នៅក្នុងថ្ងៃតែមួយដែលលោកបានស្បថចូលកាន់តំណែង ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកលោក Joe Biden បានចុះហត្ថលេខាលើបទបញ្ជាប្រធានាធិបតីជាបន្តបន្ទាប់ និងចំណាត់ការផ្សេងៗទៀតកាលពីថ្ងៃពុធ ដែលមានគោលបំណងដោះស្រាយវិបត្តិកូវីដ១៩ និងច្រានចោលការផ្លាស់ប្តូរគោលនយោបាយមួយចំនួន ដែលត្រូវបានអនុម័តនៅក្រោមលោកអតីតប្រធានាធិបតី Donald Trump។
លោក Biden បានប្រាប់ពួកអ្នកយកព័ត៌មាននៅឯពិធីនៃការចុះហត្ថលេខាប៉ុន្មានម៉ោងបន្ទាប់ពីលោកបានស្បថចូលកាន់តំណែងថា៖ «មិនមានពេលវេលាណាដែលល្អក្នុងការចាប់ផ្តើម ដូចនៅថ្ងៃនេះទេ»។
ក្នុងចំណោមបទបញ្ជាទាំងនោះ លោក Biden បានបញ្ចប់បម្រាមធ្វើដំណើរលើប្រទេសកាន់សាសនាឥស្លាមភាគច្រើនមួយចំនួន ដោយលោកបានអំពាវនាវឲ្យទីភ្នាក់ងារសហព័ន្ធផ្តោតអាទិភាពលើសមភាពជាតិសាសន៍ បញ្ឈប់ការសាងសង់ជញ្ជាំងនៅតាមបណ្តោយព្រំដែនសហរដ្ឋអាមេរិកនិងម៉ិកស៊ិក ដកវិញការអនុម័តបំពង់បង្ហូរប្រេងរបស់ក្រុមហ៊ុន Keystone XL ប្រែក្រឡាស់បទបញ្ជារបស់លោក Trump ដែលមិនដាក់បញ្ចូលអ្នកដែលមិនមែនសញ្ជាតិអាមេរិកាំងពីជំរឿនពលរដ្ឋរបស់សហរដ្ឋអាមេរិក ហើយនឹងធ្វើឲ្យប្រសើរឡើងនូវការការពារប្រឆាំងនឹងការរើសអើងផ្អែកលើយេនឌ័រ (ភេទ)។
លោកប្រធានាធិបតី Biden ក៏បានចុះហត្ថលេខាលើលិខិតដើម្បីប្រកាសថា សហរដ្ឋអាមេរិកមានបំណងចូលរួមកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស និងដកសេចក្តីប្រកាសរបស់លោក Trump ដែលថា អាមេរិក នឹងដកខ្លួនចេញពីអង្គការសុខភាពពិភពលោក (WHO) នោះ។
ចំពោះវិបត្តិកូវីដ១៩វិញ លោក Biden បានបន្តបញ្ជាសហព័ន្ធមិនឱ្យជម្លៀសអ្នកគ្មានលទ្ធភាពបង់ថ្លៃផ្ទះ ចេញបញ្ជាតម្រូវឲ្យពាក់ម៉ាស់នៅក្នុងអគារសហព័ន្ធ ហើយបង្កើតការិយាល័យថ្មីមួយដើម្បីសម្របសម្រួលការឆ្លើយតបជាតិចំពោះវិបត្តិបង្កដោយវីរុសដែលបានសម្លាប់មនុស្សជាង៤០០.០០០នាក់ នៅក្នុងសហរដ្ឋអាមេរិក។
មន្ត្រីរដ្ឋបាលបានបញ្ជាក់ថា លោក Biden នឹងចុះហត្ថលេខាលើបទបញ្ជាជាង១០ទៀតនៅក្នុងរយៈពេល១០ថ្ងៃបន្ទាប់ទៀត៕