មិនមែនមានតែមន្ត្រីសហរដ្ឋអាមេរិកទេដែលរងការស្តីបន្ទោសអំពីការគិតខុសទៅលើល្បឿននៃការវាយលុករបស់ក្រុមតាលីបង់កាន់កាប់ប្រទេសអាហ្វហ្គានីស្ថាននោះ។ ក្រុមមេដឹកនាំសហភាពអឺរ៉ុប និងទីប្រឹក្សាសន្តិសុខរបស់ពួកគេក៏រកសម្ពាធរិះគន់ខ្លាំងក្លាផងដែរសម្រាប់ការវាយតម្លៃខុសអំពីព្រឹត្តិការណ៍ដែលបានកើតមានឡើងយ៉ាងឆាប់រហ័សនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅពេលដែលលោក Joe Biden ប្រធានាធិបតីបតីអាមេរិក បានសម្រេចចិត្តដកកងទ័ពអាមេរិកចេញពីប្រទេសនៅតំបន់អាស៊ីភាគកណ្តាលមួយនេះ។
នៅចក្រភពអង់គ្លេស លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេស និងក្រុមរដ្ឋមន្ត្រីជាន់ខ្ពស់របស់លោក ត្រូវបានចោទប្រកាន់ដោយសមាជិកសភាពីគណបក្សរបស់លោក និងអ្នកនយោបាយប្រឆាំងថា ពួកគេមិនបានធ្វើផែនការជម្លៀសមនុស្សឲ្យបានរួចរាល់ មុនពេលក្រុមតាលីបង់បានចូលដណ្តើមកាន់កាប់ទីក្រុងកាប៊ុល ស្របពេលពេលសហរដ្ឋអាមេរិក និងកងកម្លាំងអូតង់កំពុងត្រូវបានដកចេញពីប្រទេសអាហ្វហ្គានីស្ថាននោះ។
ដូចគ្នានេះដែរ ក្នុងប្រទេសអាល្លឺម៉ង់ ដែលបានដកកងកម្លាំងចុងក្រោយរបស់ខ្លួនចំនួន៥៧០នាក់ ចេញពីប្រទេសអាហ្វហ្គានីស្ថានកាលពីខែមិថុនានោះ រដ្ឋាភិបាលរបស់អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ក៏បានទទួលរងនូវការរិះគន់ដ៏ខ្លាំងក្លាថា មិនបានដាក់ចេញនូវផែនការជម្លៀសចុងក្រោយមុនការបាត់បង់ក្រុងកាប៊ុល សម្រាប់ពលរដ្ឋអាហ្វហ្គានីស្ថាន ដែលបានធ្វើការជាមួយកងកម្លាំងអាល្លឺម៉ង់ក្នុងពេលកន្លងមក។
ក្នុងពេលជាមួយគ្នានេះដែរ ក្រុមតាលីបង់បានដាក់គោលដៅវាយតំបន់ជ្រលងភ្នំ Panjshirខណៈមេដឹកនាំក្រុមតស៊ូនៅរឹងទទឹង។
ក្រុមតាលីបង់កំពុងបញ្ជូនកងកម្លាំងរបស់ខ្លួនរាប់រយនាក់ទៅកាន់តំបន់ជ្រលងភ្នំ Panjshir នៅចម្ងាយ១៥០គីឡូម៉ែត្រភាគខាងជើងរដ្ឋធានីកាប៊ុលដើម្បីបង្ក្រាបចលនាតស៊ូប្រឆាំងដែលទើបលេចឡើងថ្មី ដឹកនាំដោយកូនប្រុសរបស់មេដឹកនាំចលនាតស៊ូមួយរូប ដែលបានប្រឆាំងនឹងការដឹកនាំប្រទេសអាហ្វអាហ្គានីស្ថានរបស់ក្រុមតាលីបង់កាលពី២០ឆ្នាំមុន។.
ការបញ្ជូនកងទ័ពទៅកាន់ជ្រលងភ្នំនេះត្រូវបានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកងកម្លាំងដែលជាសម្ព័ន្ធរបស់រណសិរ្សតស៊ូការពារជាតិរបស់លោក Ahmad Massoud ដែលប្រមូលផ្តុំដោយកងកម្លាំងនៅសល់តាមអង្គភាពយោធានានារបស់កងទ័ពជាតិអាហ្វហ្គានីស្ថាន និងកងកម្លាំងពិសេស ព្រមទាំងកងសេជនមូលដ្ឋានបានប៉ះទង្គិចជាមួយក្រុមតាលីបង់នៅ Andarab ដែលជាស្រុកនៅភាគខាងត្បូង ក្នុងខេត្តBaghlan នោះ។
កាលពីសប្តាហ៍មុន ក្នុងការប្រយុទ្ធជាលើកទីមួយរបស់ក្រុមចលនាតស៊ូដ៏សំខាន់នោះ កងកម្លាំងប្រឆាំងតាលីបង់បានដណ្តើមកាន់កាប់ស្រុកចំនួនបីជាប់ស្រុក Andarab ដែលស្ថិតនៅជិតតំបន់ជ្រលងភ្នំ Panjshir ដែលជាមូលដ្ឋានដ៏រឹងមាំរបស់លោក Massoud។
ក្រុមតាលីបង់កាលពីថ្ងៃច័ន្ទបានអះអាងថា ខ្លួនបានដណ្តើមកាន់កាប់ស្រុកទាំងបីនោះឡើងវិញហើយ៕