រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានសង្កត់ពីការផ្តោតការយកចិត្តទុកដាក់របស់រដ្ឋបាលលោកប្រធានាធិបតី Biden លើតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នៅពេលដែលលោកធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី ដោយលោកនិយាយថា ការចរចាជាមួយក្រុមប្រទេសដែលរួមមានសហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន និងឥណ្ឌា គឺទាក់ទិននឹងការងារដែលមានសារៈសំខាន់ដល់«ប្រជាពលរដ្ឋនៅទូទាំងតំបន់ និងពិភពលោក»។
លោក Blinken បានថ្លែងទៅកាន់ពួកអ្នកយកព័ត៌មានដែលធ្វើដំណើរជាមួយលោកនៅពេលដែលលោកប្រុងប្រៀបរៀបចំចូលរួមជំនួបដែលហៅថា ប្រទេស Quad។
លោក Blinken មានប្រសាសន៍ថា «ក្រុមប្រទេស Quad កំពុងក្លាយជាយន្តការដ៏មានអំណាចមួយដើម្បីផ្គត់ផ្គង់ និងជួយចាក់វ៉ាក់សាំងដល់ផ្នែកដ៏ធំមួយរបស់ពិភពលោកដែលកំពុងទទួលបានវ៉ាក់សាំងយ៉ាងច្រើននៅទីនោះ ពង្រឹងសន្តិសុខផ្លូវនាវាចរណ៍ដើម្បីទប់ទល់នឹងភាពគឃ្លើន និងការបង្ខំនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយកំពុងធ្វើការជាមួយគ្នាអំពីបច្ចេកវិទ្យា ហើយនឹងធ្វើឲ្យប្រាកដថា បច្ចេកវិទ្យាទាំងនោះ អាចត្រូវបានប្រើប្រាស់ក្នុងរបៀបវិជ្ជមាន មិនមែនក្នុងរបៀបអវិជ្ជមាន ហើយនឹងស្ថិតនៅក្នុងរបៀបវារៈដ៏ធំមួយ»។
ដំណើរទស្សនកិច្ចរបស់លោក Blinken ទៅកាន់ប្រទេសអូស្ត្រាលីជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក បន្ទាប់ពីភាពជាដៃគូសន្តិសុខត្រីភាគីដែលហៅថា AUKUS ដែលរួមមានប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ត្រូវបានប្រកាសកាលពីខែកញ្ញា ឆ្នាំទៅ។ កិច្ចព្រមព្រៀងនោះ រួមមានកិច្ចព្រមព្រៀងដើម្បីស្ថាបនានាវាមុជទឹកប្រើដោយថាមពលនុយក្លេអ៊ែរសម្រាប់ប្រទេសអូស្ត្រាលី ដែលជាផ្នែកមួយនៃការកំញ៉ើញប្រឆាំងនឹងការវាតទីខាងយោធារបស់ចិននៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ផ្នែកមួយនៃការពិភាក្សាក្នុងអំឡុងពេលនៃជំនួបរបស់រដ្ឋមន្ត្រីការបរទេស Quad នៅក្នុងទីក្រុង Melbourne «នឹងទាក់ទិនទៅនឹងបញ្ហាសំខាន់ៗដែលបណ្តាលមកពីប្រទេសចិន»។ នេះ បើតាមលោក Daniel Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការតំបន់អាស៊ីខាងកើត និងមហាសមុទ្រប៉ាស៊ីហ្វិក ដែលបានថ្លែងប្រាប់វីអូអេតាមទូរស័ព្ទកាលពីថ្ងៃសុក្រ កន្លងទៅនេះ។
នៅក្នុងទីក្រុងប៉េកាំងវិញ មន្ត្រីចិន បានសម្តែងនូវការប្រយ័ត្នប្រយែងអំពីក្រុម Quad និង AUKUS។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយថា គម្រោងនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ណាក៏ដោយ «មិនត្រូវដៅទៅលើភាគីទី៣ ណាមួយទេ» នៅពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលមេដឹកនាំ Quad កាលពីខែកញ្ញា ឆ្នាំទៅ។ លោក Zhao ក៏បានហៅសន្ធិសញ្ញា AUKUS ថា «គ្មានការទទួលខុសត្រូវទាល់តែសោះ»។
ដំណើរទស្សនកិច្ចរយៈពេល ១ សប្តាហ៍របស់អ្នកការទូតកំពូលសហរដ្ឋអាមេរិក រួមបញ្ចូលទាំងដំណើរទស្សនកិច្ចនៅកោះហ៊្វីជី និងទីក្រុង Honolulu នៃកោះហាវ៉ៃផងដែរ៕
លោក Chris Hannas អ្នកយកព័ត៌មានរបស់វីអូអេ រួមចំណែកនៅក្នុងសេចក្តីរាយការណ៍នេះ។