ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ G-7 ​គ្រោង​ពិភាក្សា​អំពី​កាល​បរិច្ឆេទ​ដក​ទ័ព​ពី​អាហ្វហ្គានីស្ថាន


រូបឯកសារ៖ នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Boris Johnson ថ្លែងសុន្ទរកថា ខណៈ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Joe Biden អង្គុយ​ស្ដាប់ ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ G-7 នៅ​​សណ្ឋាគារ Carbis Bay ប្រទេស​អង់គ្លេស ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។
រូបឯកសារ៖ នាយករដ្ឋមន្ត្រី​អង់គ្លេស លោក Boris Johnson ថ្លែងសុន្ទរកថា ខណៈ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Joe Biden អង្គុយ​ស្ដាប់ ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ G-7 នៅ​​សណ្ឋាគារ Carbis Bay ប្រទេស​អង់គ្លេស ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។

មេដឹកនាំ​ក្រុម​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន ​ឬ ​G-7​ គ្រោង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​អង្គារ​ដើម្បី​ពិភាក្សា​អំពី​ស្ថានការណ៍​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន ​ដោយ​មេដឹកនាំ​ជា​ច្រើន​គ្រោងជំរុញឲ្យ​លោក​ប្រធានាធិបតី ​Joe Biden​ រក្សា​ទុក​កងទ័ព​អាមេរិក​នៅ​ក្នុង​ប្រទេស​នេះ ​ឱ្យ​ហួស​ថ្ងៃ​កំណត់​នៅ​ថ្ងៃទី ​៣១​ ខែ​សីហា ​ដើម្បី​ជួយ​សម្រួល​ដល់​កិច្ច​ប្រឹងប្រែង​ការ​ជម្លៀស​ដែល​កំពុង​កើត​មាន​ឡើង។​

នាយក​រដ្ឋមន្រ្តី​អង់គ្លេស​លោក ​Boris Johnson ​បាន​និយាយ​នៅ​មុន​កិច្ច​ប្រជុំ​ដែល​នឹង​ធ្វើ​តាម​អនឡាញនេះ​ថា៖ ​«ខ្ញុំ​នឹង​សុំ​ឱ្យ​មិត្ត​ភក្តិ​និង​សម្ព័ន្ធមិត្ត​របស់​យើងបន្ត​នៅ​ជាមួយប្រជាជន​អាហ្វហ្គានីស្ថាន​និង​បង្កើន​ការ​គាំទ្រ​ដល់​ជនភៀស​ខ្លួន​និង​ជំនួយ​មនុស្សធម៌»។​

ខណៈ​នៅសល់ពេល​តែ​មួយ​សប្តាហ៍​ទៀតនឹង​ចូល​ដល់​ថ្ងៃ​កំណត់​របស់​លោក Biden ​នោះ​ ​ពលរដ្ឋបស្ចិមប្រទេស​និង​ប្រជាជន​អាហ្វហ្គានីស្ថាន​រាប់ម៉ឺន​នាក់​ដែល​បានគាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាមេរិក​បាន​ធ្វើ​ដំណើរ​ទៅ​អាកាស​យានដ្ឋាន​អន្តរជាតិក្រុង​កាប៊ុល ​ដោយ​សង្ឃឹម​ថា​ នឹង​បាន​ឆ្លងកាត់​ច្រកទ្វារ​និង​ទៅ​ដល់​ទី​សុវត្ថិភាព​តាមជើង​យន្តហោះ​ចេញ។​

ទោះ​យ៉ាងណា​ ជន​ជាតិ​អាហ្វហ្គានីស្ថាន​ជាច្រើន​បាន​និយាយ​ថា​ ពួកគេមាន​ការ​លំបាក​ឬ​មិន​អាច​ឆ្លងកាត់​ចំណុច​ត្រួត​ពិនិត្យ​របស់​ពួក​តាលីបង់​ជា​បន្តបន្ទាប់​មុន​ទៅ​ដល់​អាកាសយានដ្ឋាន​ទេ។​ ហើយ​មន្រ្តី​តាលីបង់​ហាក់​ដូច​ជា​មិន​ចង់​បន្ធូរបន្ថយ​ឱ្យ​សហរដ្ឋ​អាមេរិក​ទេ​ ដោយ​ហៅ​ថ្ងៃ​កំណត់​ចុង​ក្រោយ ៣១ សីហា ​ថា​ជា​«បន្ទាត់​ក្រហម»។​

ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក​ Jake Sullivan​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​សេតវិមាន​កាលពី​ថ្ងៃ​ច័ន្ទ​ថា៖ ​«យើង​កំពុង​ពិភាក្សា​ជាមួយ​ពួក​តាលីបង់​ជា​រៀងរាល់​ថ្ងៃ​តាម​រយៈ​បណ្តាញ​នយោបាយ​និង​សន្តិសុខ»​ ទាក់ទង​នឹង ​«ទិដ្ឋភាព​ទាំងអស់​ដែល​កំពុង​កើតឡើង​នៅ​ទីក្រុង​កាប៊ុល​នាពេល​នេះ»។

​ទោះមាន​ភាព​រញ៉េរញ៉ៃ​ពី​ដំបូង​ក្តី​ ក៏​ការ​ជម្លៀស​ខ្លួន​មាន​ល្បឿន​លឿន​ជាង​មុន។ មន្ត្រី​អាមេរិក​បាន​និយាយ​កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ​ថា មាន​មនុស្ស​ជាង​២៧.០០០​នាក់​ត្រូវ​បាន​គេ​ជម្លៀស​តាម​ផ្លូវ​អាកាស​ចេញ​ពី​អាហ្វហ្គានីស្ថាន​ក្នុង​៣៦​ម៉ោង​មុន​នោះ ដែល​នេះ​ជា​ចំនួន​ច្រើន​ជាងចំនួន​សរុប​កាល​ពី​មួយ​សប្តាហ៍​មុន​នោះ៕

XS
SM
MD
LG