នៅក្នុងឆ្នាំ២០១៩ ប្រទេសឥណ្ឌូណេស៊ីនិងម៉ាឡេស៊ី បានបាត់បង់គម្របព្រៃឈើតិចជាងឆ្នាំ២០១៨ ប៉ុន្តែប្រទេសទាំងពីរនេះ នៅតែបន្តបាត់បង់ព្រៃឈើសំខាន់ៗរបស់ខ្លួនយ៉ាងខ្លាំងក្នុងចំណោមប្រទេសនានាលើពិភពលោក។ នេះបើយោងតាមរូបភាពពីផ្កាយរណបរបស់សហរដ្ឋអាមេរិក។
ប្រទេសកម្ពុជានិងឡាវ បានស្ថិតក្នុងបញ្ជីប្រទេសទាំង ១០ លើពិភពលោកដែលបាត់បង់ព្រៃឈើខ្លាំងបំផុតជារៀងរាល់ឆ្នាំ ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើយោងតាមរូបភាពផ្កាយរណបរបស់អាមេរិក ដែលត្រូវបានវិភាគដោយសាកលវិទ្យាល័យ Maryland។ ទិន្នន័យនេះត្រូវបានចេញផ្សាយដោយគម្រោងឃ្លាំមើលព្រៃឈើពិភពលោក Global Forest Watch ដែលជាគម្រោងមួយរបស់វិទ្យាស្ថានធនធានពិភពលោក World Resoruces Institute ដែលមានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក។
ទិន្នន័យថ្មីនេះ ក៏រួមមានទិន្នន័យអំពីការបាត់បង់គម្របព្រៃឈើទាំងមូលផងដែរ ប៉ុន្តែទិន្នន័យនេះផ្ដោតសំខាន់ទៅលើព្រៃត្រូពិកសំខាន់ៗ ដែលជាទូទៅមានសារធាតុកាបូននិងជីវចម្រុះច្រើនបំផុត។ ការបាត់បង់ព្រៃឈើទាំងនេះ ធ្វើអោយខូចខាតជាពិសេសដល់បរិស្ថាន។
ក្នុងបណ្តាឆ្នាំកន្លងមក ប្រទេសប្រេស៊ីលបានបាត់បង់ព្រៃឈើសំខាន់របស់ខ្លួនខ្លាំងបំផុតនៅឆ្នាំ ២០១៩ អស់ចំនួនប្រមាណ ១,៣៦១,០០០ ហិកតា។ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងប្រទេសឥណ្ឌូណេស៊ី ស្ថិតនៅលំដាប់បន្ទាប់ ដោយប្រទេសកុងហ្គោបាត់បង់ព្រៃឈើចំនួន ៤៧៥,០០០ ហិកតា ហើយប្រទេសឥណ្ឌូណេស៊ីបាត់បង់ព្រៃឈើចំនួន ៣២៤,០០០ ហិកតា។ ប្រទេស Bolivia ប្រទេស Peru និងប្រទេសម៉ាឡេស៊ី បាត់បង់ព្រៃឈើប្រមាណ ១២០,០០០ ហិកតា។
ទោះបីចំនួនសរុបនៃការបាត់បង់ព្រៃឈើមានច្រើនយ៉ាងណាក្តី ប្រទេសឥណ្ឌូណេស៊ី បានបាត់បង់ព្រៃឈើសំខាន់របស់ខ្លួនតិចជាងឆ្នាំទៅក្នុងរយៈពេល៣ឆ្នាំជាប់ៗគ្នា ដោយនេះក៏ប្រហែលជាប្រទេសនេះបានខិតខំប្រឹងប្រែងខ្លាំង ក្នុងការកាត់បន្ថយការបំផ្លាញព្រៃឈើ។ នេះបើយោងតាមអង្គការឃ្លាំមើលព្រៃឈើពិភពលោក។ ទន្ទឹមគ្នានេះ ប្រទេសម៉ាឡេស៊ីក៏បានបាត់បង់ព្រៃឈើសំខាន់របស់ខ្លួនតិចជាងឆ្នាំមុនៗ បីឆ្នាំជាប់គ្នាផងដែរ។
ទិន្នន័យនៃការបាត់បង់ព្រៃឈើនេះ មិនបានបង្ហាញឲ្យដឹងទេថាតើការបាត់បង់នោះ កើតឡើងដោយសារមនុស្សជាអ្នកធ្វើ ឬ ក៏ជាកត្តាធម្មជាតិនោះ។ ប៉ុន្តែលោក Arief Wijaya មន្ត្រីគ្រប់គ្រងជាន់ខ្ពស់ខាងអាកាសធាតុនិងបរិស្ថាននៃវិទ្យាស្ថានធនធានពិភពលោក (WRI) របស់ប្រទេសឥណ្ឌូណេស៊ីបានលើកឡើងថា បទពិសោធន៏អតីតកាលស្តីពីការបាត់បង់ព្រៃឈើត្រូពិកសំខាន់ៗបានបង្ហាញថា ៩៥% ភាគនៃការបាត់បង់ព្រៃឈើ គឺកើតឡើងដោយសារស្នាដៃរបស់មនុស្ស។
ប្រទេសឥណ្ឌូណេស៊ី និងប្រទេសម៉ាឡេស៊ី ដាំដូងប្រេងប្រមាណ៨៥% នៃចំនួនដូងប្រេងសរុបនៅលើពិភពលោក នៅលើចំការជាច្រើនដែលអ្នកបរិស្ថានបានបន្ទោសដល់ការកាប់ទន្រ្ទានព្រៃឈើក្នុងទ្រង់ទ្រាយដ៏ធំ និងការដុតបំផ្លាញផ្ទៃដីដែលសម្បូរទៅដោយសារធាតុជីធម្មជាតិកាបូននៅក្នុងប្រទេសទាំងពីរ។
វិទ្យាស្ថាន WRI បានបង្ហាញនូវលទ្ធផលដ៏ធំរបស់ខ្លួន ក្នុងការរួមចំណែកដល់ការទប់ស្កាត់ការបាត់បង់ព្រៃឈើ ចំពោះការបញ្ឈប់នាពេលថ្មីៗនេះ ទៅលើការកាប់ទន្រ្ទានថ្មីសម្រាប់យកដីដាំដូងប្រេង និងការការអនុវត្តច្បាប់តឹងរ៉ឹងជាងមុនក្នុងការបញ្ឈប់គ្រោះភ្លើងឆេះព្រៃ។
លោក Wijaya បានលើកឡើងក្នុងសម្ដីដើមថា៖ «ក្នុងប្រទេសម៉ាឡេស៊ីនិងឥណ្ឌូណេស៊ី ដំណាំដូងប្រេងជាកត្តាចម្បងដែលធ្វើឲ្យបាត់បង់ព្រៃឈើ។ ដូច្នេះនៅពេលដែលប្រទេសទាំងនេះ សម្រេចចិត្តថានឹងមិនពង្រីកបន្ថែមទៀតនូវតំបន់ចំការដូងប្រេងនោះទេ នោះវានឹងជួយដល់ការកាត់បន្ថយការបាត់បង់ព្រៃឈើ»។
វិទ្យាស្ថាន WRI បានឲ្យដឹងថា ការប្តេជ្ញានាពេលថ្មីៗនេះរបស់ខេត្ត Papua និងខេត្ត Papua ខាងលិច របស់ប្រទេសឥណ្ឌូណេស៊ី ក្នុងការរក្សាផ្ទៃដីរបស់ខ្លួននាពេលថ្មីៗនេះ ប្រមាណ ៧០% ក៏បានជួយផងដែរ ព្រោះខេត្តទាំងពីរនេះមានព្រៃឈើប្រមាណ១ភាគ៣ នៃផ្ទៃព្រៃឈើសំខាន់ដែលនៅសល់ទាំងមូលក្នុងប្រទេសឥណ្ឌូណេស៊ី។ លោក Wijaya ក៏បានបន្ថែមផងដែរថា ការធ្លាក់ចុះតម្លៃនៃផលិតផលដែលធ្វើចេញពីដូងប្រេង ក៏ជាកត្តាចូលរួមផងដែរ ក្នុងការមិនឲ្យមានចម្ការដំណាំដូងប្រេងបន្ថែមទៀត។
ទោះជាយ៉ាងនេះក្តី ទិន្នន័យថ្មីនេះមិនមែនជាក្តីសង្ឃឹមសម្រាប់គ្រប់ប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នោះទេ។
ប្រទេសឡាវនិងកម្ពុជា ដែលស្ថិតក្នុងចំណោមប្រទេសទី៨ និងទី១០ ក្នុងបញ្ជីប្រទេសក្នុងពិភពលោកដែលបាត់បង់ព្រៃឈើខ្លាំងបំផុតកាលពីឆ្នាំកន្លងទៅ បានបង្ហាញពីការបាត់បង់ព្រៃឈើរបស់ខ្លួនក្នុងកម្រិតកាន់តែខ្ពស់។ ប្រទេសកម្ពុជាបាត់បង់ព្រៃឈើសំខាន់របស់ខ្លួនចំនួន៣៨ភាគរយ ក្នុងឆ្នាំ២០១៩ ច្រើនជាងឆ្នាំ២០១៨ ដែលចំនួននេះហក់ឡើងខ្ពស់បំផុតក្នុងចំណោមប្រទេសក្នុងតំបន់។
សេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុកជាច្រើនលើកឡើងថា ការកាប់ឈើថ្មីៗនេះ បានកើតឡើងក្នុងតំបន់ព្រៃឡង់ក្នុងប្រទេសកម្ពុជា ដែលភាគច្រើនតំបន់ព្រៃទាំងនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជាប្រកាសថា ជាតំបន់ការពារតាំងពីឆ្នាំ២០១៦មក។ ដោយស្ថិតនៅក្នុងតំបន់ព្រៃខៀវស្រងាត់ក្នុងតំបន់ដីទំនាប ដែលនៅសេសសល់ចុងក្រោយគេធំបំផុតនៅក្នុងអនុតំបន់ឥណ្ឌូចិននោះ តំបន់ព្រៃឡង់ជាតំបន់ព្រៃទេសភាពដ៏ធំមួយក្នុងតំបន់ព្រៃធំៗចំនួន៣ ដែលកំពុងត្រូវបានត្រួតពិនិត្យនិងតាមដានមើលយ៉ាងយកចិត្តទុកដាក់ ដោយអង្គការតាមដានព្រៃឈើ Conservation International នៅក្នុងប្រទេសនេះ។
