រាជធានីភ្នំពេញកំពុងរងសម្ពាធនៃការកកស្ទះចរាចរណ៍ដោយបញ្ហាមធ្យោបាយដឹកជញ្ជូន និងបញ្ហាចោទផ្សេងៗបង្កឡើងជាប្រចាំថ្ងៃ។ ឆ្លើយតបនឹងបញ្ហានេះ កម្មវិធីផ្ដួចផ្ដើមសហគ្រិនភាពមួយ ក្រោមឈ្មោះថា «Urban Mobility Incubator» ត្រូវបានរៀបចំឡើងដើម្បី ជួយរកដំណោះស្រាយប្រកបទៅដោយចីរភាពសម្រាប់មធ្យោបាយដឹកជញ្ជូន ដើម្បីឲ្យការធ្វើដំណើរមានសុវត្ថិភាព និងងាយស្រួលជាងមុនសម្រាប់ពលរដ្ឋរស់នៅទីក្រុងភ្នំពេញ។
កម្មវិធីផ្តួចផ្តើមដ៏ថ្មីស្រឡាងនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា នេះក្រោមការរៀបចំរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលសហគ្រិនភាព Impact Hub ក្នុងរាជធានីភ្នំពេញ។
នៅក្នុងកម្មវិធីនេះផងដែរ លោក Nick Beresford នាយកគ្រប់គ្រងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំប្រទេសកម្ពុជា ដែលជាដៃគូក្នុងការផ្តួចផ្តើមកម្មវិធី បានថ្លែងដូច្នេះថា៖
«អ្វីដែលជាយុទ្ធសាស្រ្តមិនជោគជ័យសម្រាប់ខ្ញុំ គឺការចេះតែបន្តសាងសង់ស្ពានអាកាស ដើម្បីដោះស្រាយបញ្ហាស្ទះចរាចរណ៍។ វាដូចជា ការគ្រាន់តែបន្ធូរខ្សែក្រវ៉ាត់ ដើម្បីសម្រកទម្រន់។ ដំបូងអ្នកមានអារម្មណ៍ល្អ ប៉ុន្តែអ្នកមិនបានដោះស្រាយបញ្ហាឲ្យចំនោះទេ»។
យ៉ាងណាក្តី លោក Beresford ក៏បានសម្តែងទស្សនវិស័យវិជ្ជមានទៅលើការធ្វើទំនើបកម្មលើមធ្យោបាយធ្វើដំណើរ និង ដឹកជញ្ជូននៅរាជធានីភ្នំពេញផងដែរ។ ហើយអ្វីដែលធ្វើឲ្យលោកមានសុទិដ្ឋិនិយមបន្ថែមទៀតនោះ គឺការវិនិយោគនៅក្នុងមធ្យោបាយដឹកជញ្ជូនដូចជា ឡានក្រុង និងផ្លូវដែកដែលលោកចាត់ទុកថា ជាយុទ្ធសាស្រ្តជោគជ័យមួយនៅក្នុងការដោះស្រាយបញ្ហាស្ទះចរាចរណ៍។
លោក Beresford ក៏បានលើកឡើងពីបញ្ហាសុវត្ថិភាពនៅលើដងផ្លូវផងដែរ ដោយលោកបានលើកឡើងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅលើពិភពលោកក្នុងមួយឆ្នាំ គឺមាន ១,២ លាននាក់។ តួលេខនេះគឺ មានច្រើនជាងចំនួនអ្នកស្លាប់ដោយសារជំងឺអេដស៍ក្នុងមួយឆ្នាំ ដែលមានត្រឹមតែ ១លាននាក់ប៉ុណ្ណោះ។ នេះបើយោងទៅតាមលោក Beresford។
លោក Beresford បានបន្តទៀតថា ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា គឺមានពី១ ពាន់ ទៅ ៤ពាន់នាក់ក្នុងមួយឆ្នាំផងដែរ។ អាស្រ័យហេតុនេះ លោកគិតថា នេះជាបញ្ហាប្រឈមដែលមិនត្រូវបានយកចិត្តទុកដាក់ពេញលេញនៅឡើយ ហើយលោកសង្ឃឹមថា កម្មវិធីផ្តួចផ្តើម «Urban Mobility Incubator» នឹងដើរតួសំខាន់នៅក្នុងការដោះស្រាយបញ្ហានេះ។
អ្នកស្រី កូយ សូដានី អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនបាននិយាយថា អ្នកស្រីចង់ឃើញការរួមចំណែកពីវិស័យឯកជននៅក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ជាមួយនឹងកិច្ចការនាពេលបច្ចុប្បន្ន ដែលក្រសួងកំពុងធ្វើ។
