អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន និងឥណ្ឌា បានបើកកិច្ចពិភាក្សានៅទីក្រុង Melbourne នៃប្រទេសអូស្ត្រាលី នៅថ្ងៃសុក្រនេះ ដើម្បីពង្រឹងសម្ព័ន្ធមិត្តក្រុម Quad ឲ្យកាន់តែខ្លាំងឡើងដោយសង្ឃឹមថា នឹងបង្អាក់ការវាតទីអំណាចរបស់ចិននៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បានចាប់ផ្ដើមជំនួបថ្ងៃនោះ ដោយលើកឡើងពីសារៈសំខាន់របស់ក្រុមនេះ ក្នុងការស្ថាបនាកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសប្រជាធិបតេយ្យ និងបាននិយាយពីទំនាក់ទំនងរបស់ប្រទេសលោកជាមួយរដ្ឋាភិបាលក្រុងប៉េកាំង។
លោកថ្លែងប្រាប់មន្ត្រីដែលមកចូលរួមកិច្ចប្រជុំនោះថា៖ «យើងរស់នៅក្នុងពិភពលោកដ៏ផុយស្រួយ ងាយបែកបាក់ និងមានការប្រកួតប្រជែងខ្លាំងមួយ»។
លោក បន្តទៀតថា៖ «យើងក្រោកឈរប្រឆាំងអ្នកដែលស្វះស្វែងបង្ខិតបង្ខំយើង»។
ដោយមិនបាននិយាយចំឈ្មោះប្រទេសចិន លោក Morrison បាននិយាយថា វាជា«រឿងល្អ» ដែលសមាជិកក្រុម Quad យល់អំពី«ការបង្ខិតបង្ខំ និងការដាក់សម្ពាធដែលអូស្ត្រាលីបានជួបប្រទះ»។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយថា ទោះបីជារដ្ឋាភិបាលក្រុងក្រុងវ៉ាស៊ីនតោន ជាប់រវល់នឹងការគំរាមកំហែងរបស់រុស្ស៊ី មកលើប្រទេសអ៊ុយក្រែននៅពេលឥឡូវនេះក៏ដោយ ក៏បញ្ហាយូរអង្វែង គឺអំណាចកាន់តែកើនឡើងរបស់ចិន។
លោកបានប្រាប់កាសែត The Australian នៅល្ងាចនេះថា៖ «នៅក្នុងគំនិតរបស់ខ្ញុំ មានការងឿងឆ្ងល់តិចតួចថា មហិច្ឆតារបស់ចិនក្នុងរយៈពេលកន្លងមក គឺចង់ក្លាយជាមហាអំណាចយោធា សេដ្ឋកិច្ច ការទូត និងនយោបាយ មិនត្រឹមតែនៅក្នុងតំបន់ប៉ុណ្ណោះទេ ក៏ប៉ុន្តែនៅក្នុងពិភពលោក»។
ក្រុម Quad នេះ ត្រូវបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ២០០៧ ប៉ុន្តែទើបតែបានរីកលូតលាស់មួយទស្សវត្សរ៍ក្រោយមក បន្ទាប់ពីចិន បានបង្ហាញយ៉ាងខ្លាំងអំពីអំណាចយោធារបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង និងបន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងខ្លាំងនៅព្រំដែនជាមួយប្រទេសឥណ្ឌា។
ខណៈដែលប្រទេសទាំង៤ បានធ្វើសមយុទ្ធនាវារួមគ្នានៅឆ្នាំ២០២០ នៅច្រកសមុទ្រ Bengal ជំនួបនៅក្នុងទីក្រុង Melbourne នេះ មានគោលបំណងធ្វើឲ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅឡើងលើវិស័យនានា ដូចជាការប្រយុទ្ធនឹងជំងឺកូវីដ១៩ និងការសម្របសម្រួលគ្នាលើបញ្ហាបច្ចេកវិទ្យាព័ត៌មានសំខាន់ៗ រួមទាំងការប្រើប្រាស់បណ្តាញទូរគមនាគមន៍ 5G ផង៕