ក្រុមសកម្មជនការពារសិទ្ធិកម្មករ និងការងារ នឹងប្រារព្ធខួបទី៦នៃព្រឹត្តិការណ៍បង្រ្កាបដ៏ហិង្សាលើក្រុមកម្មករដោយកម្លាំងប្រដាប់អាវុធចម្រុះលើផ្លូវវេងស្រេងនិងតំបន់រោងចក្រកាត់ដេរផ្សេងទៀតនៅទីក្រុងភ្នំពេញដែលបានកើតឡើងក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣។ នេះបើយោងតាមការបញ្ជាក់របស់ជនរងគ្រោះពីការបង្រ្កាបនោះ។
ពិធីនេះនឹងធ្វើឡើងនៅថ្ងៃសុក្រនេះ នៅការិយាល័យមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (Central) ដែលនឹងមានការចូលរួមពីក្រុមអង្គការសង្គមស៊ីវិលជាង៣០។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬហៅកាត់ថា IDEA ប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា ក្នុងនាមលោកជាជនរងគ្រោះពីការវាយដំរបស់ក្រុមយោធានោះលោកមិនអាចបំភ្លេចបានទេ អំពើហិង្សាដែលបានធ្វើមកលើរូបលោក និងកម្មករឯទៀតដែលតវ៉ាទាមទារប្រាក់ឈ្នួលអប្បបរមា១៦០ដុល្លារសម្រាប់កម្មករកាត់ដេរ។
លោកបញ្ជាក់ថា៖ «រឿងដែលយើងមិនអាចបំភ្លេចបាន គឺការប្រើអំពើហិង្សាពីសំណាក់ទាហានឆ័ត្រយោង៩១១ មកលើរូបខ្ញុំ ដែលវាយស្ទើរតែស្លាប់បាត់បង់ជីវិត ហើយនៅស្លាកស្នាមនៅ របួសនៅលើក្បាលខ្ញុំជាប់នៅឡើយ ដែលយើងមិនអាចបំភ្លេចបាន។ ហើយរឿងមិនអាចបំភ្លេចមួយទៀតគឺ ការណ៍ដែលគេយកយើងទៅដាក់ពន្ធនាគារត្រពាំងផ្លុង អាហ្នឹងហើយជារឿងដែលយើងមិនអាចបំភ្លេចបាន»។
បាតុកម្មដែលបានផ្ទុះឡើងហើយក្លាយជាហិង្សាកាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤នោះបានបង្កឲ្យមនុស្ស៤នាក់ស្លាប់ និងម្នាក់ទៀតបាត់ខ្លួនមកដល់សព្វថ្ងៃនេះ។ មនុស្សជាច្រើននាក់ផ្សេងទៀតក៏បានរងរបួសក្នុងហេតុការណ៍ដែលកងកម្លាំងទ័ពពិសេសឆ័ត្រយោង៩១១បានបើកការបាញ់រះមកលើក្រុមអ្នកតវ៉ា។
ការបាញ់ប្រហារពីក្រុមទាហានឆ័ត្រយោង៩១១ ដែលត្រូវគេដឹងថា ស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងកងកម្លាំងមានសមត្ថកិច្ចផ្សេងទៀត បានកើតឡើងត្រង់ចំណុចរោងចក្រយ៉ាកជីង និងទីតាំងឧស្សាហកម្មលើកំណាត់ផ្លូវវេងស្រេង។
លោក ថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជាហៅកាត់ថា CCFC និយាយថា លោកនៅតែនឹកឃើញព្រឹត្តិការណ៍ដ៏ហិង្សានោះ។ លោកនិយាយថា៖
«ទាំងរយៈពេលកើតមកប៉ុន្មានឆ្នាំ បើឲ្យខ្ញុំបំភ្លេចរឿងនេះ គឺខ្ញុំមិនបានបំភ្លេចទេ សូម្បីតែនៅពេលដែលរាល់ការ ធ្វើការងាររបស់ខ្ញុំ ខ្ញុំនៅតែនឹកឃើញនូវការចងចាំ។ វាហាក់ដូចជា សញ្ញាមួយនៃការដាស់តឿន ខួរក្បាលខ្ញុំឲ្យចងចាំនូវព្រឹត្តិការណ៍ដ៏ព្រៃផ្សៃបែបនេះ នៅក្នុងខួរក្បាលរបស់ខ្ញុំរហូតកន្លងមក»។
ទាំងលោក វន់ ពៅ និងលោក ថេង សាវឿន គឺជាសកម្មជនស្ថិតក្នុងចំណោមសកម្មជនសិទ្ធិមនុស្ស និងកម្មករ២៣នាក់ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន បន្ទាប់ពីពួកលោកបានចូលរួមក្នុងបាតុកម្មតវ៉ាទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួលក្នុងឧស្សាហកម្មកាត់ដេរ។ ពួកគេត្រូវបានពីបទ«ញុះញង់ឲ្យប្រព្រឹត្តអំពើហិង្សាមានស្ថានទម្ងន់ទោស»។ ខណៈមានការរិះគន់ពីក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិជាបន្តបន្ទាប់ ពួកគេត្រូវបានដោះលែងឲ្យបានស្ថិតនៅក្រៅឃុំ បន្ទាប់ពីជាប់ក្នុងពន្ធនាគាររយៈពេល៥ខែ។
