អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា CMAC លោក ហេង រតនា ប្រាប់វីអូអេថា ចិនបន្តផ្តល់ជំនួយជាង ៤លានដុល្លារ ដល់កម្ពុជា ដើម្បីសកម្មភាពដោះមីន ប៉ុន្តែលោកថា ជំនួយនេះមិនមែនជំនួសជំនួយរបស់សហរដ្ឋអាមេរិក ដែលត្រូវបានរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បង្កកឡើយ។
បើតាមលោក ហេង រតនា នាពេលថ្មីនេះ ចិនបន្តផ្តល់ជំនួយចំនួន ៤លាន ៤សែនដុល្លារអាមេរិកក្នុងមួយឆ្នាំ ដើម្បីសកម្មភាពដោះមីននៅកម្ពុជា។ លោកបន្ថែមថា គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជាបានចាប់ផ្តើមពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៦នោះ មានថវិកាសរុប ១៣,២លានដុល្លារ។
លោក ហេង រតនា បញ្ជាក់ថា ជំនួយរបស់ចិន មិនមែនជំនួសជំនួយរបស់អាមេរិក ដែលប្រកាសផ្អាកជាបណ្តោះអាសន្ននោះទេ។
លោកប្រាប់វីអូអេថា៖ «ទោះបីយ៉ាងណាក៏ដោយជំនួយរបស់ចិនមិនមែនយកមកជំនួសជំនួយសហរដ្ឋអាមេរិក ដៃគូដែលបានផ្អាកហ្នឹងទេ ព្រោះគម្រោងរបស់យើងមានស្រាប់រយៈពេល ២ឆ្នាំមកហើយ អ៊ីចឹងនេះជាឆ្នាំជាទី៣។ កម្លាំងក្រុមប្រតិបត្តិការដែលមាននៅក្នុងគម្រោងចិនយើងមានស្រាប់អស់ហើយ អ៊ីចឹងទេយើងអត់ទាន់យកដោះស្រាយអ្នកដែលកំពុងផ្អាកនេះនៅឡើយទេ»។
ក្នុងមួយឆ្នាំៗ សហរដ្ឋអាមេរិកបានផ្តល់ជំនួយជាទឹកប្រាក់ជាង ១០លានដុល្លារអាមេរិកដល់កម្ពុជាសម្រាប់បេសកកម្មដោះមីន។ ក៏ប៉ុន្តែបន្ទាប់ពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធីបតីសហរដ្ឋអាមេរិក អាមេរិកបានប្រកាសបង្កកជំនួយរយៈពេល ៩០ថ្ងៃ ហើយសកម្មភាពដែលគាំទ្រលើប្រតិបត្តិករដោះមីននៅកម្ពុជា ក៏ត្រូវបានផ្អាកទាំងស្រុង ចំណែកបុគ្គលិកដោះមីនជាង ១០០០នាក់ ក៏រងប៉ះពាល់។
លោក ហេង រតនា ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកគឺជាដៃគូផ្តល់ជំនួយមួយក្នុងចំណោមដៃគូនៃបណ្តាប្រទេសផ្សេងៗ ដែលជាដៃគូផ្តល់ជំនួយបោសសម្អាតមីននៅកម្ពុជាដែលមានរហូតដល់ជាង ៣០គម្រោង។
ទោះជាយ៉ាងណា ប្រទេសចិន ជប៉ុន និងប្រទេសផ្សេងទៀតនៅតែបន្តផ្តល់ជំនួយជាធម្មតាសម្រាប់បេសកកម្មដោះមីននៅកម្ពុជា។
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលជប៉ុនក៏បានផ្តល់ថវិកា ១,៣លានដុល្លារអាមេរិក ដល់អង្គការមនុស្សធម៌ និងបោសសម្អាតមីន ដើម្បីប្រតិបត្តិការដោះមីននៅកម្ពុជា។ ជំនួយនេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥។
លោក ហេង រតនា បញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសជប៉ុនជាអ្នកផ្តល់ជំនួយធំជាងគេដល់អង្គភាពស៊ីម៉ាក់ ជាមធ្យម ៦ទៅ៧លានដុល្លារ ក្នុងមួយឆ្នាំ ដែលជំនួយទាំងនោះ រួមមានសម្ភារៈបរិក្ខារ ការហ្វិកហ្វឺន និងប្រតិបត្តិបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ លោកបន្ថែមថា ជប៉ុនបានជួយសាងសងអគារហ្វឹកហ្វឺនជិត ២០លានដុល្លារផងដែរ។
ចំណែកកាលពីចុងខែមករា រដ្ឋាភិបាលអូស្ត្រាលី និងអង្គការយូអិនឌីភី (UNDP) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិភាគទាន ដោយបានបន្ថែមថវិកាជំនួយចំនួន ២លានដុល្លារអូស្ត្រាលី ដល់គម្រោងបោសសម្អាតមីននៅកម្ពុជា ដើម្បីគាំទ្រកម្ពុជាឆ្ពោះទៅរកការគ្មានមីននៅឆ្នាំ២០៣០។
លោក ហេង រតនា បញ្ជាក់ថា គម្រោងក្នុងការផ្តល់ជំនួយពីបណ្តាប្រទេសទាំងអស់នោះ មិនមែនជាការផ្តល់ជំនួយជំនួសសហរដ្ឋអាមេរិកឡើយ វាគ្រាន់តែជាជំនួយដែលបានចរចាគ្នាតាមគម្រោងនៃឆ្នាំនីមួយៗតែប៉ុណ្ណោះ។