អ្នកស្រីបញ្ជាក់ជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលក្នុងន័យដើមថា៖
«យើងកំពុងព្យាយាមស្នើសុំការគាំទ្របន្ថែមពីវិស័យឯកជន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុង និងនៅក្នុងប្រទេសទាំងមូល»។
ឆ្លើយតបនឹងបញ្ហាម៉ូតូកង់បី ឬរ៉ឺម៉ក អ្នកស្រីក៏បានទទួលស្គាល់ផងដែរថា មានមតិរិះគន់ជាច្រើនពីសំណាក់អ្នកប្រើប្រាស់មធ្យោបាយធ្វើដំណើរប្រភេទនេះ ទាក់ទិននឹងសីលធម៌និងរបៀបរបបនៅក្នុងការបើកបរ។ អ្នកស្រីបានលើកឡើងថា ក្រសួងកំពុងធ្វើការពង្រឹងផ្នែកអប់រំចរាចរណ៍ និងអនុវត្តបន្ថែមដើម្បីធានាថា អ្នកបើកបររ៉ឺម៉ក ឬម៉ូតូកង់បីមានបណ្ណបើកបរត្រឹមត្រូវ។
អ្នកស្រីកូយ សូដានីបានថ្លែងថា៖
«យើងទទួលបានការត្អូញត្អែរពីអ្នកប្រើប្រាស់សេវាកម្មរ៉ឺម៉កតុកតុក ដែលថា អ្នកបើកបរមានសម្តីមិនល្អ និងមិនគោរពភ្លើងសញ្ញាចរាចរណ៍ ឬច្បាប់ចរាចរណ៍។ នេះជាបញ្ហាចោទមួយសម្រាប់ក្រសួង។ ហើយនាពេលបច្ចុប្បន្ន យើងកំពុងតែធ្វើការជាមួយសមាគមរ៉ីម៉កតុកតុកដើម្បីផ្តល់នូវការអប់រំផ្នែកចរាចរណ៍ និងដោះស្រាយបញ្ហាបណ្ណបើកបរ»។
លោក Freddie Tinga ស្ថាបនិកក្រុមហ៊ុន Global Electric Transport និងជាអតីតចៅហ្វាយក្រុង Taguig ដែលជាទីក្រុងកំពុងរីកធំលឿនជាងគេបង្អស់មួយនៅប្រទេសហ្វីលីពីនបាននិយាយថា ការរួមសហការគ្នារវាងវិស័យសាធារណៈ និងឯកជន គឺជាកត្តាល្អមួយនៅក្នុងការដោះស្រាយបញ្ហា ចរាចរណ៍ ដែលមានជាទូទៅ។
លោកបានមានប្រសាសន៍ នៅក្នុងន័យប្រែសម្រួលជាភាសាខ្មែរថា៖
«វាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ដែល រដ្ឋបាលក្រុង វិស័យឯកជន និងរដ្ឋាភិបាលផ្តោតយកចិត្តទុកដាក់លើបញ្ហា[ចរាចរណ៍] ដែលមនុស្សមួយចំនួនគិត ថា ជារឿងធម្មតាទៅហើយ»។
ដោយយល់ស្របជាមួយនឹងលោក Nick Beresford លោក Tinga បាននិយាយថា បញ្ហាចោទនៅក្នុងវិស័យមធ្យោបាយធ្វើដំណើរគឺទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ។ លោកបន្តថា ដំណោះស្រាយមានតែម្យ៉ាង គឺត្រូវកែច្នៃឲ្យបានប្រសើរជាងមុន។ លោក Tinga បានថ្លែងថា៖
«ដំណោះស្រាយចម្បងសម្រាប់ទាំងអ្នកនៅក្នុងជួររដ្ឋាភិបាល និងអ្នកដែលមិនមែននៅក្នុងជួររដ្ឋាភិបាលគឺ ទាក់ទិននឹងហេដ្ឋារចនាសម្ព័ន្ធ។ ដូច្នេះ ជម្រើសក្នុងការដោះស្រាយគឺត្រូវកែច្នៃឲ្យបានប្រសើរជាងមុន»។
ស្របពេលដែល វិស័យដឹកជញ្ជូនមានសារៈសំខាន់នៅក្នុងការលើកកម្ពស់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចដើម្បីសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់កម្ពុជា ការចំណាយប្រកបដោយប្រសិទ្ធភាព និងតម្លាភាពនិងការប្រើប្រាស់ធនធានឲ្យត្រូវគោលដៅគឺ ត្រូវការជាចាំបាច់ ដើម្បីលើកស្ទួយវិស័យដឹកជញ្ជូន គួបផ្សំជាមួយនឹងគំនិតច្នៃប្រឌិត ដែលមានស្រាប់៕