«រឿងដែលវាហួសចិត្ត វិថីមួយខ្សែគឺបានកើតឡើងនៅមុខផ្ទះនាយករដ្ឋមន្រ្តីតែម្តង ជាផ្លូវថ្មីចែសគឺនៅវិមានឯករាជ្យ ជាគន្លងផ្លូវថ្មីមួយដែលកើតក្នុងសម័យតេជោ ជាផ្លូវមួយដែលគួរឲ្យមានការអៀនខ្មាស»។
ខាងលើនេះជាសម្តីរបស់លោកហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បន្ទាប់ពីលោកបានឃើញពីសកម្មភាពល្មើសច្បាប់ចរាចរណ៍ដោយការជិះបញ្ច្រាសផ្លូវនៅខាងមុខភូមិគ្រឹះរបស់លោក នៅវិមានឯករាជ្យ ដែលជាទីប្រជុំដោយភ្ញៀវទេសចរជាតិ និងអន្តរជាតិ អំឡុងថ្ងៃឆ្លងឆ្នាំសាកល២០១៨។
លោក ហ៊ុន សែន បានបញ្ចេញប្រតិកម្មខ្លាំងៗចំពោះទង្វើល្មើសច្បាប់ចរាចរណ៍ដោយការជិះបញ្ច្រាសផ្លូវ ហើយបានបញ្ជាឲ្យមន្រ្តីពាក់ព័ន្ធគឺអភិបាលខណ្ឌដូនពេញចាត់វិធានការបង្រ្កាបនិងធ្វើការផាកពិន័យភ្លាមៗ កាលពីយប់ថ្ងៃទី៣១ ធ្នូ២០១៧ ដែលជាយប់ឆ្លងឆ្នាំសកល ចូលឆ្នាំ២០១៨ ។ លោកបានដាក់ការស្តីបន្ទោសទៅលើមន្រ្តីអនុវត្តច្បាប់ក្នុងការមិនយកចិត្តទុកដាក់ និងមិនដាក់ស្លាកសញ្ញាចរាចរឲ្យបានត្រឹមត្រូវ ដើម្បីឲ្យប្រជាពលរដ្ឋស្វែងយល់និងគោរព។
ក្នុងការជួបជុំជាមួយកម្មករកម្មការិនីរោងចក្រកាត់ដេរកាលពីថ្ងៃទី២ មករា ២០១៨ លោក ហ៊ុន សែន បានបញ្ជាក់ថា៖
«ផ្តាំទៅក្មួយៗ! ប៉ូលិសចាប់ប៉ុន្មានថ្ងៃនេះ គឺបញ្ជារបស់នាយករដ្ឋមន្រ្តីតែម្តង មិនមែនបញ្ជាអ្នកណាទេ»។
បញ្ជាបន្ទាន់របស់លោក ហ៊ុន សែន ដែលស្ថិតក្នុងអំណាចជាង៣ទសវត្សរ៍បានធ្វើឱ្យមានការបង្រ្កាប និងពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកភ្លាមៗឡើងវិញ ទូទាំងប្រទេស។ ទោះយ៉ាងណាក៏ដោយអ្នកជំនាញ និងអ្នកអនុវត្តច្បាប់បញ្ចេញមតិផ្សេងៗគ្នាប្រាប់ VOA ចំពោះការបញ្ជា ការអនុវត្តច្បាប់និងការគោរពច្បាប់ចរាចរណ៍របស់ពលរដ្ឋខ្មែរនាពេលបច្ចុប្បន្ន។
លោក រុណ រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ប្រាប់ VOA តាមទូរស័ព្ទអំពីបញ្ហាល្មើសច្បាប់ទាំងនេះថា៖
«ទោះបីជាភ្លើងហ្នឹងក្រហមក៏គាត់នៅតែទៅ។ ចំពោះភ្លើងពណ៌លឿងដែលគេយល់ថា ជាភ្លើងដែលសញ្ញា ឲ្យឈប់ដើម្បីកុំឲ្យវិលកង់ទៅមុខបាន គឺគាត់នៅតែល្មើស ហើយបញ្ហាសំខាន់មួយទៀតនោះគឺថា ពេលខ្លះគាត់ជិះបញ្រ្ចាសតែម្តង»។
លោកបានបន្តថា៖
