អគ្គលេខាធិការអង្គការសហប្រជាជាតិកំពុងទទូចឲ្យពិភពលោកយកសិទ្ធិមនុស្សជាអាទិភាពនិងសំខាន់នៅក្នុងកិច្ចប្រឹងប្រែងដើម្បីងើបពីវីរុសកូរ៉ូណាដើម្បីសម្រេចបានអនាគតល្អប្រសើរសម្រាប់ពលរដ្ឋរបស់ខ្លួន។
នៅក្នុងសុន្ទរកថាផ្សាយតាមទូរទស្សន៍កាលពីថ្ងៃព្រហស្បតិ៍អបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិប្រចាំឆ្នាំលោកអគ្គលេខាធិការអ.ស.ប. Antonio Guterres បាននិយាយថាជំងឺរាតត្បាតកូវីដ១៩មានផលប៉ះពាល់ច្រើនជាងគេលើក្រុមងាយរងគ្រោះរួមមាន បុគ្គលិកជួរមុខ មនុស្សចាស់ ជនពិការស្ត្រីនិងក្មេងស្រីហើយនឹងជនជាតិភាគតិច។
លោក Guterres បាននិយាយថា៖ «វីរុសនេះបានរីកលូតលាស់តាមរយៈ ភាពក្រីក្រវិសមភាពការរើសអើងការបំផ្លាញបរិស្ថានធម្មជាតិហើយបរាជ័យខាងសិទ្ធិមនុស្សដទៃទៀតបានបង្កើតឱ្យមានភាពផុយស្រួយនៅក្នុងសង្គមរបស់យើង»។ លោកថ្លែងដូច្នេះជាការឆ្លើយតបនឹងវិធានការគាបសង្កត់របស់មេដឹកនាំដែលយកវីរុសជាលេសដាក់វិធានការសន្តិសុខធ្ងន់ដៃនិងប្រើវិធានការគាបសង្កត់រឹតត្បិតសេរីភាពពលរដ្ឋនិងសេរីភាពសារព័ត៌មាន។
នៅក្នុងសុន្ទរកថាកាលពីថ្ងៃពុធនៅទីក្រុងហ្សឺណែវលោកស្រី Michelle Bachelet ស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយថាបរាជ័យរបស់ប្រទេសជាច្រើនមិនបានចាត់វិធានការប្រឆាំងវីរុសនេះឲ្យច្បាស់លាស់និងឆាប់រហ័សដើម្បីបង្ការការរីករាលដាលវីរុសនេះបានធ្វើឱ្យប៉ះពាល់ដល់បញ្ហាសិទ្ធិមនុស្សជាច្រើននៅជុំវិញពិភពលោករួមទាំងសេដ្ឋកិច្ចសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ។
លោកស្រី Bachelet បានមានប្រសាសន៍ថា៖ «ការយកជំងឺរាតត្បាតធ្វើនយោបាយតាមវិធីនេះគឺមិនអាចទទួលយកបានទេហើយគួរឲ្យស្អប់ខ្ពើមណាស់។ភស្តុតាងនិងដំណើរការខាងវិទ្យាសាស្ត្រមិនត្រូវបានគេអើពើហើយទ្រឹស្តីឃុបឃិតគ្នានិងការផ្សព្វផ្សាយព័ត៌មានមិនពិតត្រូវបានគេសាបព្រួសនិងអនុញ្ញាតឲ្យឬលើកទឹកចិត្ត»៕