តំណាងនគរបាលបាលជាតិកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ បានអះអាងថា ករណីគ្រោះថ្នាក់របស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិគឺជាករណីគ្រោះថ្នាក់ចរាចរណ៍សុទ្ធសាធ ដែលបណ្តាលមកពីអ្នកបើកបរឡានឈ្នួលហួសចំណុះនិងបើកក្នុងល្បឿនលឿន«មិនអាចគ្រប់គ្រងចង្កូត» បាន។
ក្នុងសន្និសីទសារព័ត៌មានស្តីពីការស៊ើបអង្កេតរបស់នគរបាលជាតិចំពោះករណី គ្រោះថ្នាក់លើព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និង ធ្វើឱ្យអ្នកម្នាងរបស់ព្រះអង្គម្ចាស់បាត់បង់ជីវិតនោះ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិកម្ពុជា បានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃអាទិត្យគឺ ដោយសារតែអ្នកបើកបរឡានឈ្នួល ឬតាក់ស៊ី ឈ្មោះ មិល សារ៉េត វ័យ៣៤ឆ្នាំ បានដឹកមនុស្ស៦នាក់ហួសចំណុះ ហើយបានបើកបរវ៉ាជែងក្នុងល្បឿនលឿន ខណៈក្បួនរថយន្តរបស់ព្រះអង្គម្ចាស់ រណឫទ្ធិមកដល់។
«នៅពេលដែលគាត់វ៉ាជែង (រថយន្ត) RX 300 នោះគឺ រថយន្តខាងមុខ នាំមុខក្បួននោះគឺនៅចម្ងាយប្រហែលជា២០ម៉ែត្រពីគាត់ អីចឹងគាត់ខំបង្កើនល្បឿន ឱ្យលឿនតទៅទៀតឱ្យគាត់ចូលមកផ្លូវរបស់ខ្លួនវិញ ឱ្យផុតពីឡាននាំក្បួន។ ផ្ទុយទៅវិញ ស្ថានភាពផ្លូវនៅទីនោះ ចិញ្ចើម(ផ្លូវ)គឺស្រុត ចិញ្ចើមខាងស្តាំគឺស្រុត។ ពេលគេចនោះគឺល្បឿនលឿន ហើយស្រាលហើយជ្រុលចង្កូត ហើយក៏បានវ៉េទៅខាងឆ្វេងដៃ ហើយក៏បានជ្រុលទៅបុកព្រះទីន័ងរបស់សម្តេចក្រុមព្រះតែម្តង»។
នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អះអាងថា ក្រោយការស៊ើបអង្កេតនៅនឹងកន្លែងកើតហេតុ ការសាកសួរអ្នកជិះក្នុងឡានតាក់ស៊ី និងចម្លើយសារភាពរបស់អ្នកបើកបរ ក្រុមសមត្ថកិច្ចបានសន្និដ្ឋានថា ការណីគ្រោះថា្នក់ ដែលបណ្តាលឱ្យព្រះអង្គម្ចាស់ រណឫទ្ធិរងរបួសនិងអ្នកម្នាង អ៊ុក ផល្លាបាត់បង់ជីវិតនោះជាគ្រោះថ្នាក់ចរាចរណ៍ ហើយមិនមែនករណីអ្វីផ្សេងនោះទេ។
ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បញ្ជាក់ក្នុងន័យដើមថា៖
«យើងធ្វើសន្និសីទកាសែតនេះដើម្បីជម្រាបជូនការណ៍ពិតនៃការស៊ើបអង្កេតរបស់យើង។ ដើម្បីបញ្ជាក់លទ្ធផលនៃការស៊ើបអង្កេតរបស់យើង ហើយនេះក៏ជាចំណុចមួយដែលយើងចង់បញ្ជាក់ជូនសាធារណជនពីការស៊ើបអង្កេតរបស់យើងថា គឺជាគ្រោះថ្នាក់ចរាចរណ៍ បាទ! គ្រោះថ្នាក់ចរាចរណ៍សុទ្ធសាធ។ អីចឹង យើងសូមបដិសេធទាំងស្រុងនូវការលើកឡើងទាំងឡាយណាដែលផ្សេងពីលទ្ធផលនៃការស៊ើបអង្កេតនេះ»។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានរងរបួសជាទម្ងន់ក្នុងគ្រោះថ្នាក់បុករថយន្តនាថ្ងៃអាទិត្យកន្លងទៅ នៅខេត្តព្រះសីហនុ ក្រោយពីរថយន្តឈ្នួលមួយគ្រឿង ដែលជិះក្នុងទិសដៅផ្ទុយគ្នា បានបុកចូលក្បួនរថយន្តរបស់ព្រះអង្គមួយទំហឹង។ អ្នកម្នាង អ៊ុក ផល្លា ដែលមានអាយុ៣៩ឆ្នាំ និង ជាអតីតអ្នករាំរបាំបុរាណ បានស្លាប់ ក្រោយបញ្ជូនទៅមន្ទីរពេទ្យក្រុងព្រះសីហនុ រីឯព្រះអង្គម្ចាស់បានរងរបួស ហើយត្រូវបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យនៅព្រះទេសថៃ។