អង្គការមួយចំនួនដែលជួយដល់ផ្នែកដោះមីនក្នុងប្រទេសកម្ពុជាកំពុងរងផលប៉ះពាល់ ដោយសារការបង្កកជំនួយរបស់អាមេរិក។ ជំនួយនេះក៏ស្ថិតក្នុងភាពមិនប្រាកដប្រជាថាតើអាមេរិកនឹងបន្តផ្តល់ឡើងវិញ កាត់ផ្តាច់ទាំងស្រុង ឬកាត់បន្ថយក្នុងទំហំណាមួយ។
លោក អាគី រ៉ា ប្រធានអង្គការដោះមីនកម្ពុជា (Cambodia Self Help Demining ឬ CSHD) ឬគេស្គាល់ឈ្មោះថាអង្គការអាគីរ៉ា ប្រាប់វីអូអេថា អង្គការអាគីរ៉ា កំពុងតែព្រួយបារម្ភបញ្ហាហិរញ្ញវត្ថុ បន្ទាប់ពី USAID ដែលជាម្ចាស់ជំនួយធំ បានប្រកាសផ្អាកជំនួយនាពេលថ្មីៗនេះ។
បើតាមលោក អាគី រ៉ា USAID តែងតែផ្តល់ថវិកាជាមធ្យម ៥០ម៉ឺនដុល្លារក្នុងមួយឆ្នាំ ដល់អង្គការរបស់លោកសម្រាប់ចំណាយលើបុគ្គលិកប្រមាណ ៤០នាក់។
លោកប្រាប់វីអូអេថា៖ «បាទ! កំពុងផ្សព្វផ្សាយរកជំនួយ នៅអត់ស្ងៀមទេ ភ័យ»។
លោក អាគី រ៉ា បានសំណូមពរទៅបណ្តាប្រទេសផ្សេង ក៏ដូចជាប្រជាពលរដ្ឋខ្មែរ ឱ្យចូលរួមបរិច្ចាកដល់អង្គការរបស់លោក ដើម្បីអាចបន្តការងារដោះមីនបាន។
លោកថ្លែងថា៖ «សំណូមពរឱ្យប្រទេសផ្សេងៗ ជួយបរិច្ចាគបន្តដោះ[មីន]តទៀតឱ្យអស់ ហើយហ្នឹងសប្បុរសជនខ្មែរយើងផង ជួយចូលរួមផង កុំពឹងតែបរទេសពេក។ អស់ពីបរទេសក៏ខ្មែរយើង ណាគេមានលុយច្រើនក៏ជួយបន្តិចបន្តួចម្នាក់ ច្រើនគ្នាមកគ្រប់ហើយ អាចដោះស្រាយចេញបាន»។
កាលពីកន្លងទៅ លោក លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីន (CMAA) ប្រាប់វីអូអេថា លោកមានការសោកស្តាយចំពោះការបង្កកជំនួយរបស់សហរដ្ឋអាមេរិកក្នុងរយៈពេល ៩០ថ្ងៃ ដោយសារសកម្មភាពដែលគាំទ្រដោយជំនួយអាមេរិកនិងប្រតិបត្តិករដោះមីនត្រូវបានផ្អាកទាំងស្រុង ក្រោយសហរដ្ឋអាមេរិកបានសម្រេចបែបនេះ។
ទោះជាយ៉ាងណាក្តី លោក លី ធុជ នៅតែបង្ហាញក្តីសង្ឃឹមថា ជំនួយនេះនឹងត្រូវផ្តល់ឡើងវិញ ក្រោយរដ្ឋាភិបាលអាមេរិកបញ្ចប់ដំណើរត្រួតពិនិត្យលើជំនួយបរទេសរបស់ខ្លួន។
លោក លី ធុជ បញ្ជាក់ថា កម្ពុជាបានចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់នៅក្នុងបេសកកម្មដោះមីន ដែលសហរដ្ឋអាមេរិកបានចូលរួមតាំងពីទសវត្សរ៍ ៩០ ហើយបានចំណាយប្រាក់ជាង ១០០លានដុល្លារអាមេរិករហូតមកដល់ពេលនេះ ដើម្បីគាំទ្រកិច្ចប្រឹងប្រែងដោះមីននៅកម្ពុជា។
ការបង្កកជំនួយរបស់អាមេរិកក្រោមរដ្ឋបាលថ្មីរបស់ លោក ដូណាល់ ត្រាំ នេះក៏រងការរិះគន់ពីប្រទេសមួយចំនួន ក្នុងនោះរួមមានប្រទេសជិតខាងកម្ពុជា គឺប្រទេសឡាវនិងវៀតណាម ដែលកំពុងប្រឈមនឹងគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះដូចកម្ពុជាដែរ។ នៅកម្ពុជា សហរដ្ឋអាមេរិករងការរិះគន់ពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់អាមេរិកលើការទម្លាក់គ្រាប់បែកនៅប្រទេសកម្ពុជាក្នុងអំឡុងសម័យសង្រ្គាមវៀតណាម។
កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជានៅមានផ្ទៃដីមានគ្រាប់មីនជាង ១.៦០០គីឡូម៉ែត្រក្រឡា ដែលបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាជនប្រមាណ ១លាននាក់។ គិតចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០២៤ ជនរងគ្រោះដែលបានស្លាប់ដោយសារគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះក្នុងប្រទេសកម្ពុជា មានចំនួនប្រមាណ ២០.០០០ នាក់ និងអ្នករបួសមានចំនួនជាង ៤៥.០០០នាក់។ កាលពីឆ្នាំ២០២៤ ជនរងគ្រោះដោយសារគ្រាប់មីន មានចំនួន ៤៩នាក់ ដោយក្នុងនោះស្លាប់ចំនួន ១២នាក់៕
វេទិកាបញ្ចេញមតិ