិខ្មែរឲ្យបានច្រើននៅទីនោះ និងរៀបចំអ្វីដែលជារបស់ខ្មែរឲ្យបានច្រើន ដើម្បីកុំឲ្យមានការយល់ច្រឡំ។
លោក ផៃ ស៊ីផាន បានបដិសេធចំពោះការចោទប្រកាន់នានាដែលថា ប្រទេសចិនកំពុងយកតំបន់មួយនេះជាភូមិសាស្រ្តនយោបាយ។
លោកបានថ្លែងថា៖ «ដូច្នេះអ្នកដែលវាយតម្លៃ ដោយលាបពណ៌មកលើខេត្តកោះកុង ថ្មីៗនេះ ក៏ដូចជាកំពង់សោម ឬក្រុងព្រះសីហនុហ្នឹង គឺជាទិសដៅនៃភូមិសាស្រ្តនយោបាយ គឺ មិនមែនអញ្ចឹងទេ។ អ្នកនោះមើលច្រឡំ ឬក៏មានការគិតមួយច្រណែននិន្ទា»។
លោក ផៃ ស៊ីផាន បានបញ្ជាក់ថា កម្ពុជាត្រូវការមិត្តទាំងពីរ គឺចិន និងសហរដ្ឋអាមេរិក ហើយមិនចង់ឲ្យប្រទេសទាំងពីរឈ្លោះគ្នានោះទេ។
លោក ផៃ ស៊ីផាន បញ្ជាក់ថា កម្ពុជានឹងមិនអនុញ្ញាតឲ្យមានការលាងលុយកខ្វក់នៅក្នុងខេត្តនេះ ខណៈមានការរិះគន់មួយចំនួន។
លោកបញ្ជាក់ថា៖ «កម្ពុជាមានយន្តការនៃការទប់ស្កាត់ការលាងលុយ។ យើងមានគោលការណ៍ក្នុងការទប់ស្កាត់លាងលុយ។ យើងមានកិច្ចសហការជិតស្និទ្ធិជាមួយអន្តរជាតិក្នុងវិស័យធនាគារហ្នឹង ដើម្បីប្រឆាំងនឹងការលាងលុយ»។
លោក គី សេរីវឌ្ឍន៍ មានប្រសាសន៍ថា ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនមានការកើនឡើងជាមធ្យម២៧ភាគរយក្នុងមួយឆ្នាំ ចំណែកការនាំចូលពីប្រទេសចិនមកកម្ពុជា មានតែ១៦ភាគរយតែប៉ុណ្ណោះ។
លោកចាត់ទុកថា នេះជារឿងល្អមួយសម្រាប់ប្រទេសកម្ពុជា។ លោកបានថ្លែងថា៖ «អញ្ចឹងមានន័យថា យើងធ្វើទំនាក់ទំនងជាមួយចិន យើងចំណេញ ព្រោះយើងនាំចូលបានកើនលើសមុន កើនបាន២៧ភាគរយ ជាមធ្យមប្រចាំឆ្នាំ ហើយនាំចូលវិញ កើនតែ១៦ភាគរយ ប្រចាំឆ្នាំ។ អញ្ចឹងក្នុងន័យនេះ បើផ្អែកលើទិន្នន័យ កម្ពុជាមានទំនាក់ទំនងជាមួយចិន បានចំណេញជាងមុន»។
លោកបញ្ជាក់បន្ថែមថា៖ «យើងមើលអំពីកម្រិតនៃសេដ្ឋកិច្ចរបស់ចិននិងកម្ពុជាខុសគ្នា។ចំណូលប្រជាជនចិន៨ពាន់ដុល្លារក្នុងមួយឆ្នាំ។ ប្រជាជនខ្មែរ១៥០០ដុល្លារក្នុងមួយឆ្នាំ។ អញ្ចឹងបែបផែនផលិតកម្មខុសគ្នា។ ដូច្នេះផលិតកម្មដែលខុសគ្នា អាចធ្វើជាមួយគ្នាបាន»។
លោក រស់ ចន្រ្តាបុត្រ ជាអ្នកប្រវត្តិសាស្រ្ត បានសរសើរប្រទេសចិនថា បានមកវិនិយោគនៅកម្ពុជាក្នុងផ្នែកដែលមានរយៈពេលច្រើនឆ្នាំ ដែលលោកថាមិនមានប្រទេសណាធ្វើបាននោះទេ។ លោកបន្ថែមថាប្រទេសចិនក៏មិនបានលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយដែរ។
លោកបញ្ជាក់ថា៖ «អ្វីទៅដែលជានយោបាយរបស់ចិន? គឺនយោបាយរបស់ចិន គឺគេឈរលើគោលជំហរមួយ អត់លូកដៃចូលកិច្ចការប្រទេសជាតិនីមួយៗទេ។ ដូច្នេះរឿងបញ្ហាប្រទេសនីមួយៗ ជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសនីមួយៗ»។
លោកផៃ ស៊ីផាន បានអំពាវនាវឲ្យអ្នកសារព័ត៌មានជួយផ្សព្វផ្សាយល្អៗពីខេត្តព្រះសីហនុ សម្រាប់ប្រយោជន៍របស់កម្ពុជា៕