ការបញ្ជាក់របស់នគរបាលក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះ ឱ្យដឹងថា មានមនុស្ស៩នាក់ផ្សេងទៀតបានរងរបួសផងដែរក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់នេះ។ ករណីគ្រោះថ្នាក់របស់ព្រះអង្គម្ចាស់រណឫទ្ធិគឺជាគ្រោះថា្នក់ចរាចរណ៍ធ្ងន់ធ្ងរលើកទីបី។
លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ឱ្យដឹងផងដែរថា អ្នកបើកបរឡានតាក់ស៊ីហួសចំណុះ និងលើសល្បឿនកំណត់នោះត្រូវបាន«ចៅក្រមនៃសាលាដំបូងខេត្តព្រះសីហនុ ចេញដីការឃុំខ្លួនជាបណ្តោះអាសន្ន ហើយរង់ចាំការស៊ើបអង្កេតតាមនីតិវិធីជាបន្តទៀត» ហើយជននេះអាចប្រឈមនឹងទោសទណ្ឌផងដែរ។
ការបញ្ចេញរបាយការណ៍ស្តីពីការស៊ើបអង្កេតរបស់ក្រុមនគរបាលជាតិនេះធ្វើឡើងតែប៉ុន្មានថ្ងៃ ក្រោយពីអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិចគឺលោក យូ ហុកគ្រី បានអំពាវនាវឲ្យសមត្ថកិច្ចកម្ពុជាបើកការស៊ើបអង្កេតឱ្យបានច្បាស់ លើករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃអាទិត្យកន្លងទៅ។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ VOA នៅថ្ងៃព្រហស្បតិ៍នេះ លោក យូ ហុកគ្រី មានប្រសាសន៍ថា លោកនឹងបន្តតាមដានការស៊ើបអង្កេតបន្ថែមទៀត ដោយចាត់ទុកការអះអាងរបស់នគរបាលកម្ពុជាជាការអង្កេតបឋម។ យ៉ាងណាក៏ដោយ លោកនៅតែគូសបញ្ជាក់ដោយប្រុងប្រយ័ត្នថា នេះគឺជាគ្រោះថ្នាក់លើកទៅបីដែលមានការបុកចូលក្បួនរថយន្តរបស់ សម្តេចក្រុមព្រះ។ អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច រូបនេះបន្តថា នៅលើកទី១នៅខេត្តកំពង់ចាមបណ្តាលឱ្យព្រះអង្គនិងអ្នកម្នាងរងរបួស លើកទី២គឺនៅខេត្តកំពតដែលបណ្តាលឱ្យមន្ត្រីរបស់លោករងរបួស និងលើកទីបីគឺនៅខេត្តព្រះសីហនុ។
«បាទ! ហ្អាហ្នឹង យើងទុកឱ្យប៉ូលិសគាត់ធ្វើការបន្តទៀតទៅ! ព្រោះនេះគឺជារបាយការណ៍បឋម យើងសូមឱ្យគាត់បន្ត តទៀត ព្រោះនៅក្នុងហ្នឹង វាមានអ្នកដែលជិះឡាននៅក្នុងហ្នឹង។ យើងពិបាកក្នុងការសន្និដ្ឋាន ណាស់បាទ! ព្រោះយើងអត់បានអង្កេតផ្ទាល់ ខ្ញុំមិនមានយោបល់អីច្រើនទេ ក៏ប៉ុន្តែចង់បញ្ជាក់ឡើងវិញថា ជាសេចក្តីសន្និដ្ឋាន គឺថានេះគ្រាន់តែជាអង្កេតបឋម»។
លោក យូ ហុកគ្រី ក៏បានឱ្យដឹងផងដែរថា មកដល់ពេលនេះ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិបានដឹងព្រះកាយ ហើយអាចមានព្រះបន្ទូលឡើងវិញរួចហើយ។ ក៏ប៉ុន្តែក្រុមការងាររបស់ព្រះអង្គមិនទាន់អាចបានទូលពីករណីបាត់បង់ជិវិតរបស់អ្នកម្នាងផល្លានោះទេ។ លោកបន្តថា ក្រុមការងាររបស់គណបក្សហ៊្វុនស៊ិនប៉ិច និងរូបលោកផ្ទាល់គ្រោងនឹងធ្វើដំណើរទៅសួរសុខទុក្ខព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិនៅប្រទេសថៃនាពេលឆាប់ៗខាងមុខ ក្រោយបុណ្យសព៧ថ្ងៃរបស់អ្នកម្នាង អ៊ុក ផល្លា ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃសៅរ៍ខាងមុខ៕