ព័ត៌មានចុងក្រោយពីស្ថានភាពនៅអាហ្វហ្គានីស្ថានមាននៅ Live Blog វីអូអខ្មែរ។
ក្រុមតាលីបង់កំពុងបន្តក្តោបក្តាប់អំណាចនៅប្រទេសអាហ្វហ្គានីស្ថានពេលមានសេចក្តីរាយការណ៍អំពីហិង្សាលើពួកអ្នកតវ៉ានៅផ្នែកខាងកើតប្រទេសគឺមួយថ្ងៃបន្ទាប់ពីក្រុមអ៊ីស្លាមនេះប្រកាសថាសង្គ្រាមបានចប់ ហើយគ្មានការសងសឹក។
សាក្សីនិយាយថាពួកបះបោរតាលីបង់បានបាញ់ទៅលើហើយបានវាយមនុស្សនឹងដំបងនៅក្នុងទីក្រុងJalalabad ជាទីដែលក្រុមបាតុករបានព្យាយាមទម្លាក់ទង់ក្រុមតាលីបង់ជំនួសដោយទង់ជាតិអាហ្វហ្គានីស្ថានកាលពីថ្ងៃពុធ។មនុស្សយ៉ាងតិច៣នាក់បានស្លាប់ហើយច្រើននាក់បានរងរបួស។
ក្រុមតាលីបង់មិនបានអត្ថាធិប្បាយអំពីបញ្ហានេះទេ។
ក្រុមតាលីបង់កាលពីថ្ងៃអង្គារបានសន្យាគោរពសិទ្ធិស្ត្រី«តាមច្បាប់អ៊ីស្លាម»ហើយបង្កើត«រដ្ឋាភិបាលអ៊ីស្លាមចម្រុះ»។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានបញ្ជូនសារតាមធ្វីតធឺកាលពីយប់ថ្ងៃពុធថាសហរដ្ឋអាមេរិកនិងដៃគូក្នុងពិភពលោកបានអំពាវនាវឲ្យអ្នកកាន់អំណាចនៅប្រទេសអាហ្វហ្គានីស្ថានធានានិងការពារសិទ្ធិស្ត្រីនិងក្មេងស្រីនៅក្នុងប្រទេសនោះ។
លោកបានសរសេរថា៖ «យើងនឹងឃ្លាំមើលយ៉ាងដិតដល់ថាតើរដ្ឋាភិបាលនៅថ្ងៃអានាគតនឹងធានាសិទ្ធិនិងសេរីភាពពួកគេដូចម្តេច»។
ស្ថានភាពនៅរដ្ឋធានីកាប៊ុលបានបន្តស្ងៀមស្ងាត់កាលពីថ្ងៃពុធគឺប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមតាលីបង់បានកាន់កាប់ទីក្រុងនេះ។ចរាចរណ៍បានកើនឡើងចាប់ពីថ្ងៃអាទិត្យនៅពេលដែលផ្លូវនានាស្ទើរតែស្ងាត់ជ្រងំ។មានស្ត្រីកាន់តែច្រើនឡើងនៅតាមផ្លូវនានាកាលពីថ្ងៃពុធ ក៏ប៉ុន្តែ ពួកគេភាគច្រើនជាស្ត្រីចាស់ៗឬក្មេងស្រី។
ក្រុមតាលីបង់បានគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានតាមការបកស្រាយដ៏តឹងរ៉ឹងអំពីគម្ពីរ Quran និងច្បាប់ Sharia នៅពេលពួកគេកាន់អំណាចពីឆ្នាំ១៩៩៦ដល់ឆ្នាំ២០០១នៅពេលការលុកលុយដឹកនាំដោយសហរដ្ឋអាមេរិកបានបណ្តេញក្រុមនេះចេញពីអំណាចនៅក្នុងការឆ្លើយតបទៅនឹងការវាយប្រហារភេរវកម្មថ្ងៃទី១១ខែកញ្ញានៅសហរដ្ឋអាមេរិក៕
(Ayesha Tanzeem រួមចំណែករាយការណ៍ពីក្រុងកាប៊ុលនិង Ayaz Gul រាយការណ៍ពីក្រុងអ៊ីស្លាម៉ាបាដហើយនឹងព័ត៌មានខ្លះដកស្រង់ពីទីភ្នាក់ងារព័ត៌មានAssociated Press, AFP និងReuters)