ជិតម៉ោងបាយថ្ងៃត្រង់ កម្មករសំណង់ជនជាតិខ្មែររាប់សិបនាក់នៅក្នុងក្រុមហ៊ុនចិនឈ្មោះថា Union Development Group (UDG) ក្នុងខេត្តកោះកុង កំពុងញាប់ដៃញាប់ជើង ដើម្បីបញ្ចប់ការងាររបស់ពួកគេ ហើយហូបបាយថ្ងៃត្រង់។ កម្មករទាំងនេះកំពុងតែសាងសង់ព្រលានយន្តហោះដ៏ធំមួយនៅក្បែរសមុទ្រ ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំក្រោយ។
កម្មករម្នាក់ លោក វួច វី អាយុ២១ឆ្នាំ ដែលធ្វើការនៅព្រលានយន្តហោះនេះប្រមាណ៦ខែមកហើយបានថ្លែងថា ការសាងសង់ព្រលានយន្តហោះនេះសម្រេចបានជាង៦០ភាគរយហើយ។ ប៉ុន្តែលោកមិនដឹងថានឹងបញ្ចប់នៅឆ្នាំណានោះទេ។
លោក វី មកពីខេត្តកំពង់ចាម ហើយធ្វើការនៅទីនេះទទួលបានប្រាក់ខែចំនួន១លានរៀល ដោយមានការផ្តល់កន្លែងស្នាក់នៅស្រាប់និងការរ៉ាប់រងអាហារបានថ្លែងថា នៅទីនេះមានគម្រោងច្រើនទៀត ក្រៅពីព្រលានយន្តហោះ។ លោកគិតថា ថ្ងៃក្រោយ តំបន់នេះនឹងក្លាយជាកន្លែងដែលសំបូរទៅដោយជនជាតិចិន។
លោកបានថ្លែងប្រាប់VOAថា៖
«គេសាងសង់ច្រើន។ ធ្វើព្រលានផង ធ្វើខុនដូ សណ្ឋាគារ ច្រើនណាស់»។ ធ្វើកន្លែងហ្នឹងធំមួយហើយ អញ្ចឹងតែប៉ុណ្ណឹងហើយសំបូរចិន»។
បើតាមលោក វី ប្រធានគ្រប់គ្រងរបស់លោក គឺជាជនជាតិ ដែលចេះនិយាយខ្មែរតិចតួច។
ព្រលានយន្តហោះដែលមានផ្លូវយន្តហោះចុះប្រវែង៣២០០ម៉ែត្រ និងទទឹង៦០ម៉ែត្រ ដែលវែងជាងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គ្រោងនឹងបញ្ចប់នៅចុងខែឧសភា ឆ្នាំ២០២០ខាងមុខនេះ។ ការស្ថាបនាព្រលានយន្តហោះដ៏ធំនេះ បានចាប់ផ្តើមកាលពីចុងឆ្នាំ២០១៨។
បើតាមផ្ទាំងព័ត៌មានស្តីអំពីព្រលានយន្តហោះនេះ គម្រោងនៃការវិនិយោគ មានតម្លៃប្រហែល២០០លានដុល្លារអាមេរិក។ ព្រលានយន្តហោះមួយនេះ អាចអនុញ្ញាតឲ្យយន្តហោះធំៗរួមមានប្រភេទ Boeing777 Boeing787 និង Airbus A340-600 ចុះចតបាន។ ព្រលានយន្តហោះនេះ នឹងមានជើងយន្តហោះហើរត្រង់ទៅកាន់អឺរ៉ុបនិងសហរដ្ឋអាមេរិកផងដែរ។ ក្រុមហ៊ុនចិនបានព្យាករថា នៅឆ្នាំ២០៣០ អ្នកដំណើរឆ្លងកាត់តំបន់នេះ មានចំនួន៧៥ម៉ឺននាក់ ហើយការដឹកទំនិញប្រចាំឆ្នាំមានចំនួន៩លានតោន។ ចំណែកក្នុងឆ្នាំ២០៥០ អ្នកដំណើរឆ្លងកាត់ មានចំនួន៤៤លាននាក់ ហើយការដឹកជញ្ជូនប្រចាំឆ្នាំមានចំនួន៣៦លានតោន។
ក្រុមហ៊ុនUDG បានទទួលដីសម្បទានពីរដ្ឋាភិបាលកម្ពុជាចំនួន៤៥០០០ហិកតាក្នុងស្រុកចំនួនពីរក្នុងខេត្តកោះកុងគឺស្រុកបុទុមសាគរនិងគីរីសាគរ តាំងពីឆ្នាំ២០០៨ ដើម្បីអភិវឌ្ឍតំបន់មួយនេះ ទៅជាកន្លែងទេសចរដ៏ធំមួយឈ្មោះថា«តារាសាគរ»។ គម្រោងធំៗមានកាស៊ីណូ សណ្ឋាគារ កន្លែងវាយកូនហ្គោល តំបន់កម្សាន្តនៅឆ្នេរ ព្រលានយន្តហោះនិងកំពង់ផែសមុទ្រទឹកជ្រៅជាដើម។ គម្រោងដ៏ធំដែលមានតម្លៃ៣៨០០លានដុល្លារអាមេរិកនេះ ក៏បញ្ចូលដែនសមុទ្រខ្មែរចំនួន២០ភាគរយផងដែរ។
