មន្រ្តីសហរដ្ឋអាមេរិកមួយរូបបានប្រាប់ VOA ថា ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការជនភៀសខ្លួន (UNHCR) នឹងធ្វើការដើម្បីកំណត់អត្តសញ្ញាណជនចំណាកស្រុកណាដែលត្រូវការជំនួយខ្លាំងបំផុត ដែលកំពុងរង់ចាំនៅក្នុងប្រទេសម៉ិកស៊ិក ហើយនឹងជួយពួកគេបំពេញឯកសារដើម្បីសុំសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក។
ទីភ្នាក់ងារ UNHCR នឹងធ្វើការជាមួយរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden ដើម្បីដោះស្រាយបញ្ហាលំបាករបស់អ្នកស្វែងរកសិទ្ធិជ្រកកោនរាប់ម៉ឺននាក់ ដែលរដ្ឋបាលរបស់លោកអតីតប្រធានាធិបតី Donald Trump បានបង្ខំឲ្យស្ថិតនៅក្នុងប្រទេសម៉ិកស៊ិក ខណៈរង់ចាំសវនាការនៅតុលាការអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក នៅក្រោមគម្រោងផ្តួចផ្តើមដែលគេហៅថា «ពិធីការការពារជនចំណាកស្រុក (MPP)»។
អ្នកស្រី Roberta Jacobson អ្នកសម្របសម្រួលកិច្ចការព្រំដែនភាគនិរតីនៃក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន បានប្រាប់ VOA ថា៖ «អង្គការ UNHCR កំពុងធ្វើការដើម្បីជ្រើសរើសអ្នកដែលងាយរងគ្រោះបំផុត ឬអ្នកដែលបានរង់ចាំយូរនៅក្រោមគម្រោង MPP ដើម្បីឲ្យឆ្លងមកសហរដ្ឋអាមេរិក» ។
រដ្ឋបាលរបស់លោក Biden ដែលបានចាត់វិធានការដើម្បីបញ្ចប់គម្រោង MPP ត្រូវគេរំពឹងថានឹងចាប់ផ្តើមដំណើរការពាក្យសុំសិទ្ធិជ្រកកោនរបស់ជនចំណាកស្រុកទាំងនេះនៅថ្ងៃទី ១៩ ខែកុម្ភៈខាងមុខ។ មានជនចំណាកស្រុកប្រមាណ ២៥.០០០ នាក់ដែលកំពុងមានសំណុំរឿងក្នុងគម្រោង MPP។
ការពិនិត្យជ្រើសរើសអ្នកស្វែងរកសិទ្ធិជ្រកកោនដោយអង្គការ UNHCR នេះ ត្រូវគេរំពឹងថា នឹងកាត់បន្ថយការឃុំខ្លួនជនចំណាកស្រុកណាដែលត្រូវបានអនុញ្ញាតឲ្យចូលសហរដ្ឋអាមេរិក។ ពួកគេភាគច្រើននឹងត្រូវបានអនុញ្ញាតឲ្យស្នាក់នៅជាមួយអ្នកធានា ឬសមាជិកគ្រួសារណាដែលនៅសហរដ្ឋអាមេរិកស្រាប់។
ទោះបីជាអង្គការ UNHCR ជួយក៏ដោយ ក៏សហរដ្ឋអាមេរិកនៅតែជាអ្នកសម្រេចថា អ្នកណានឹងទទួលបានសិទ្ធិជ្រកកោន ហើយត្រូវបានអនុញ្ញាតឲ្យស្នាក់នៅក្នុងប្រទេសដោយស្របច្បាប់។
ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិកបានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរគោលនយោបាយនេះមិនមែនមានន័យថាជាការបើកចំហព្រំដែនសម្រាប់ជនដែលធ្វើចំណាកស្រុកមិនទៀងទាត់មកកាន់សហរដ្ឋអាមេរិកនោះទេ៕