ខណៈ ដែលចំនួនអ្នកបានឆ្លងជំងឺកូវីដ១៩នៅទូទាំងពិភពលោកបានកើនសរុបលើស២៤លាននាក់ ដោយរួមមានអ្នកស្លាប់ជាង៨២៤.០០០ផងត្រឹមថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា អង្គការមូលនិធិកុមារUNICEF របស់អង្គការសហប្រជាជាតិបាននិយាយថា ជិត១ភាគ៣នៃសិស្សសាលាទាំងអស់មិនមានលទ្ធភាពរៀនពីចម្ងាយបានទេ។
របាយការណ៍មួយរបស់ UNICEF ដែលចេញផ្សាយកាលពីថ្ងៃពុធបង្ហាញថា ក្នុងចំនួនកុមារ១.៥០០លាននាក់ដែលមិនអាចចូលរៀននៅតាមថ្នាក់រៀនបាន មាន៤៦៣លាននាក់ដែលមិនមានសម្ភារៈគ្រប់គ្រាន់ដើម្បីបន្តការសិក្សាតាមទូរទស្សន៍វិទ្យុ ឬអ៊ីនធឺណិតបាន។
អង្គការ UNICEF ថាជិតពាក់កណ្តាលនៃកុមារនៅតំបន់តំបន់ភាគច្រើននៃទ្វីបអាហ្វ្រិកមិនអាចរៀនពីចម្ងាយបានទេ ហើយចំណែកនៅតំបន់អាស៊ីប៉ាស៊ីហ្វិកវិញមានកុមារប្រមាណ២០០លាននាក់មិនមានលទ្ធភាពរៀនសូត្រនៅក្រៅថ្នាក់រៀនបាន។
ក្នុងរឿងដាច់ដោយឡែកមួយទៀត រដ្ឋាភិបាលមីយ៉ាន់ម៉ាបានដាក់រដ្ឋ Rakhine នៅភាគពាយ័ព្យប្រទេសឲ្យស្ថិតក្នុងស្ថានភាពបិទសកម្មភាពស្ទើរទាំងស្រុង ដោយសារមានការកើនឡើងនៃការឆ្លងវីរុសដែលបង្កជំងឺកូវីដ១៩។
ក្នុងចំណោមករណីឆ្លងថ្មីជាង១០០ករណីដែលអាជ្ញាធរមីយ៉ាន់ម៉ាបានរាយការណ៍ក្នុងប៉ុន្មានថ្ងៃនេះ ករណីភាគច្រើនចេញពីរដ្ឋ Rakhine ដែលមានប្រជាជន៣លាននាក់ និងប្រព័ន្ធសុខាភិបាលទន់ខ្សោយ។
រដ្ឋ Rakhine ក៏ជារដ្ឋកំណើតរបស់ជនភៀសខ្លួនជនជាតិ Rohingya រាប់សែននាក់ដែលបានរត់គេចពីការប្រយុទ្ធគ្នារវាងយោធាមីយ៉ាន់ម៉ានិងក្រុមកម្លាំងឧទ្ទាមអស់ជាច្រើនឆ្នាំមកនេះ៕