ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានចុះហត្ថលេខាលើបទបញ្ជានីតិប្រតិបត្តិមួយចំនួនកាលពីថ្ងៃអង្គារម្សិលមិញ ដើម្បីចាប់ផ្តើមលុបចោលគោលនយោបាយអន្តោប្រវេសន៍ដ៏តឹងតែងរបស់លោកអតីតប្រធានាធិបតី Donald Trump។
លោក Biden បាននិយាយនៅពេលចុះហត្ថលេខាលើបទបញ្ជានីតិប្រតិបត្តិទាំងនោះថា៖ «ខ្ញុំមិនមែនកំពុងធ្វើច្បាប់ថ្មីទេ។ ខ្ញុំកំពុងលុបចោលគោលនយោបាយអាក្រក់»។
ក្នុងថ្ងៃដំបូងនៃការកាន់តំណែងជាប្រធានាធិបតីរបស់លោកកាលពី ២ សប្តាហ៍មុន លោក Biden បានចាត់វិធានការបញ្ឈប់ការសាងសង់ជញ្ជាំងព្រំដែនដែលមានតម្លៃ ១៦ ពាន់លានដុល្លាររបស់លោក Trump និងបានបញ្ជូនសេចក្តីព្រាងច្បាប់អន្តោប្រវេសន៍ដ៏សំខាន់មួយទៅកាន់សភា។
ការផ្តោតយកចិត្តទុកដាក់ភ្លាមៗរបស់លោក Biden គឺព្រំដែនភាគខាងត្បូងជាប់ប្រទេសម៉ិកស៊ិកចម្ងាយ ៣.១០០ គីឡូម៉ែត្រ ដែលលោក Trump បានព្យាយាមរាំងខ្ទប់ជនចំណាកស្រុករាប់ពាក់នាក់មកពីប្រទេសម៉ិកស៊ិក ហុងឌូរ៉ាស អែលសាល់វ៉ាឌ័រ និងក្វាតេម៉ាឡា កុំឲ្យចូលមកក្នុងសហរដ្ឋអាមេរិក។
បទបញ្ជាមួយដែលលោក Biden បានចុះហត្ថលេខា នឹងបង្កើតក្រុមការងារពិសេសដើម្បីធ្វើឲ្យកុមារចំណាកស្រុកជាង ៦០០ នាក់ មានការជួបជុំឡើងវិញជាមួយនឹងឪពុកម្ដាយរបស់ពួកគេ បន្ទាប់ពីអាជ្ញាធរបានបំបែកពួកគេនៅឯព្រំដែនកាលពីឆ្នាំ ២០១៧ និងឆ្នាំ ២០១៨ មក។
នៅឯពិធីចុះហត្ថលេខានោះ លោក Biden បាននិយាយថា លោកសង្ឃឹមថានឹងអាចលុបចោលនូវ «ស្នាមប្រឡាក់» នៃការបំបែកក្រុមគ្រួសារជនចំណាកស្រុក៕