រដ្ឋបាលប្រធានាធិបតីអាមេរិកលោក Donald Trump នឹងរក្សាបុគ្គលិកចាំបាច់ចំនួន ៦១១ នាក់ឲ្យនៅធ្វើការឲ្យទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID)។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃសុក្រដែលយោងលើសេចក្តីជូនដំណឹងមួយដែលផ្ញើទៅកាន់បុគ្គលិកនៅទីភ្នាក់ងារផ្តល់ជំនួយបរទេសរបស់សហរដ្ឋអាមេរិកនេះកាលពីយប់ថ្ងៃព្រហស្បតិ៍។
រដ្ឋបាលលោក Trump ពីមុនគ្រោងរក្សាបុគ្គលិកតិចជាង ៣០០ នាក់នៅ USAID ក្នុងចំណោមបុគ្គលិកសរុបជាង ១០.០០០ នាក់របស់ទីភ្នាក់ងារនេះនៅទូទាំងពិភពលោក។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ Reuters កាលពីមុនដែលយោងលើប្រភពចំនួន ៤ ដែលដឹងអំពីផែនការនេះ។
ទីភ្នាក់ងារផ្តល់ជំនួយមនុស្សធម៌ចម្បងរបស់អាមេរិកនេះបានក្លាយជាគោលដៅកំពូលនៃកម្មវិធីកាត់បន្ថយចំណាយរបស់រដ្ឋាភិបាលអាមេរិកដែលដឹកនាំដោយលោក Elon Musk ដែលជាមហាសេដ្ឋីនិងជាសម្ព័ន្ធមិត្តរបស់លោក Trump ចាប់តាំងពីលោក Trump បានចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករាមក។
ការកាត់បន្ថយបុគ្គលិកទីភ្នាក់ងារ USAID នេះនឹងចូលជាធរមាននៅពាក់កណ្តាលយប់ថ្ងៃសុក្រម៉ោងនៅសហរដ្ឋអាមេរិក។ នេះបើយោងតាមសេចក្តីជូនដំណឹង។ តែពាក្យបណ្តឹងដែលបានដាក់កាលពីថ្ងៃព្រហស្បតិ៍មានបំណងធ្វើយ៉ាងណាឲ្យរដ្ឋបាលលោក Trump ឈប់រំលាយទីភ្នាក់ងារនេះ។
ពាក្យបណ្តឹងនោះបានស្នើឲ្យតុលាការចេញបទបញ្ជាបណ្តោះអាសន្ននិងឈានទៅអចិន្ត្រៃយ៍ក្នុងការស្តារការផ្តល់មូលនិធិរបស់ទីភ្នាក់ងារ USAID នេះ បើកការិយាល័យរបស់ទីភ្នាក់ងារនេះឡើងវិញ និងរារាំងបទបញ្ជាណាមួយទៀតរបស់លោក Trump នៅពេលខាងមុខដែលចង់រំលាយទីភ្នាក់ងារនេះ៕
រដ្ឋបាលលោក Trump នឹងរក្សាបុគ្គលិក USAID ចាំបាច់ ៦១១ នាក់
- Reuters
![ផ្កាមួយបាច់ត្រូវបានដាក់នៅខាងមុខទីស្នាក់ការកណ្តាលរបស់ទីភ្នាក់ងារ USAID កាលពីថ្ងៃទី០៧ កុម្ភៈ ឆ្នាំ២០២៥។](https://gdb.voanews.com/aae9a8a6-d966-4881-b138-7666d4982444_cx0_cy5_cw0_w250_r1_s.jpg)
វេទិកាបញ្ចេញមតិ