កន្លងទៅ សហរដ្ឋអាមេរិកបានបង្ហាញការព្រួយបារម្ភថា តំបន់មួយនេះនឹងក្លាយជាមូលដ្ឋានទ័ពបរទេស។ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់កម្ពុជា លោក ទៀ បាញ់ បានប្រាប់VOAកាលពីចុងខែមីនាថា កម្ពុជាមិនឲ្យមានមូលដ្ឋានទ័ពបរទេសនៅក្នុងទឹកដីរបស់ខ្លួនទេ ហើយថាគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Union គឺក្នុងគោលបំណងទេសចរណ៍តែប៉ុណ្ណោះ។
លោក ទៀ បាញ់ បានថ្លែងប្រាប់VOAនៅពេលលោកចូលរួមកិច្ចប្រជុំនៅទីក្រុងញូវយ៉កថា៖
«ដូច្នេះរឿងនេះច្រើននាក់បានលើកឡើងហាក់ដូចជាមើលបញ្ហាហ្នឹងទៅជារឿងផ្សេង។ ខ្ញុំក៏មិនអាចទៅបរិយាយបានដែរថា ធ្វើព្រលានយន្តហោះធំរបៀបហ្នឹង គេអាចចុះបានគ្រប់ប្រភេទយន្តហោះអាចចុះបាន។ នេះជារឿងរបស់ព្រលាន។ ដូច្នេះការចាត់ទុកថាអាចមាននាវា ឬក៏មានយន្តហោះរបស់ចិនចុះចតអីហ្នឹង រឿងហ្នឹងគឺសមត្ថភាពអធិបតេយ្យរបស់ប្រទេសនីមួយគេក៏មានកម្រិតដែរ»។
ចំណែកតំណាងក្រុមហ៊ុន UDG ក៏បានច្រានចោលការចោទប្រកាន់នេះផងដែរ។នេះបើយោងតាមលោកWang Chao អនុប្រធានក្រុមហ៊ុនUDG ដែលបានប្រាប់កាសែតក្នុងស្រុកឈ្មោះ Khmer Times កាលចុងឆ្នាំ២០១៨។
លោកត្រូវបានដកស្រង់សម្តីកាលនោះថា៖
«វាមិនពិតទេ វាមិនពិតទេ។ ខ្ញុំគិតថានាយករដ្ឋមន្រ្តីបានលើកឡើងអ្វីជាការពិតរួចមកហើយ។ យើងធ្វើពាណិជ្ជកម្ម។ យើងមិនពាក់ព័ន្ធនឹងរឿងយោធាឡើយ»។
នៅពេលខាងមុខនេះ ក៏នឹងមានការស្ថាបនាផែពាណិជ្ជកម្មចំនួន២ទៀត បន្ថែមលើផែទេសចរណ៍ដែលមាននៅទីនោះ។ នេះបើយោងតាមលោក Wang Chao។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ជា អូន មានប្រសាសន៍ថា ព្រលានយន្តហោះក្នុងក្រុមហ៊ុនចិននេះនឹងអាចទទួលយន្តហោះដែលហោះក្នុងចម្ងាយឆ្ងាយនៅពេលខាងមុខ។
លោកបញ្ជាក់ថា៖
«ខ្ញុំគិតថាក្នុងរយៈពេល៥ទៅ១០ឆ្នាំទៀត ដោយសារវាទើបតែចាប់ផ្តើម»។
ស្របពេលមានព័ត៌មានស្តីអំពីការស្ថាបនាផែទឹកជ្រៅនេះ អ្នកភូមិមួយចំនួនក្នុងភូមិចម្លងគោ ឃុំថ្មស ស្រុកបុទុមសាគរ បានបង្ហាញការព្រួយបារម្ភនឹងការផ្លាស់ប្តូរទីលំនៅរបស់ពួកគេនៅថ្ងៃខាងមុខ។
រស់នៅក្នុងភូមិចម្លងគោ លោក ហួត ហាក់ អាយុ៣៧ឆ្នាំ មានប្រសាសន៍ថា លោកពឹងផ្អែកលើការនេសាទក្នុងទឹកសមុទ្រនៅទីនេះជាច្រើនឆ្នាំមកហើយ ក្នុងនោះមានការនេសាទត្រី ក្តាម និងបង្គាជាដើម។