គម្រោងនៃការរំឭកដល់ការបង្ក្រាបដ៏ហិង្សារបស់កងកម្លាំងប្រដាប់អាវុធមកលើអ្នកតវ៉ាទាមទារដំឡើងប្រាក់ឈ្នួលនេះ កើតមានឡើង ដំណាលគ្នានឹងពេលសហភាពអឺរ៉ុបកំពុងពិចារណាលើការដកប្រព័ន្ធឋានៈអនុគ្រោះ«គ្រប់មុខទំនិញលើកលែងសព្វាវុធ» ឬហៅកាត់ថា EBA ដោយសារតែការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធអស់ជាច្រើនឆ្នាំមកនេះ ដែលការរំលោភបំពានទាំងនោះ មានការបង្ក្រាបលើគណបក្សនយោបាយ អង្គការក្រៅរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
របាយការណ៍វាយតម្លៃពីស្ថានភាពប្រទេសកម្ពុជាក្រោមក្របខ័ណ្ឌឋានៈអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប បានគូសបញ្ជាក់ត្រួសៗ ពីការវាយបង្រ្កាបតាមប្រព័ន្ធតុលាការលើមេដឹកនាំសហជីព សកម្មជន និងកម្មករ ព្រមទាំងមេដឹកនាំសហជីពសំខាន់ៗប្រាំមួយនាក់ទៀត។
របាយការណ៍ដែលបានដាក់ទៅរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១២ ខែវិចិ្ឆកាឆ្នាំ២០១៩ បានកត់សម្គាល់ថា មេដឹកនាំសហជីពទាំង៦នាក់ ដែលបានរងការចោទប្រកាន់ថា ប្រើអំពើហិង្សាក្នុងកូដកម្មថ្នាក់ជាតិ កាលពី២០១៤ ត្រូវបានសាលាឧទ្ធរណ៍សម្រេចឲ្យរួចខ្លួនពីការចោទប្រកាន់។ ក៏ប៉ុន្តែ មានមេដឹកនាំសហជីពមួយចំនួនទៀត នៅមិនទាន់បានរួចផុតពីការចោទប្រកាន់នៅឡើយ។
លោក ថេង សាវឿន ដែលបន្តរងការចោទប្រកាន់ យល់ថា តុលាការកម្ពុជាគួរពិចារណាទម្លាក់ចោលបទចោទប្រកាន់ទាំងឡាយលើរូបលោក និងសកម្មជនឯទៀត ប្រសិនបើប្រទេសកម្ពុជាមិនចង់ប្រឈមនឹងការបាត់បង់ឋានៈអនុគ្រោះពន្ធ EBA នោះ។
ទោះយ៉ាងណា លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ កត់សម្គាល់ថា ការតវ៉ានោះ មានចរិតជា«បាតុកម្មហិង្សាប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់» ដែលអ្នកដឹកនាំបាតុកម្មនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៖
«អីចឹងទេ អ្នកដែលបានរៀបចំ ហើយអ្នកបានចូលរួមត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់។ ហើយសំណុំរឿងនេះ ស្ថិតនៅក្នុងដំណើរការនីតិវិធីតុលាការ។ អីចឹងការទម្លាក់ចោលបទ[ចោទប្រកាន់] ឬក៏មិនទម្លាក់នោះ គឺវាអាស្រ័យទៅលើតុលាការ ដែលមិនមាននរណាអាចបង្គាប់បញ្ជាបាននោះទេបាទ»។
នៅក្នុងការឆ្លើយតបរបស់រដ្ឋាភិបាលកម្ពុជាទៅនឹងរបាយការណ៍របស់សហភាពអឺរ៉ុបអំពីការបង្រ្កាបហិង្សានេះ រដ្ឋាភិបាលកម្ពុជា បានពណ៌នា ការតវ៉ាកាលពីឆ្នាំ២០១៤ ថាជា «កុបកម្ម» ដែលក្នុងអំឡុងពេលនោះ «ក្រុមបាតុករមិនត្រឹមតែបំផ្លាញទ្រព្យសម្បត្តិឯកជននិងទ្រព្យសម្បត្តិរដ្ឋទេ ប៉ុន្តែពួកគេថែមទាំងបង្កការរបួសលើរាងកាយទៅលើបុគ្គលផ្សេងទៀត ឬក៏ធ្វើឲ្យខូចខាតទាំងទ្រព្យសម្បត្តិឯកជននិងរដ្ឋ»។
របាយការណ៍សហភាពអឺរ៉ុបដដែលបញ្ជាក់ថា បន្ថែមច្រើនជាងនេះទៀត រដ្ឋាភិបាលកម្ពុជាបានអះអាងថា គ្មានករណីណាមួយដែលកម្មករ និងសមាជិកសហជីពរូបណា ត្រូវបានចាប់ខ្លួន ឬក៏កាត់ឲ្យមានទោសចំពោះការពាក់ព័ន្ធរបស់ពួកគេក្នុងការតវ៉ានោះទេ៕