«គាត់អត់យល់ថា អ្វីដែលចរាចរយើងបានផ្សព្វផ្សាយ ហើយការជិះបញ្ច្រាសហ្នឹងបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរ បណ្តាលឲ្យមានការកកស្ទះហ្នឹង គាត់នៅតែបំពារបំពាននូវចំណុចនេះ»។
ក្រោយការបញ្ជាភ្លាមៗរបស់លោក ហ៊ុន សែន គេសង្កេតឃើញថា មានកងកម្លាំងប្រដាប់អាវុធគ្រប់ឯកសណ្ឋានបានចេញត្រៀបត្រាតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ និងមានការចាប់យកម៉ូតូជាច្រើនគ្រឿងផងដែរ។ ក៏ប៉ុន្តែមិនមានឃើញការចាប់រថយន្តទំនើបៗនៅឡើយនោះទេ។
បញ្ហាល្មើសច្បាប់ចរាចរនៅក្នុងប្រទេសកម្ពុជាមិនមែនមានតែការជិះបញ្ច្រាសផ្លូវនោះទេ។ ការមិនគោរពភ្លើងសញ្ញាចរាចរណ៍ ការមិនពាក់មួកសុវត្ថិភាព រួមទាំងការបើកបរមិនគោរពស្លាកសញ្ញាចរាចរនៅលើទ្រូងផ្លូវផ្សេងៗជាបញ្ហាចម្បងដែលកំពុងកើតមាន ហើយបង្កឲ្យមានការកកស្ទះនិងគ្រោះថ្នាក់ចរាចរ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដ៏តូចមួយនេះ។
លោក ឈឹម ទូច អ្នកដំណើរតាមម៉ូតូម្នាក់ អាយុ២៦ឆ្នាំ រស់នៅទីក្រុងភ្នំពេញ បានប្រាប់ VOA ថា រដ្ឋាភិបាលកម្ពុជាគួរពង្រឹកការអប់រំច្បាប់ចរាចរណ៍បន្ថែមទៀតដល់ជនបទ។ លោកថា ការបើកបញ្ជៀតគ្នានិងគ្មានសណ្តាប់ធ្នាប់របស់រថយន្តនៅក្នុងរាជធានីភ្នំពេញ ក៏ជាមូលហេតុចម្បងមួយដែលធ្វើឱ្យមានការកកស្ទះចរាចរណ៍ផងដែរ។
អ្នកដំណើរ ឈឹម ទូច បញ្ជាក់ថា៖
«រឿងឡាន ឡានបើកអត់សូវលក្ខណៈ... និយាយឲ្យចំទៅ ដូចអ្នកអត់រៀនបើកឡានអីចឹង។ បើកលក្ខណៈ... ឧទាហរណ៍ ដូចផ្លូវតូចអីចឹង បើកបីជួរអីចឹង ម៉ូតូពិបាកធ្វើដំណើរ»។
លោក អ៊ា ចរិយា ក៏បានមានមតិដូចគ្នានេះដែរថា ការពង្រឹង និងផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកត្រូវធ្វើគ្រប់ទីកន្លែង និងគ្រប់វេលា។
«ទី១ ត្រូវតែបន្តការអប់រំផ្សព្វផ្សាយដោយសារប្រជាពលរដ្ឋមួយចំនួនធំ គាត់នៅមិនទាន់បានយល់អំពីច្បាប់ចរាចរណ៍ផ្លូវគោកនេះដែរ។ ហើយទីពីរ ត្រូវតែធ្វើការរឹតបន្តឹងឲ្យបានជាប់លាប់ឲ្យបានគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា»។
ទោះបីជាយ៉ាងណាក៏ដោយ ការអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជាមិនទាន់មានការតឹងរ៉ឹងនិងស្មើភាពទេ ព្រោះនៅមានអ្នកដែលអាចអង្គុយនៅលើច្បាប់។ ដូច្នេះហើយទើបប្រជាពលរដ្ឋមួយចំនួនមិនគោរពតាម។