លោក Jackson Frechette អ្នកគ្រប់គ្រងទេសភាពព្រៃឈើកម្ពុជារបស់អង្គការតាមដានព្រៃឈើ Conservation International បានលើកឡើងក្នុងសម្ដីដើមទាក់ទងនឹងការបាត់ព្រៃឈើក្នុងតំបន់ព្រៃឡង់ថា៖ «ជាការពិតណាស់ យើងបានឃើញការកើនឡើងនូវការបាត់បង់ព្រៃឈើពីមួយឆ្នាំទៅមួយឆ្នាំ»។
ការបាត់បង់ទ្រនាប់ព្រៃឈើដ៏ច្រើននៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលមួយទសវត្សកន្លងទៅ បណ្តាលមកពីរដ្ឋាភិបាលកម្ពុជាបានផ្តល់ដីសម្បទានជាច្រើនកន្លែងដល់ក្រុមហ៊ុនឯកជនដែលធ្វើជំនួញលើវិស័យកសិវប្បកម្ម ដែលភាគច្រើនផ្ទៃដីសម្បទានទាំងនេះត្រូវបានគេធ្វើជាចម្ការកៅស៊ូ ហើយជាញឹកញាប់ ការផ្តល់ដីសម្បទាននេះជាប់ទាក់ទងនឹងក្រុមហ៊ុននៅក្នុងតំបន់ការពារដែលសម្បូរទៅដោយព្រៃឈើច្រើនបំផុតនៅក្នុងប្រទេស។
ប៉ុន្តែទោះជាយ៉ាងនេះក្តី លោក Frechette បានឲ្យដឹងថា ការកាប់បំផ្លាញព្រៃឈើក្នុងពេលថ្មីៗនេះក្នុងតំបន់ព្រៃឡង់និងតំបន់ផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា មានទ្រង់ទ្រាយតូចតាចប៉ុណ្ណោះ។
លោកបានបន្ថែមក្នុងសម្ដីដើមយ៉ាងដូច្នេះថា៖ «ពលរដ្ឋមួយចំនូនព្យាយាមពង្រីកដីកសិកម្មរបស់ក្រុមគ្រួសារពួកគេ ហើយខ្លះទៀតព្យាយាមកាន់កាប់ដីថ្មី។ ប៉ុន្តែមានមួយចំនួនទៀតនៅកំពុងស្ទាបស្ទង់ ហើយមានអ្នកខ្លះទៀតដែលមានប្រាក់កាស ហើយប្រហែលជាអ្នកនៅខាងក្រៅសហគមន៍ បានចូលមករកទិញដីមួយចំនួនដើម្បីធ្វើចំការ»។
លោកថ្លែងថា៖ «ជាមួយនឹងការអនុវត្តច្បាប់មិនទាន់រឹងមាំខ្លាំងនៅឡើយ សិទ្ធិកាន់កាប់ដីធ្លីនៅមិនទាន់មានភាពច្បាស់លាស់ដែរ ដែលនេះហាក់ដូចជាការជំរុញអោយកើតមានឡើងនូវអំពើទាំងនេះ ដែលកើតមានឡើងជាញឹកញាប់នៅក្នុងនិងក្រៅតំបន់ព្រៃការពារ»។
វិទ្យាស្ថាន WRI បានអោយដឹងថា ការបិទប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏ដូចប្រទេសផ្សេងៗក្នុងពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩នោះ អាចផ្តល់ពេលវេលាដល់ការសង្គ្រោះព្រៃឈើជាបណ្តោះអាសន្នក្នុងឆ្នាំ២០២០នេះ ដោយសារការចំណាយរបស់មនុស្សមានការធ្លាក់ចុះ ហើយតម្រូវការទំនិញមានការខ្វះខាត។ ទោះជាយ៉ាងណាក្តី វិទ្យាស្ថានមួយនេះក៏បានព្រមានផងដែរថា ការវិលត្រលប់មករកសភាពដើមវិញ នឹងបំផ្លាញអ្វីៗដែលសម្រេចបាន ប្រសិនបើប្រទេសនានាសម្រេចជ្រើសរើសយកការកាត់បន្ថយការការពារផ្នែកបរិស្ថាន ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ដូចដែលប្រទេសមួយចំនួនបានធ្វើ ក្រោយជួបវិបត្តិហិរញ្ញវត្ថុអាស៊ីកាលពីចុងទសវត្ស១៩៩០នោះ។
អ្នកស្រី Frances Seymour អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថាន WRI បានលើកឡើងក្នុងសម្ដីដើមថា៖ «យើងមិនអាចជួយសង្គ្រោះសេដ្ឋកិច្ចដោយពឹងផ្អែកខ្លាំងទៅលើព្រៃឈើនោះទេ។ រដ្ឋាភិបាលមួយចំនួនបាននិយាយរួចហើយអំពីការកាត់បន្ថយការការពារព្រៃឈើ ជាផ្នែកមួយនៃកញ្ចប់ជួយសង្រ្គោះឬកិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ»។
អ្នកស្រីបន្ថែមថា៖ «នេះជាគំនិតមួយដ៏អាក្រក់។ វិទ្យាសាស្រ្តថ្មីៗជាច្រើនបានបង្ហាញពីរបៀបដែលការបំផ្លាញព្រៃទឹកភ្លៀង អាចផ្តល់ផលប៉ះពាល់ដល់ការធ្លាក់ភ្លៀងរហូតដល់ចម្ងាយរាប់រយគីឡូម៉ែត្រពីកន្លែងបំផ្លាញព្រៃឈើ។ យើងមិនគួរមើលរំលងផលប៉ះពាល់នាពេលអនាគត ដោយការបំផ្លាញព្រៃឈើរបស់ពិភពលោកដើម្បីបានថវិកាស្ដារស្ថានភាពក្នុងពេលបច្ចុប្បន្ននេះឡើយ។
អ្នកស្រី Frances Seymour បានលើកឡើងថា មន្រ្តីឥណ្ឌូណេស៊ីមួយចំនួន បានស្នើកាលពី ២ ឬ ៣ ខែមុន អោយមានការបន្ធូរបន្ថយខាងផ្លូវច្បាប់ ដែលអនុញ្ញាតឲ្យដឹកឈើហ៊ុបទៅកាន់សហភាពអឺរ៉ុបអាចធ្វើបានដោយស្របច្បាប់ ប៉ុន្តែមន្រ្តីទាំងនេះបានបោះចោលគំនិតនោះវិញ បន្ទាប់ពីមានការរិះគន់ពីក្រសួងបរិស្ថាននិងព្រៃឈើមក។
លោក Wijaya បានលើកឡើងថា ប្រទេសមួយចំនួនក្នុងតំបន់ ដែលក្រុមយោធាមានអំណាចខ្លាំង ហើយក្រុមអ្នកឃ្លាំមើលក្រៅរដ្ឋាភិបាលមានឥទ្ធិពលតិចតួច ដែលក្នុងនោះរួមមានទាំងប្រទេសកម្ពុជានិងប្រទេសឡាវផងនោះ អាចធ្វើអោយមានការខាតបង់កាន់តែច្រើនថែមទៀត នៅក្នុងផែនការនៃស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ដោយសារតែការអនុវត្តច្បាប់មិនបានគ្រប់ជ្រុងជ្រោយ និងដោយគ្មានការផ្លាស់ប្តូរដោយពិតប្រាកដណាមួយទាក់ទងនឹងច្បាប់ទាំងនោះ។
លោកបន្ថែមក្នុងសម្ដីដើមថា៖ «នៅក្នុងប្រទេសកំពុងអភិវឌ្ឍជាច្រើន ពុំមានគោលនយោបាយណាមួយអាក្រក់នោះទេ តែអ្វីដែលជាបញ្ហានោះគឺការអនុវត្តគោលនយោបាយទាំងនោះ។ រឿងទាំងនេះកើតមានឡើងក្នុងប្រទេសមួយចំនួន ដូចជាប្រទេសកម្ពុជានិងប្រទេសភូមាជាដើម។ ប្រទេសទាំងនេះ មានគោលនយោបាយរបស់ខ្លួន ប៉ុន្តែដោយសារតែផលប្រយោជន៍ដ៏លើសលប់របស់រដ្ឋាភិបាលខ្លួនឯង ទើបបានជាគោលការណ៍ច្បាប់មួយចំនួនមិនត្រូវបានគេយកមកអនុវត្ត ឬជំរុញអោយមានការគោរពនោះទេ»៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