ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អាមេរិក​និង​អាស៊ាន​នឹង​​បង្កើន​កិច្ចប្រឹងប្រែង​​​ដើម្បី​បញ្ឈប់​​អំពើ​ហិង្សា​នៅ​មីយ៉ាន់ម៉ា


រូបថត​ពី​ក្រុម​មនុស្សធម៌​ Free Burma Rangers នេះ​​ដែល​ត្រូវ​ថត​កាល​ពី​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០២២ បង្ហាញ​​ពី​​អគារ​ដែល​ត្រូវ​ឆេះ​ខ្ទេចខ្ទាំ​មួយ​កន្លែង​ក្រោយ​​ពី​ការ​វាយប្រហារ​តាម​អាកាស​ដោយ​យោធា​មីយ៉ាន់ម៉ា។
រូបថត​ពី​ក្រុម​មនុស្សធម៌​ Free Burma Rangers នេះ​​ដែល​ត្រូវ​ថត​កាល​ពី​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០២២ បង្ហាញ​​ពី​​អគារ​ដែល​ត្រូវ​ឆេះ​ខ្ទេចខ្ទាំ​មួយ​កន្លែង​ក្រោយ​​ពី​ការ​វាយប្រហារ​តាម​អាកាស​ដោយ​យោធា​មីយ៉ាន់ម៉ា។

សហរដ្ឋ​អាមេរិក​និង​ក្រុម​មេដឹកនាំនៃសមាគមប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ហៅ​កាត់​ថា អាស៊ាន បាននិយាយ​កាល​ពី​ថ្ងៃ​សុក្រថា ពួក​គេ​នឹង​«បង្កើន​ការ​ប្រឹងប្រែង​រួម​គ្នា» ដើម្បី​ឱ្យ​មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

សេចក្តី​ថ្លែងការណ៍​រួម​ស្តី​ពី​ទស្សនៈវិស័យ​អាមេរិក-អាស៊ាន​ ចេញ​ផ្សាយ​កាលពីយប់​ថ្ងៃ​សុក្រ​ ចែងថា៖ «យើងបញ្ជាក់​ជា​ថ្មី​ទៀតអំពីការ​ប្តេជ្ញា​របស់​យើង​ចំពោះ​សន្តិភាពនិង​ស្ថិរភាព​ក្នុង​តំបន់ ​និង​បន្ត​អំពាវនាវ​ឱ្យ​មាន​បញ្ឈប់អំពើ​ហិង្សា​ជា​បន្ទាន់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ និង​ឱ្យ​មាន​ការ​ដោះលែង​អ្នក​ជាប់​ឃុំឃាំងខាង​នយោបាយ​ទាំង​អស់ ដោយ​មានរួម​បញ្ចូល​ទាំង​ជន​បរទេស​ផង​ដែរ»។​

ទោះជា​សេចក្តី​ថ្លែងការណ៍​រួម​មិន​បាននិយាយ​អំពី​ការបើក​ទំនាក់ទំនង​ក្រៅ​ផ្លូវការ​ជា​មួយរដ្ឋាភិបាលរួបរួម​ជាតិ ដែលដឹកនាំ​ដោយជន​ស៊ីវិល​នៃ​ប្រទេសមីយ៉ាន់ម៉ា ហៅ NUG ក៏​ដោយ​ ក៏ក្រុម​មន្ត្រីជាន់​ខ្ពស់អាមេរិក និង​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​មួយ​ចំនួន​តូច​ បានចរចា​ជាមួយ​អ្នកស្រី Zin Mar Aung រដ្ឋមន្ត្រីការ​បរទេសរបស់ NGU នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ក្នុង​សប្តាហ៍​នេះ។​

មនុស្ស​រាប់សែន​នាក់​បាន​ខ្ចាត់ព្រាត់​ពីផ្ទះ​សម្បែង​របស់​ពួកគេ ចាប់​តាំង​ពី​មាន​រដ្ឋប្រហារ​យោធា​មួយដែល​បានទម្លាក់​រដ្ឋាភិបាល​ជាប់ឆ្នោត​តាម​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ ដែល​គេ​ស្គាល់​ថា​ជា​ប្រទេស​ភូមា កាលពី​ខែកុម្ភៈ​ឆ្នាំ​ទៅ​មិញ។​


ក្នុង​សប្តាហ៍​នេះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​រៀបចំកិច្ចប្រជុំ​កំពូលដោយ​ផ្ទាល់​លើក​ទី ១ ​របស់​លោក​ ជាមួយក្រុម​មេដឹកនាំ​អាស៊ាន​ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។ មានកៅអី​ទំនេរ​មួយសម្រាប់​ប្រទេស​មីយ៉ាន់ម៉ា​ដើម្បី​បង្ហាញ​ការមិន​ពេញ​ចិត្តចំពោះ​រដ្ឋប្រហារ​យោធានិង​អំពើ​ហិង្សា​ក្នុង​ប្រទេសមួយ​នេះ។

សម្រាប់អ្នក​វិភាគ​ខ្លះ កិច្ចប្រជុំ​នេះ​ត្រូវ​គេឃើញ​ថា​ជា​ការ​បង្ហាញ​សាមគ្គីភាព​ នៅ​ពេល​សហរដ្ឋ​អាមេរិក​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ចិន​ ដើម្បី​ដណ្តើម​ឥទ្ធិពលក្នុងតំបន់​នោះ។​

កិច្ច​ប្រជុំ​កំពូល​នេះ​ក៏​បានធ្វើ​ឡើង ស្រប​ពេល​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken ត្រៀម​បង្ហាញ​ចំណុច​គោលនយោបាយ​សំខាន់ៗ​ស្តី​ពី​វិធីសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ប្រទេស​ចិន​ នៅក្នុង​ពេល​ប៉ុន្មានថ្ងៃ​ខាងមុខ​នេះ។

ស្តី​ពី​សន្តិសុខ​ក្នុង​តំបន់ សេចក្តី​ថ្លែងការណ៍រួម​អាមេរិក-អាស៊ាន​បាន​សង្កត់​ធ្ងន់លើ​ «ការ​កសាង​ទំនុក​លើ​គ្នា» និង​សារៈសំខាន់​នៃ​«វិធានការហុច​ជា​ប្រយោជន៍​ដែល​អាច​កាត់​បន្ថយ​ភាព​តានតឹង​និង​ការ​ប្រថុយប្រថាន​នៃ​គ្រោះថ្នាក់ ការ​យល់​ច្រឡំ​ និង​ការគិត​គូរ​ខុស» នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។​

លោក Derek Grossman អ្នក​វិភាគ​ជាន់​ខ្ពស់​ខាងកិច្ចការពារប្រទេសនៃ​សាជីវកម្ម​ Rand Corp. បាន​សរសេរ​តាម​បណ្តាញ​ Twitter ថា «គ្មាន​ឃើញ​អ្វី​ថ្មីនៅ​ទី​នេះ​ទេ»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG