ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិកវាយរុញច្រានការវាយប្រហាររបស់ក្រុមហ៊ូធីលើកប៉ាល់ពាណិជ្ជកម្មនៅសមុទ្រក្រហម


រូបឯកសារ៖ កាណុងបាញ់​គ្រាប់​កាំភ្លើងប្រភេទ Phalanx CIWS ត្រូវបាន​បំពាក់​លើ​នាវាពិឃាត USS Gravely កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។
រូបឯកសារ៖ កាណុងបាញ់​គ្រាប់​កាំភ្លើងប្រភេទ Phalanx CIWS ត្រូវបាន​បំពាក់​លើ​នាវាពិឃាត USS Gravely កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

ឧទ្ធម្ភាគចក្រ​កងទ័ព​ជើងទឹក​អាមេរិក​បាន​បាញ់​ពន្លិច​នាវា​តូចៗ ៣ គ្រឿង​ក្នុង​ចំណោម ៤ គ្រឿង​ ដែល​ក្រុម​ឧទ្ទាម​ហ៊ូធី (Houthi) នៃ​ប្រទេស​យេមែន ​បាន​ប្រើ​ដើម្បី​វាយ​ប្រហារ​លើ​កប៉ាល់​ពាណិជ្ជកម្ម​មួយ​គ្រឿង​នៅ​សមុទ្រ​ក្រហម​កាលពី​ថ្ងៃ​អាទិត្យ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​បញ្ជាការដ្ឋាន​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​តំបន់​មជ្ឈិម​បូព៌ា​និង​អាស៊ី​កណ្ដាល (CENTCOM) នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ X។

ឧទ្ធម្ភាគចក្រ​មកពី​នាវា​ដឹក​យន្តហោះ​ចម្បាំង USS Eisenhower និង​នាវា​ពិឃាត USS Gravely របស់​សហរដ្ឋ​អាមេរិក ដែល​បាន​ឆ្លើយតប​ចំពោះ​ការ​ដង្ហោយ​រក​ជំនួយ​ពី​នាវា Maersk Hangzhou បាន​បាញ់​តបត​ទៅ​វិញ​លើ​នាវា​របស់​ក្រុម​ហ៊ូធី​និង​បាន​ធ្វើ​ឱ្យ​នាវា៣ គ្រឿង​ក្នុង​ចំណោម​នោះ​លិច។ គេ​មិន​ឃើញ​មាន​អ្នក​នៅ​រស់​ពី​នាវា​ដែល​លិច​ទាំង៣គ្រឿង​នេះ​ទេ ហើយ​នាវា​មួយ​គ្រឿង​ទៀត​បាន​បើក​គេច​ខ្លួន​ពី​តំបន់​នោះ។

នេះ​គឺ​ជា​លើក​ទី​ពីរ​នៅ​ក្នុង​រយៈពេល​តិច​ជាង ២៤ ម៉ោង​ដែល​ក្រុម​ហ៊ូធី​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​បាន​វាយ​ប្រហារ​លើ​កប៉ាល់​ដឹក​កុងតឺន័រ Maersk Hangzhou ដែល​មាន​ដាក់​ទង់ជាតិ​សិង្ហបុរី។

កាលពី​ថ្ងៃ​អាទិត្យ យោធា​សហរដ្ឋ​អាមេរិក​បាន​បាញ់​ទម្លាក់​គ្រប់ផ្លោង​មីស៊ីល​បាញ់​នាវា ២ គ្រាប់​ដែល​ក្រុម​ឧទ្ទាម​ហ៊ូធី​បាន​សំដៅ​វាយ​ប្រហារ​លើ​កប៉ាល់​ដឹក​កុងតឺន័រ​នេះ​នៅ​សមុទ្រ​ក្រហម។

បញ្ជាការដ្ឋាន​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​តំបន់​មជ្ឈិម​បូព៌ា​និង​អាស៊ី​កណ្ដាល​បាន​បញ្ជាក់​ថា៖ «នេះ​គឺ​ជា​ការ​វាយប្រហារ​ខុសច្បាប់​លើក​ទី ២៣ របស់​ក្រុម​ហ៊ូធី​លើ​ការ​ដឹក​ជញ្ជូន​អន្តរជាតិ​តាម​ផ្លូវ​សមុទ្រ​តាំងពី​ថ្ងៃ​ទី១៩ ខែ​វិច្ឆិកា​ឆ្នាំ​មុន​មក»។

ការ​វាយប្រហារ​កើនឡើង​នៅ​សមុទ្រ​ក្រហម​នេះ​បាន​បង្ក​ឱ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​ជា​ច្រើន​បង្វែរ​ផ្លូវ​ធ្វើ​ដំណើរ​របស់​កប៉ាល់​របស់​ខ្លួន​កាលពី​ដើម​ខែ​ធ្នូ​កន្លង​ទៅ​នេះ ដោយ​បញ្ចៀស​សមុទ្រ​ក្រហម​រហូត​ទាល់តែ​មាន​ការ​ជូន​ដំណឹង​បន្ថែម។

ការ​វាយប្រហារ​របស់​ក្រុម​ឧទ្ទាម​ហ៊ូធី​នេះ ដែល​ជា​ការ​បង្ហាញ​ការ​គាំទ្រ​លើ​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់ (Hamas) ដែល​កំពុង​ប្រយុទ្ធ​ជាមួយ​អ៊ីស្រាអែល​នៅ​ក្នុង​តំបន់​ហ្កាហ្សា បាន​សំដៅ​លើ​ផ្លូវ​ដឹកជញ្ជូន​ទំនិញ​ជាពិសេស​ប្រេង​ឥន្ធនៈ​ពី​ទិស​ខាង​កើត​ទៅ​ទិស​ខាង​លិច។ ការ​ដឹកជញ្ជូន​ទំនិញ​នេះ​បាន​ប្រើ​ព្រែកជីក​ស៊ុយអេ​ដើម្បី​ចំណេញ​ពេល​វេលា​និង​ការ​ចំណាយ​ដែល​ធ្វើ​ដំណើរ​ព័ទ្ធ​ជុំវិញ​ទ្វីប​អាហ្វ្រិក។

សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ផ្សេង​ទៀត​រួម​ទាំង​បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ផង​ដែរ បាន​ចាត់ទុក​ក្រុម​ហាម៉ាស់​ថា​ជា​ក្រុម​ភេរវកម្ម​បន្ទាប់ពី​ក្រុម​នេះ​បាន​ធ្វើ​ការ​វាយ​ប្រហារ​កាលពី​ថ្ងៃ​ទី៧ ខែ​តុលា​ឆ្នាំ​មុន​លើ​អ៊ីស្រាអែល​ដោយ​សម្លាប់​ជន​ស៊ីវិល​ប្រហែល១.២០០ នាក់​និង​ចាប់​មនុស្ស​ប្រហែល ២៤០ នាក់​ធ្វើ​ជា​ចំណាប់ខ្មាំង៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters

XS
SM
MD
LG