ប៉ុន្តែលោក ហាក់ ដែលមានកូន២នាក់ កូនស្រីអាយុ៥ឆ្នាំ និងកូនប្រុស អាយុ៣ឆ្នាំ កំពុងបារម្ភការឲ្យរុះរើផ្ទះ និងចេញពីធ្លីនៅពេលខាងមុខ ដោយសារការចង់បានតំបន់នេះមកធ្វើផែទឹកជ្រៅ។
លោក ហាក់ បញ្ជាក់ថា៖
«តែឥឡូវហ្នឹង គេថាចង់ធ្វើកំពង់ កំពង់អីមែនទែនហើយ។ ហើយចង់ដោះដូរអីជាមួយប្រជាពលរដ្ឋ។ ក៏ប៉ុន្តែវាអត់ឃើញតំណាងអីដែលគួរមកដោះស្រាយ ហើយនិយាយវាក៏អត់មានអ្នកណាមកជាមុខសញ្ញា ហើយអាជ្ញាធរគាត់និយាយថា គាត់អត់ហ៊ានទេ»។
លោកបានឲ្យដឹងថា កន្លងទៅ ជនជាតិចិន ជាមួយក្រុមការងាររបស់ខ្មែរ ក៏បានមកចុះសិក្សានៅទីនេះ ហើយបានមកមើលអតីតកំពង់ផែជប៉ុនចាស់ដែលមានមូលដ្ឋាននៅទីនេះផងដែរ។
លោកបញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាចង់បានតំបន់ដែលលោកកំពុងរស់នៅ លោកមិនមានការតវ៉ានោះទេ។
លោកមានប្រសាសន៍ថា៖
«តែខ្ញុំគិតថា ប្រសិនបើរដ្ឋាភិបាលចង់បាន ខ្ញុំអត់ស្តាយទេ។ ប៉ុន្តែប្រសិនបើតំណាងរបស់ក្រុមហ៊ុន អាហ្នឹងត្រូវតែសម្រួល ឬក៏ដោះស្រាយ ដោយរបៀបណាមួយ មុននឹងដើរចេញ កុំឲ្យមានវិបត្តិផ្លូវចិត្តអីមួយ។ ខ្ញុំចង់បានតែប៉ុណ្ណឹងទេ»។
នៅកន្លែងលោក ហាក់ កំពុងរស់នៅ គេអាចមើលឃើញព្រលានយន្តហោះដែលកំពុងត្រូវបានសាងសង់។
ជាមួយការអភិវឌ្ឍដ៏ច្រើននៅតំបន់នេះ លោក ហួត ហាក់ ដែលបានរស់នៅតំបន់នេះជាច្រើនឆ្នាំមកហើយ បានថ្លែងថា លោកពេញចិត្តនឹងការអភិវឌ្ឍ តែធ្វើយ៉ាងម៉េច កុំឲ្យប៉ះពាល់ប្រជាពលរដ្ឋនៅទីនេះ។
លោកបានបញ្ជាក់ថា៖
«សប្បាយចិត្តលុះតែឲ្យប្រជាពលរដ្ឋនៅសុខស្រួលដែរ។ តែបើសិនជាធ្វើបាបប្រជាពលរដ្ឋ ក៏ខ្ញុំអត់សប្បាយចិត្តដែរ។ ក្រុមហ៊ុនចូលមក លុះត្រាតែកុំឲ្យមានបញ្ហាអីជាមួយប្រជាពលរដ្ឋ»។
រហូតមកដល់ពេលនេះ ចំនួនអ្នកទេសចរចិនមកកម្ពុជាស្ថិតក្នុងលំដាប់លេខ១ គឺមានទៅដល់ជិត២លាននាក់ក្នុងឆ្នាំ២០១៨។ កម្ពុជារំពឹងថានឹងទទួលបានអ្នកទេសចរចិនចំនួន៣លាននាក់ក្នុងឆ្នាំ២០២០ ចំនួន៥លាននាក់ក្នុងឆ្នាំ២០២៥ និង៨លាននាក់ក្នុងឆ្នាំ២០៣០។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ឃុន។
នៅក្នុងខេត្តព្រះសីហនុ អ្នករកស៊ីជនជាតិចិនក៏បានចូលមកយ៉ាងគំហុកផងដែរ ដែលនាំឲ្យការរីកដុះដាលនៃចំនួនសំណង់នៅក្នុងខេត្តមួយនេះ ដូចជាកាស៊ីណូរាប់រយ សណ្ឋាគារ និងហាងចិនផ្សេងៗ។ ចំណែកនៅក្រុងខេមរភូមិន្ទ នៃខេត្តកោះកុង ក៏មានកំណើនជនជាតិផងដែរ ជាពិសេសនៅតំបន់ព្រំដែនជាប់នឹងប្រទេសថៃ។ ខេត្តមួយនេះ ក៏ត្រូវបានមើលឃើញថានឹងមានជនជាតិចិនមកច្រើនដូចខេត្តព្រះសីហនុផងដែរ៕