ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ហាម​ឃាត់​ការ​នាំ​ចូល​ប្រេង​ដូង​ពី​ក្រុមហ៊ុន FGV របស់​ម៉ាឡេស៊ី


ទង់ជាតិម៉ាឡេស៊ីបក់នៅមុខផ្លាកយីហោក្រុមហ៊ុនប្រេងដូង FGV Holdings Berhad នៅទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០។
ទង់ជាតិម៉ាឡេស៊ីបក់នៅមុខផ្លាកយីហោក្រុមហ៊ុនប្រេងដូង FGV Holdings Berhad នៅទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០។

សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​កាលពី​ថ្ងៃពុធ​ម្សិលមិញ​ថា ខ្លួន​បាន​ហាមឃាត់​ការ​នាំចូល​ប្រេង​ដូង​ពី​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី បន្ទាប់ពី​ការ​ស៊ើប​អង្កេត​មួយ​បាន​រក​ឃើញ​ថា ក្រុមហ៊ុន​នោះ​បាន​រំលោភ​កម្លាំង​ពលកម្ម ដូចជា​ការ​បង្ខំ​ឲ្យ​កុមារ​ធ្វើ​ការងារ និង​ការ​ប្រើ​អំពើ​ហិង្សា​ផ្លូវ​ភេទ ​និង​អំពើ​ហិង្សា​រាងកាយ​ជាដើម។

ការ​ដឹក​ជញ្ជូន​ប្រេង​ដូង​និង​ផលិតផល​ធ្វើ​ពី​ប្រេង​ដូង​មកពី​ក្រុមហ៊ុន FGV Holdings ត្រូវ​បាន​ហាម​ឃាត់​ជា​បន្ទាន់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ការិយាល័យ​គយ​និង​ការពារ​ព្រំដែន​របស់​សហរដ្ឋ​អាមេរិក។ ការិយាល័យ​នេះ​បាន​លើក​ឡើង​ថា ការ​ហាម​ឃាត់​នេះ​ គឺជា​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​រយៈពេល​មួយ​ឆ្នាំ​ ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Associated Press។

ក្រុមហ៊ុន FGV ដែល​បាន​ប្រឈម​ការចោទ​ប្រកាន់​ជា​យូរ​មក​ហើយ ​អំពី​ការ​រំលោភ​កម្លាំង​ពលកម្ម និង​សិទ្ធិ​មនុស្ស គឺ​ជា​ក្រុមហ៊ុន​ផលិត​ប្រេង​ដូង​ឆៅ​ធំ​ជាងគេ​បង្អស់​នៅ​លើ​ពិភពលោក ហើយ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​អភិវឌ្ឍ​ដី​ធ្លី​សហព័ន្ធ (Felda) របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី។

ការ​រំលោភ​បំពាន​មួយ​ចំនួន​ដែល​រង​ការ​ចោទ​ប្រកាន់ បាន​កើត​មាន​ឡើង​នៅ​កសិដ្ឋាន​របស់​អាជ្ញាធរ​អភិវឌ្ឍ​ដី​ធ្លី​សហព័ន្ធ​ម៉ាឡេស៊ី ដែល​ផលិត​ប្រេង​ដូង​ឲ្យ​ក្រុមហ៊ុន​ម្ហូប​អាហារ​និង​ក្រុមហ៊ុន​គ្រឿង​សម្អាង​ល្បីៗ ដូចជា​ក្រុមហ៊ុន L'Oreal ក្រុមហ៊ុន Nestle ក្រុមហ៊ុន Proctor & Gamble និង​ក្រុមហ៊ុន Unilever ជាដើម។

FGV មិន​បាន​ធ្វើការ​ឆ្លើយតប​ភ្លាម​ៗ​ចំពោះ​សំណើរ​សុំ​ឲ្យ​ធ្វើ​អត្ថាធិប្បាយ​នោះ​ទេ ក៏​ប៉ុន្តែ​ក្រុមហ៊ុន​នោះ​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​កាលពី​ពេល​ថ្មីៗ​នេះ​ថា៖

«ថ្វីបើ​មាន​ការ​រិះគន់​និង​ការ​ចោទ​ប្រកាន់​បន្ត​មាន​ឡើង​ប្រឆាំង​នឹង​ក្រុមហ៊ុន FGV ក៏ដោយ ក៏​យើង​នឹង​នៅតែ​បន្ត​ការ​ខំ​ប្រឹងប្រែង​របស់​យើង​ ដើម្បី​ពង្រឹង​ការ​អនុវត្ត​របស់​យើង​នៅ​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស​និង​លើក​ស្ទួយ​បទដ្ឋាន​ការងារ​របស់​យើង»៕

XS
SM
MD
LG