លោកមាស នី អ្នកវិភាគសង្គមម្នាក់ បាននិយាយប្រាប់ VOA ថា៖
«គេអ្នកធំៗនៅលើ គេមិនគោរពផង ហើយយើង រឿងអីដែលយើងត្រូវខ្វល់ខ្វាយច្រើន។ អាហ្នឹងរាល់ថ្ងៃគឺយើងចូលក្នុងអាទម្លាប់មួយគឺវប្បធម៌មួយគឺវប្បធម៌រុញដាក់គ្នាទៅវិញទៅមក»។
យោងតាមលោក រុណ រ័ត្នវាសនាប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃក្រសួងមហាផ្ទៃ ស្ថិតិគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០១៧មានការថយចុះ១៦៣ករណី បើប្រៀបធៀបទៅនឹងស្ថិតិគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៦ ប៉ុន្តែចំនួនអ្នកស្លាប់មានការកើនឡើងពី១.៧១៧នាក់ក្នុងឆ្នាំ២០១៦មក១.៧៨០នាក់ក្នុងឆ្នាំ២០១៧ ដែលវានៅតែបង្កឲ្យមានការព្រួយបារម្ភជាខ្លាំង។
លោក អ៊ា ចរិយា បាននិយាយថា ការកើនឡើងនៃចំនួនអ្នកស្លាប់នេះគឺបណ្តាលមកពីការអប់រំនិងការរឹតបន្តឹងច្បាប់មានការថយចុះ ហើយវាបង្ហាញពីការព្រួយបារម្ភអំពីសុវត្ថិភាពចរាចរណ៍នៅក្នុងប្រទេសកម្ពុជា។
លោកបានប្រាប់ VOA ថា៖
«បើប្រៀបធៀបរវាង២០១៦ និង២០១៧ ឆ្នាំ២០១៧ការអប់រំផ្សព្វផ្សាយក្នុងការអនុវត្តច្បាប់មានភាពមិនល្អប្រសើរជាងឆ្នាំ២០១៦ទេ។ កាលឆ្នាំ២០១៦ ទាំងការអប់រំ ទាំងការរឹតបន្តឹងច្បាប់មានភាពតឹងរ៉ឹងជាងឆ្នាំ២០១៧។ ដូច្នេះហើយបានជាលទ្ធផលថ្មីៗនេះនិយាយពីចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងនៅក្នុងឆ្នាំ២០១៧ បើធៀបនឹងឆ្នាំ២០១៦»។
លោក រុណ រ័ត្នវាសនា ក៏បាននិយាយដែរថា មកដល់ពេលនេះ អ្នកល្មើសច្បាប់ចរាចរណ៍មិនអាចត្រូវបានលើកលែងបានទៀតទេ ត្រូវតែមានផាកពិន័យតាមច្បាប់ឱ្យបានត្រឹមត្រូវ។
លោកបាននិយាយថា៖
«អឺ! ដល់ពេល ដល់វេលាដែលយើងគិតថា មិនអាចយោគយល់បានចំពោះអ្នកដែលល្មើសច្បាប់ចរាចរណ៍ ព្រោះយើងបានធ្វើការផ្សព្វផ្សាយក៏ដូចជាអនុវត្តមកដល់ពេលហ្នឹងតាំងពីឆ្នាំ២០១៦ មកដល់ពេលហ្នឹង យើងគិតថា ល្មមយើងយល់ច្បាប់បានច្រើនដែរហើយ»។
ទោះយ៉ាងណាក៏ដោយ ពលរដ្ឋមួយចំនួនក្នុងក្រុងភ្នំពេញ និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានដាក់ជាសំណួរថា តើយុទ្ធនាការអនុវត្តច្បាប់ចរាចរណ៍លើកនេះតាមរយៈការបញ្ជាផ្ទាល់របស់លោក ហ៊ុន សែន តាមប្រព័ន្ធផ្សព្វផ្សាយ គឺជាយុទ្ធនាការភ្លើងចំបើង ឬ យ៉ាងណា?