ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ឬហៅកាត់ថា UNHCR (United Nations High Commissioner for Refugees) ឲ្យដឹងថា ខ្លួនកំពុងស្វះស្វែងរកការបកស្រាយពីភាគីថៃ ក្នុងការបញ្ជូនជនភៀសខ្លួនខ្មែរមកប្រទេសកម្ពុជាជាបន្តបន្ទាប់ បើទោះពួកគេត្រូវបានទទួលស្គាល់ឋានៈជាជនភៀសខ្លួនរួចហើយ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃចន្ទ។
នៅក្នុងសេចក្តីថ្លែងការណ៍នោះ UNHCR បានបង្ហាញការសោកស្តាយចំពោះការបញ្ជូនជនភៀសខ្លួនកម្ពុជាម្នាក់ទៀត ដែលជាអ្នកទីបីពីប្រទេសថៃមកកម្ពុជាវិញកាលពីសប្តាហ៍មុន។ UNHCR បានជំរុញឲ្យរដ្ឋាភិបាលថៃកុំបញ្ជូនជនភៀសខ្លួនដែលត្រូវបានទទួលស្គាល់ និងគោរពតាមកាតព្វកិច្ចអន្តរជាតិ។ UNHCR ក៏ជំរុញយ៉ាងខ្លាំងឱ្យអាជ្ញាធរកម្ពុជាគោរពតាមស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ និងអនុញ្ញាតឲ្យអង្គការសិទ្ធិមនុស្សអាចចូលទៅមើលជនភៀសខ្លួនបាន។
UNHCRកំពុងស្វះស្វែងរកការបកស្រាយជាបន្ទាន់ពីអាជ្ញាធរថៃអំពីការបញ្ជូនជនភៀសខ្លួននេះ។ នេះបើតាមសេចក្តីថ្លែងការណ៍។ UNHCR បញ្ជាក់ថា ការបញ្ជូននេះបំពានគោលការណ៍នៃការមិនបញ្ជូនជនភៀសខ្លួន ដែលរដ្ឋមានកាតព្វកិច្ចត្រូវគោរព គឺមិនបញ្ជូនឬបណ្តេញប្រជាជនទៅដែនដី«ដែលជីវិតរបស់ពួកគេ ឬសេរីភាពនឹងត្រូវបានគំរាមកំហែង»។
វីអូអេមិនទាន់ទទួលបានការឆ្លើយតបពីស្ថានទូតថៃប្រចាំនៅកម្ពុជា តាមសារអ៊ីម៉ែលនៅឡើយទេ ទាំងកាលពីថ្ងៃចន្ទ និងនៅថ្ងៃអង្គារនេះ។
កាលពីថ្ងៃទី១៩ ខែវិច្ឆិកា អ្នកស្រី ឡាញ់ ថាវរី អតីតមេឃុំឫស្សីក្រោក ក្នុងស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរថៃឃាត់ខ្លួន ហើយបន្ទាប់មកបញ្ជូនមកកម្ពុជាកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។
លោក ឡាញ់ ថាន អាយុ៣៥ឆ្នាំ បងប្រុសរបស់សកម្មជនដែលត្រូវបានចាប់បញ្ជូននោះ ថ្លែងថាលោកមាន«ការសោកស្តាយ» និង«អាណិត»ដែលប្អូនស្រីត្រូវបានឃាត់ និងបញ្ជូនមកប្រទេសកម្ពុជាវិញ។ លោកចាត់ទុកការចោទប្រកាន់លើប្អូនស្រីលោកជាការចោទប្រកាន់អយុត្តិធម៌ ប៉ុន្តែលោកមិនដឹងថាជួយប្អូនស្រីបានយ៉ាងដូចម្តេច។
លោកប្រាប់វីអូអេនៅថ្ងៃអង្គារថា៖ «ខ្ញុំជាបង ខ្ញុំមិនចោលគាត់ទេ តែមិនដឹងថា ជួយគាត់យ៉ាងម៉េច។ ខ្ញុំវាចាល់[យោបល់]...បានតែត្រឹមដឹងថាប្អូនចូលពន្ធនាគារ។ បើមានឱកាសចូលសួរសុខទុក្ខ ចូលសួរសុខទុក្ខ តែប៉ុណ្ណឹង»។
ចំណែកកាលពីដើមខែវិច្ឆិកា ឆ្នាំ២០២១នេះ បុរសពីរនាក់ដែលម្នាក់ ជាសកម្មជនសង្គមនិងម្នាក់ទៀតជាសកម្មជនគណបក្សសង្គ្រោះជាតិ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ហើយបញ្ជូនមកកម្ពុជាដែរ។ សកម្មជនទាំងពីរនាក់នោះ រួមមានលោក វឿន វាសនា ដែលជាសកម្មជនសង្គម ហើយតែងតែរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ កាលពីកន្លងទៅ លោកបាននិពន្ធកំណាព្យមួយក្រោមចំណងជើងថា « ហ៊ុន សែនក្បត់ជាតិ»។ ចំណែកសកម្មជនម្នាក់ទៀតមកពីគណបក្សសង្គ្រោះជាតិគឺលោកវឿង សំណាង។
ការចាប់ខ្លួនអ្នកទាំងបីត្រូវបានអាជ្ញាធរកម្ពុជាអះអាងថាជាការអនុវត្តច្បាប់អន្តោប្រវេសន៍ក្នុងប្រទេសថៃ ហើយពួកគេជាប់បណ្តឹងនៅតុលាការកម្ពុជា ពីបទ«រួមគំនិតក្បត់»។ អាជ្ញាធរកម្ពុជាក៏បានអះអាងថាកម្ពុជាមិនបានស្នើសុំភាគីថៃឲ្យចាប់ខ្លួនពួកគេឡើយ។
បើតាម UNHCR ក្រោយការចាប់ខ្លួនសកម្មជនទីបី ដែលទទួលបានសិទ្ធិជ្រកកោន UNHCRភ្លាមៗបានជូនដំណឹងទៅអាជ្ញាធរអំពីឋានៈនៃជនភៀសខ្លួននោះ ហើយជំរុញឲ្យរដ្ឋាភិបាលថៃមិនបញ្ជូនសកម្មជននោះមកកម្ពុជា ដោយសារបារម្ភខ្លាំងអំពីសុវត្ថិភាពនៃជនភៀសខ្លួន។ ប៉ុន្តែស្រ្តីនោះត្រូវបានបញ្ជូនមកកម្ពុជាកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។
អ្នកស្រី Gillian Triggs ឧត្តមស្នងការរងទទួលបន្ទុកការពារជនភៀសខ្លួននៃអង្គការសហប្រជាជាតិ មានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងបារម្ភខ្លាំងណាស់នៃទំនោរនៃការបញ្ជូនជនភៀសខ្លួនដោយបង្ខំមកកម្ពុជា ដែលពួកគេប្រឈមនឹងហានិភ័យខ្លាំងនៃការធ្វើទុក្ខបុកម្នេញ។ ដោយសារព្រឹត្តិការណ៍នេះ យើងបារម្ភខ្លាំងអំពីសុវត្ថិភាពជនភៀសខ្លួនកម្ពុជាដែលត្រូវបានទទួលស្គាល់ដោយUNHCR ក្នុងប្រទេសថៃ»។
កាលពីថ្ងៃទី២០ ខែវិច្ឆិកា នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី លោក Phil Robertson បានបង្ហោះសារលើបណ្តាញសង្គមTwitter ជុំវិញការចាប់បញ្ជូនខ្លួនអ្នកស្រី ឡាញ់ ថាវរី ជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖
«នេះកាន់តែបញ្ជាក់ច្បាស់ថា[អាជ្ញាធរ]អន្តោប្រវេសន៍ថៃបានធ្វើរឿងដ៏មិនគួរឲ្យជឿសាជាថ្មីម្តងទៀត!ប្រទេសថៃបានរំលោភបំពានយ៉ាងកម្រោលលើការការពារ និងសិទ្ធិជនភៀសខ្លួនដោយបញ្ជូនជនភៀសខ្លួន អ្នកស្រី ឡាញ់ ថាវរី មកកម្ពុជា កាលព្រឹកថ្ងៃនេះទោះបីអ្នកស្រីត្រូវបានឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(UNHCR) ប្រចាំតំបន់អាស៊ីទទួលស្គាល់ជាជនភៀសខ្លួនក៏ដោយ។ នេះជារឿងហួសហេតុ និងមិនអាចទទួលយកបានជាដាច់ខាត!»
គួរបញ្ជាក់ថា ក្រោយការរំលាយគណបក្សសង្គ្រោះជាតិកាលពីចុងឆ្នាំ២០១៧ សកម្មជនគណបក្សសង្គ្រោះជាតិមួយចំនួនបានរត់ភៀសខ្លួនទៅនៅប្រទេសថៃ ហើយសកម្មជនខ្លះទទួលបានសិទ្ធិជ្រកកោននយោបាយនៅទីនោះផងដែរ។
កាលពីកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានថ្លែងថា លោកអាចចាប់ខ្លួនសកម្មជនខ្មែរដែលស្នាក់នៅប្រទេសថៃពេលណាក៏បាន៕