សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសលោកខាងលិចចំនួន ១៩ ផ្សេងទៀតបានអំពាវនាវដល់មេដឹកនាំតាលីបង់នៅអាហ្វហ្គានីស្ថានឱ្យធានាសិទ្ធិស្ត្រី និងក្មេងស្រី។ ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ក្រុមប្រទេសទាំងនោះ«បានលើកឡើងពីការបារម្ភយ៉ាងខ្លាំង» អំពីសិទ្ធិស្ត្រី និងក្មេងស្រីក្នុងការទទួលបានការអប់រំ ការងារ និង«សេរីភាពក្នុងការដើរហើរ»។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍ មួយថ្ងៃបន្ទាប់ពីក្រុមតាលីបង់បានសន្យាគោរពសិទ្ធិស្ត្រីនៅក្រោមច្បាប់អ៊ីស្លាម ដើម្បីព្យាយាមកាត់បន្ថយក្តីបារម្ភដែលថា ក្រុមតាលីបង់អាចនឹងដាក់ការរឹតត្បិតយ៉ាងខ្លាំងក្លាទៅលើស្ត្រី ដូចដែលធ្លាប់ធ្វើនៅពេលពួកគេដឹកនាំប្រទេសមុនពេលមានសង្គ្រាម។
សេចក្តីថ្លែងការណ៍នេះលើកឡើងថា «ស្ត្រី និងក្មេងស្រីអាហ្វហ្គានីស្ថាន ដូចពលរដ្ឋអាហ្វហ្គានីស្ថានទាំងអស់ដែរ សក្តិសមនឹងរស់នៅប្រកបដោយសុវត្ថិភាព សន្តិសុខ និងសេចក្តីថ្លៃថ្នូរ។ ការអើសអើង និងការរំលោភបំពានក្នុងទម្រង់ណាមួយក៏ដោយ គួរត្រូវបានការពារ។ យើងនៅក្នុងសហគមន៍អន្តរជាតិត្រៀមខ្លួនរួចរាល់ក្នុងការជួយពួកគេតាមរយៈជំនួយមនុស្សធម៌ និងការគាំទ្រ ដើម្បីធានាថា សំឡេងរបស់ពួកគេត្រូវបានគេឮ»។
ក្រុមប្រទេសទាំងនោះក៏បានលើកឡើងដែរថា ពួកគេនឹង «តាមដានយ៉ាងយកចិត្តទុកដាក់ពីរបៀបដែលរដ្ឋាភិបាលនាពេលអនាគតធានាដល់សិទ្ធិ និងសេរីភាពដែលបានក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតរបស់ស្ត្រី និងក្មេងស្រីនៅអាហ្វហ្គានីស្ថានក្នុងរយៈពេល ២០ឆ្នាំ ចុងក្រោយនេះ»។
អ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid បានប្រាប់ក្រុមអ្នកសារព័ត៌មានថា រដ្ឋាភិបាលតាលីបង់ថ្មី នឹង«មានភាពខុសគ្នាទាំងស្រុង» ពីរដ្ឋាភិបាលមុន ដែលដឹកនាំប្រទេសនៅចន្លោះឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១ ដែលនៅពេលនោះក្មេងស្រីត្រូវបានហាមឃាត់មិនឱ្យទៅសាលារៀន ហើយស្ត្រីត្រូវបានហាមឃាត់មិនឱ្យមានទំនាក់ទំនងជាមួយនឹងបុរស»។
ដោយមិនបានបញ្ជាក់លម្អិត លោក Mujahid បានថ្លែងថា មេដឹកនាំតាលីបង់ «ប្តេជ្ញាចិត្តអនុញ្ញាតឱ្យស្ត្រីធ្វើការបានដោយអនុលោមតាមគោលការណ៍អ៊ីស្លាម»។
បន្ទាប់ពីដឹកនាំប្រទេសអស់រយៈពេល ៥ឆ្នាំ ក្រុមតាលីបង់ ត្រូវបានទម្លាក់ចេញពីអំណាចដោយការវាយប្រហារដឹកនាំដោយសហរដ្ឋអាមេរិក បន្ទាប់ពីការវាយប្រហារភេរវកម្មកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១៕
សារព័ត៌មាន The Associated Press ទីភ្នាក់ងារសារព័ត៌មាន Agence France-Presse និងសារព័ត៌មាន Reuters ផ្តល់ព័ត៌មានមួយចំនួនដល់សេចក្តីរាយការណ៍នេះ។
ប្រែសម្រួលដោយអ្នកស្រី ស៊ូ ពេជ្រចិន្តា