ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការផ្អាក​ជំនួយ​អាមេរិក​នាំ​ឱ្យ​​ការងារ​ត្រូវកាត់​បន្ថយ​ខ្លាំង​នៅ​ទីភ្នាក់​ងារ​​អន្តោប្រវេសន៍​និង​ជនភៀសខ្លួន​អង្គការ​សហប្រជាជាតិ


រូបឯកសារ៖ ទង់ជាតិអាមេរិក​និង​ទង់ជាតិ​ទីភ្នាក់ងារ USAID បក់នៅខាងក្រៅ​អគារ​ USAID ក្នុងរដ្ឋ​ធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី​០១ កុម្ភៈ ឆ្នាំ២០២៥។
រូបឯកសារ៖ ទង់ជាតិអាមេរិក​និង​ទង់ជាតិ​ទីភ្នាក់ងារ USAID បក់នៅខាងក្រៅ​អគារ​ USAID ក្នុងរដ្ឋ​ធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី​០១ កុម្ភៈ ឆ្នាំ២០២៥។

ការសម្រេច​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​ផ្អាក​ការផ្តល់​ថវិការ​ជំនួយ​បរទេស​របស់​ខ្លួន​កំពុង​បង្ខំ​ឱ្យទីភ្នាក់ងារ​នានា​របស់អង្គការ​សហ្រជាជាតិ​បញ្ឈប់​ការងារ​របស់​មនុស្ស​រាប់​ពាន់​នាក់។ នេះ​បើ​តាម​ពួក​មន្ត្រី​អង្គការ​សហប្រជាជាតិ​ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

ការព្រមាន​នៃ​ការបន្ត​កាត់​បន្ថយបុគ្គលិកកើត​មាន​ នៅពេល​ដែល​អង្គការ​ទេសន្តរប្រវេសន៍ (IOM)បាន​បញ្ជូន​ការជូន​ដំណឹង​អំពីកា​របណ្តេញ​បុគ្គលិក​ទៅឱ្យ​បុគ្គលិក៣ពាន់​នាក់​នៃ​បុគ្គលិក​ទាំង​អស់​២ម៉ឺន២ពាន់​នាក់​នៅ​ទូទាំង​ពិភពលោក។ នេះ​បើ​តាម​ព្រឹត្តិប័ត្រ​ផ្ទៃ​ក្នុង​មួយ​ដែល​ទីភ្នាក់ងារ​សារព័ត៌មាន AFP​ បាន​ឃើញ។

មាន​សេចក្តីរាយការណ៍​ថាជាង​ពាក់​កណ្តាល​នៃ​បុគ្គលិក៥ពាន់​នាក់​កំពុង​ធ្វើការនៅ​កម្មវិធី​ការតាំង​ទី​លំនៅ​ថ្មី​របស់​ជនភៀសខ្លួន​នៅ​សហរដ្ឋ​អាមេរិក។

ឧត្រមស្នងការ​ទទួល​បន្ទុក​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ​ឬ UNHCR បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​សប្តាហ៍​នេះ​ថា​ខ្លួន​មាន​ផែនការ​កាត់បន្ថយ​«ការងារ​បុគ្គលិក​ចំនួន៦រយ​កន្លែង»នៃបុគ្គលិក​បម្រើ​ការងារ​ទូទាំង​សាកលលោក​ប្រហែល២ម៉ឺន​កន្លែង​ដែល​ការងារ​ភាគច្រើន​នៅ​មូលដ្ឋាន។

អ្នកនាំ​ពាក្យ​ទីភ្នាក់ងារ UNHCR បាន​និយាយ​ថា​ខ្លួន​បាន​ផ្តល់​អាទិភាព​លើ​ការងារ​ជួយ​សង្គ្រោះ​ជីវិត​របស់​យើង​ហើយ​និង​កាត់​បន្ថយ​ការចំណាយ»​នៅពេល​ដែល​ខ្លួន​ស្វែង​យល់​ផលប៉ះពាល់​ទាំងស្រុង​នៃ​ការ​បញ្ឈប់​ជំនួយរបស់​សហរដ្ឋ​អាមេរិក​នេះ។

ទីភ្នាក់ងារនេះបាន​បញ្ឈប់សកម្មភាព​នានា​ដែល​មាន​ផលប៉ះពាល់​ផ្ទាល់ខ្លាំង​ឡើង​ដោយសារ​ការផ្អាក​ជំនួយ​ថវិកា​របស់​សហរដ្ឋ​អាមេរិក។​ក្នុងនោះ​ រួមមាន​ការតាំង​ទី​លំនៅ​ថ្មី​របស់​ជនភៀស​ខ្លួន​នៅ​សហរដ្ឋ​អាមេរិក​ ដោយ​ការបាត់បង់​ការងារ ហើយ​បានធ្វើឲ្យ​ប៉ះពាល់​មនុស្ស​ដែល​កំពុង​ធ្វើការ​លើ​កម្មវិធី​ទាំង​នោះ។

មុនពេល​ជំនួយបាន​ផ្អាក សហរដ្ឋ​អាមេរិក​ជា​ម្ចាស់​ជំនួយ​ធំ​បំផុតដល់​ទីភ្នាក់ងារ UNHCR និង​អង្គការ IOM។

ការកាត់​ជំនួយ​នេះ​កើត​មាន​ឡើង​ទើបតែ​ប៉ុន្មាន​សប្តាហ៍​បន្ទាប់ពីប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump នៅ​ថ្ងៃ​ទី១នៃការ​ត្រឡប់​ចូល​កាន់​តំណែង​របស់​លោក​វិញ​បាន​ចេញ​បទ​បញ្ជា​ប្រធានាធិបតីបញ្ឈប់​ការផ្តល់​ថវិកា​ជំនួយ​បរទេស​របស់​សហរដ្ឋ​អាមេរិក។

ក្នុង​ឆ្នាំ​សារពើពន្ធ​២០២៤ ជនភៀសខ្លួន​ជាង១សែន​នាក់​បាន​តាំងទីលំនៅ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ជា​ចំនួន​ច្រើន​បំផុត​ក្នុង​រយៈពេល៣ទសវត្សរ៍៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG