ក្រុមសកម្មប្រយុទ្ធតាលីបង់បានដណ្តើមកាន់កាន់ដោយជោគជ័យក្នុងតំបន់សំខាន់ៗជាច្រើនយ៉ាងឆាប់រហ័សរហូតឈានទៅកាន់កាប់ រដ្ឋធានីកាប៊ុល កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ ហើយគិតមកត្រឹមពេលនេះ វាមានរយៈពេល ២០ឆ្នាំហើយ ដែលកងកម្លាំងយោធារបស់សហរដ្ឋអាមេរិកបានបណ្តេញក្រុមបះបោរនេះចេញពីអំណាច។ ខាងក្រោមនេះជាបទរាយការណ៍ពីសមាសភាពនៃក្រុមមេដឹកនាំតាលីបង់។
មេដឹកនាំ Mawlawi Haibatullah Akhundzada
បុគ្គលនេះគឺជាមេដឹកនាំកំពូលនៃក្រុមតាលីបង់ ដែលស្នងតំណែងក្រោយមរណភាពរបស់អតីតមេដឹកនាំមុនឈ្មោះ Akhtar Mansour ដែលបានស្លាប់ដោយសារការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិក កាលពីឆ្នាំ ២០១៦។ បន្ទាប់ពីសហរដ្ឋអាមេរិកបានឈ្លានពានអាហ្វហ្គានីស្ថានក្នុងឆ្នាំ ២០០១ លោក Akhundzada បានរត់គេចខ្លួនឆ្លងព្រំដែនចូលប្រទេសប៉ាគីស្ថាន។ ប្រវត្តិរូបរបស់មេដឹកនាំរូបនេះ មិនត្រូវបានគេដឹងជាសាធារណៈច្រើននោះទេ ហើយភាគច្រើន គេស្គាល់មេដឹកនាំនេះ តាមរយៈការចែករំលែកសារក្នុងអំឡុងពិធីបុណ្យសាសនាឥស្លាមតែប៉ុណ្ណោះ។
មេដឹកនាំ Mullah Abdul Ghani Baradar
លោក Baradar គឺជាអនុប្រធានផ្នែកកិច្ចការនយោបាយរបស់ក្រុមតាលីបង់ ហើយក៏ជាសមាជិកមួយរូបនៃក្រុមស្ថាបនិករបស់ក្រុមសកម្មប្រយុទ្ធនេះផងដែរ។ លោក ធ្លាប់រត់ភៀសខ្លួនទៅប្រទេសប៉ាគីស្ថានក្នុងឆ្នាំ ២០០១ ហើយនៅឆ្នាំ ២០១០ លោកត្រូវបានគេចាប់ខ្លួនក្នុងទីក្រុង Karachi ដោយកិច្ចប្រតិបត្តិការរួមគ្នារបស់ទីភ្នាក់ងារស៊ើបការសម្ងាត់កណ្តាលអាមេរិក និងកងកម្លាំងប្រឆាំងភេរវកម្មរបស់ប៉ាគីស្ថាន។
ស្របពេលរដ្ឋបាលរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បន្តពិភាក្សាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយក្រុមតាលីបង់ក្នុងឆ្នាំ ២០១៨ ពេលនោះក៏មានការបញ្ចុះបញ្ចូលឱ្យអាជ្ញាធរប៉ាគីស្ថានដោះលែងលោក Baradar ឱ្យមានសេរីភាពវិញផងដែរ។ លោក Baradar ក៏បានបន្តដឹកនាំក្រុមចរចារបស់ភាគីក្រុមតាលីបង់ក្នុងរដ្ឋធានីដូហា ប្រទេសកាតា ហើយបានជួបអតីតរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo កាលពីខែកញ្ញា ឆ្នាំ២០២០។
លោក Baradar បានធ្វើដំណើរតាមយន្តហោះចូលប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី ១៧ ខែសីហា ដោយចុះចតនៅទីក្រុង Kandahar ហើយនេះជាលើកដំបូងក្នុងរយៈពេល ២០ ឆ្នាំ ដែលមេដឹកនាំរូបនេះបានវិលត្រឡប់ចូលប្រទេសអាហ្វហ្គានីស្ថានវិញ។
មេដឹកនាំ Mullah Mohammad Yaqoob
លោក Yaqoob គឺជាកូនប្រុសរបស់លោក Mullah Omar ដែលជាស្ថាបនិកក្រុមតាលីបង់ ហើយដែលបានស្លាប់កាលពីឆ្នាំ ២០១៣។ លោក Yaqoob ជាមេដឹកនាំប្រតិបត្តិការយោធានៃក្រុមតាលីបង់ ហើយក៏មានតួនាទីជាអនុប្រធាននៃក្រុមមេដឹកនាំតាលីបង់ផងដែរ។ លោក Akhundzada បានតែងតាំងលោក Yaqoob ឲ្យកាន់តំណែងនេះ កាលពីខែឧសភា ឆ្នាំ ២០២០។ កាលពីមុន លោក Yaqoob គឺជាមេបញ្ជាការបេសកកម្មយោធារបស់ក្រុមតាលីបង់ ដែលបានកាន់កាប់ខេត្តពាក់កណ្តាលនៃខេត្តទាំងអស់ក្នុងប្រទេសអាហ្វហ្គានីស្ថាន។ របាយការណ៍មួយរបស់អង្គការសហប្រជាជាតិ ចេញផ្សាយកាលពីខែមិថុនា ឆ្នាំ ២០២១ ឲ្យដឹងថា លោក Yaqoob និងមេដឹកនាំជាន់ខ្ពស់របស់ក្រុមតាលីបង់ម្នាក់ទៀតគឺលោក Sirajuddin Haqqani «ប្រឆាំងនឹងកិច្ចចរចាសន្តិភាព ហើយគាំទ្រដំណោះស្រាយជម្លោះដោយប្រើកម្លាំងយោធា»។
មេដឹកនាំ Sirajuddin Haqqani
លោក Haqqani ដឹកនាំក្រុមបណ្តាញ Haqqani ដែលជាក្រុមសកម្មប្រយុទ្ធមួយដែលសហរដ្ឋអាមេរិកបានចាត់ទុកថាជាស្ថាប័នភេរវកម្មអន្តរជាតិមួយ កាលពីឆ្នាំ ២០១២។ ហើយលោកក៏ជាអ្នកនៅពីក្រោយការវាយប្រហារនានាដែលធ្វើឱ្យមានការបាត់បង់ជីវិតលើកងកម្លាំងយោធាចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងអំឡុងសង្គ្រាមនេះ។ លោក Haqqani គឺជាកូនប្រុសរបស់លោក Jalaluddin Haqqani ដែលជាស្ថាបនិកបង្កើតបណ្តាញ Haqqani។ សព្វថ្ងៃនេះ លោក Haqqani មានតួនាទីជាអនុប្រធាននៃក្រុមតាលីបង់។
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកសន្យាផ្តល់រង្វាន់ជាទឹកប្រាក់ ១០ លានដុល្លារ សម្រាប់ការផ្តល់ព័ត៌មានដែលអាចនាំឱ្យមានការចាប់ខ្លួនលោក Haqqani នេះ។
មេដឹកនាំ Mawlavi Abdul Hakim
លោក Hakim គឺជាបុព្វជិតជឿលើសាសនាឥស្លាមដ៏ងុបងុលមួយរូប និងជាមនុស្សជំនិតបំផុតរបស់លោក Akhundzada។ លោក Hakim បានដឹកនាំក្រុមចរចាភាគីតាលីបង់ក្នុងកិច្ចចរចារកសន្តិភាពនៅរដ្ឋធានីដូហាប្រទេសកាតា ហើយក៏ជាអ្នកគ្រប់គ្រងប្រព័ន្ធតុលាការនៃក្រុមតាលីបង់ដែលបានរឹតបន្តឹងឱ្យមានការគោរពច្បាប់ក្នុងតំបន់នានា ដែលក្រុមតាលីបង់ធ្លាប់គ្រប់គ្រងក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ព័ត៌មានមួយចំនួនក្នុងអត្ថបទនេះត្រូវបានស្រង់ចេញពីសារព័ត៌មាន Associated Press ទីភ្នាក់ងារសារព័ត៌មាន Agence France-Presseនិងសារព័ត៌មាន Reuters។
ប្រែសម្រួលដោយកោះ សុគន្ធី