ប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានស្វាគមន៍ការសម្រេចរបស់រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកដើម្បីបិទទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិឬ USAID ដែលជាទីភ្នាក់ងារឯករាជ្យដោយបានហៅអង្គការមនុស្សធម៌នេះថាជា«ក្បាលម៉ាស៊ីនដើម្បីជ្រៀតជ្រែក»ក្នុងកិច្ចការសាកលលោក។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Elon Musk ទីប្រឹក្សាជិតស្និទ្ធរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសកាលពីថ្ងៃចន្ទថា ទីភ្នាក់ងារមនុស្សធម៌ដ៏ធំនេះនឹងត្រូវ«បិទទ្វារ»ជាផ្នែកមួយនៃយុទ្ធនាការដ៏ខ្លាំងមួយរបស់លោកដើម្បីបង្រួញរដ្ឋាភិបាលសហរដ្ឋអាមេរិក។
ទីភ្នាក់ងារផ្តល់ជំនួយ USAID បានបញ្ជាក់កាលពីថ្ងៃអង្គារថា ខ្លួនបានឱ្យបុគ្គលិករបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិកនិងជុំវិញពិភពលោកឈប់សម្រាកមួយរយៈ ដោយក្រសួងការបរទេសសហរដ្ឋអាមេរិកកាន់កាប់មុខការរបស់ទីភ្នាក់ងារជំនួយ USAID។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova បាននិយាយនៅក្នុងសន្និសីទកាសែតប្រចាំសប្តាហ៍ ដោយយោងដល់ការរិះគន់ជាយូរអង្វែងរបស់រដ្ឋាភិបាលក្រុងមូស្គូដល់ទីភ្នាក់ងារនេះថា«ចំណុចមួយគត់ដែលយើងពេញចិត្តពិតប្រាកដមកពីអ្វីដែលយើងបាននិយាយបានក្លាយជាការពិត»។
រុស្ស៊ីបានបណ្តេញទីភ្នាក់ងារផ្តល់ជំនួយ USAID ចេញពីប្រទេសរបស់ខ្លួននៅឆ្នាំ២០១២ចំពោះ«ការជ្រៀតជ្រែក»ក្នុងនយោបាយរបស់ខ្លួន។ រុស្ស៊ីបានចោទប្រកាន់ទីភ្នាក់ងារនេះនិងអង្គការផ្សេងទៀតជាយូរយារមកហើយចំពោះការធ្វើឱ្យមានការងើបបះបោរគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងបណ្តារដ្ឋរបស់អតីតសហភាពសូវៀត។
ស្ថាប័នផ្តល់ជំនួយនៃគោលនយោបាយការបរទេសសហរដ្ឋអាមេរិក USAID បានផ្តល់ថវិកាដល់កម្មវិធីសុខភាពនិងគ្រាអាសន្ននិងកិច្ចផ្តួចផ្តើមលើកស្ទួយលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសប្រហែល១២០ រួមទាំងបណ្តាតំបន់ក្រីក្របំផុតរបស់ពិភពលោក។
ទីភ្នាក់ងារនេះត្រូវបានគេមើលឃើញថាជាប្រភពដ៏សំខាន់នៃអំណាចទន់សម្រាប់សហរដ្ឋអាមេរិកនៅក្នុងការតស៊ូរបស់ខ្លួនដើម្បីបញ្ចេញឥទ្ធិពលជាមួយគូប្រជែងនានារួមទាំងប្រទេសចិន ក៏ប៉ុន្តែ ត្រូវបានរិះគន់ជាយូរយារមកហើយដោយពួកគេមេដឹកនាំផ្តាច់ការ៕
រុស្ស៊ីស្វាគមន៍ការបិទទីភ្នាក់ងារផ្តល់ជំនួយ USAID ដោយហៅទីភ្នាក់ងារនេះថាជា«ក្បាលម៉ាស៊ីនសម្រាប់ការជ្រៀតជ្រែក»
![បាតុករតវ៉ាប្រឆាំងនឹងការសម្រេចរបស់លោកប្រធានាធិបតី Donald Trump ក្នុងការបិទទីភ្នាក់ងារ USAID កាលពីថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០២៥។](https://gdb.voanews.com/5c18d7a3-5764-4123-a337-dc72b384f882_w250_r1_s.jpg)
វេទិកាបញ្ចេញមតិ