ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​នឹង​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អូស្ត្រាលី និង​ហ្វីជី​នៅ​សប្ដាហ៍​នេះ


រូបឯកសារ៖ លោក Antony Blinken រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ថ្ឡែង​សុន្ទរកថា​​នៅ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២។ (AP Photo/Susan Walsh, Pool)
រូបឯកសារ៖ លោក Antony Blinken រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ថ្ឡែង​សុន្ទរកថា​​នៅ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២។ (AP Photo/Susan Walsh, Pool)

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken នឹង​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អូស្ត្រាលី​នៅ​សប្ដាហ៍​នេះ​សម្រាប់​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​របស់​ក្រុម​ប្រទេស Quad (Quadrilateral Security Dialogue) ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​បញ្ហា​នានា ដែល​ក្នុង​នោះ​រួម​មាន​ទាំង​បញ្ហា​សន្តិសុខ​ដែន​សមុទ្រ​និង​បញ្ហា​សន្តិសុខ​ប្រព័ន្ធ​អ៊ីនធឺណិត​ផងដែរ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​សុក្រ។

ក្រុម​ប្រទេស Quad សំដៅ​លើ​ក្រុម​សន្ទនា​ផ្នែក​សន្តិសុខ​មួយ ដែល​មាន​ប្រទេស​អូស្ត្រាលី ឥណ្ឌា ជប៉ុន និង​សហរដ្ឋ​អាមេរិក​ជា​សមាជិក។

ដំណើរ​ទស្សនកិច្ច​របស់​លោក Blinken ទៅកាន់​ប្រទេស​អូស្ត្រាលី​ចាប់ពី​ថ្ងៃ​ទី ៩ ដល់​ថ្ងៃ​ទី ១២ ខែ​កុម្ភៈ​ខាងមុខ​នេះ គឺជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រទេស​នេះ ចាប់​តាំងពី​មាន​ការ​ចុះ​ហត្ថលេខា​កាលពី​ខែ​កញ្ញា​ឆ្នាំ​មុន​លើ​ទម្រង់​ប្រសើរ​ជាង​មុន​មួយ​នៃ​កិច្ច​ព្រមព្រៀង AUKUS ដែល​ជា​កិច្ច​ព្រមព្រៀង​សន្តិសុខ​ត្រីភាគី​រវាង​ប្រទេស​អូស្ត្រាលី ចក្រភព​អង់គ្លេស និង​សហរដ្ឋ​អាមេរិក​មក។

កិច្ច​ព្រមព្រៀង​នេះ​រួមមាន​ទាំង​ការ​ព្រមព្រៀង​មួយ​ផងដែរ​នៅក្នុង​ការ​សាងសង់​នាវា​មុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​សម្រាប់​ប្រទេស​អូស្ត្រាលី ដែល​ជា​ប្រទេស​មិនមែន​ជា​សមាជិក​ក្រុម​ប្រទេស G-7។ ការ​សាងសង់​នាវា​មុជទឹក​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​ទប់ទល់​ប្រសើរ​ជាង​មុន​ប្រឆាំង​នឹង​ការ​ពង្រីក​ឥទ្ធិពល​យោធា​របស់​ប្រទេស​ចិន​នៅ​ទូទាំង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សុក្រ​ថា៖ «លោក​រដ្ឋមន្ត្រី Blinken នឹង​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​អ្នកស្រី Marise Payne រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក Hayashi Yoshimasa រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា​លោក Subrahmanyam Jaishankar និង​មន្ត្រី​ជាន់ខ្ពស់​ផ្សេងៗ​ទៀត ដើម្បី​ពិភាក្សា​អំពី​បញ្ហា​អាទិភាព​ទ្វេភាគី​និង​បញ្ហា​អាទិភាព​នានា​នៅ​លើ​សាកលលោក»។

កន្លងមក ប្រទេស​ចិន​បាន​បង្ហាញ​ភាព​ប្រយ័ត្នប្រយែង​ទាក់ទិន​នឹង​ក្រុម​ប្រទេស Quad និង​កិច្ច​ព្រមព្រៀង AUKUS។

នៅ​ពេល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden រៀបចំ​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រទេស Quad កាលពី​ខែ​កញ្ញា ឆ្នាំ​មុន អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Zhao Lijian បាន​និយាយ​ថា គម្រោង​កិច្ច​សហប្រតិបត្តិការ​ណា​មួយ​ក្នុង​តំបន់ «មិន​គួរ​តម្រង់​ទិសដៅ​លើ​ភាគី​ទី​បី​ណាមួយ​ទេ»។

ដំណើរ​ទស្សនកិច្ច​រយៈពេល​ពេញ​មួយ​សប្ដាហ៍​របស់​លោក Blinken នេះ ក៏​មាន​រួម​បញ្ចូល​ផងដែរ​នូវ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ហ្វីជី និង​ទីក្រុង Honolulu រដ្ឋ Hawaii សហរដ្ឋ​អាមេរិក។

នៅក្នុង​ប្រទេស​ហ្វីជី លោក Blinken នឹង​ជួប​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​នៃ​បណ្ដា​ប្រទេស​ដី​កោះ​នានា​នៅ មហា​សមុទ្រ​ប៉ាស៊ីហ្វិក ដើម្បី​ពិភាក្សា​អំពី​វិបត្តិ​អាកាសធាតុ និង​វិធី​បង្កើន «ការ​ប្ដេជ្ញា​ចិត្ត​រួម​ចំពោះ​លទ្ធិ​ប្រជាធិបតេយ្យ ស្ថិរភាព និង​វិបុលភាព​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក»។

ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ហ្វីជី​លើក​នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​បង្អស់​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ទៅកាន់​ប្រទេស​នេះ​ចាប់តាំងពី​ឆ្នាំ ១៩៨៥ មក។

នៅ​ក្នុង​ជំនួប​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក Hayashi និង​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាងត្បូង​លោក Chung Eui-yong សម្រាប់​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ត្រីភាគី​រវាង​សហរដ្ឋ​អាមេរិក ជប៉ុន និង​កូរ៉េ​ខាងត្បូង នៅក្នុង​ទីក្រុង Honolulu នៅ​ថ្ងៃ​ទី ១២ ខែ​កុម្ភៈ​ខាងមុខ​នេះ របៀបវារៈ​នៃ​កិច្ច​ប្រជុំ​នឹង​ផ្ដោត​ខ្លាំង​លើ​ការ​ដោះស្រាយ​បញ្ហា​គំរាមកំហែង​នៃ​កម្មវិធី​នុយក្លេអ៊ែរ​និង​មីស៊ីល​របស់​ប្រទេស​កូរ៉េ​ខាងជើង។

កាលពី​ខែ​មករា​កន្លង​ទៅ​នេះ ប្រទេស​កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​មីស៊ីល​ជា​ច្រើន​លើក៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG