ការចាប់ខ្លួនជាបន្តបន្ទាប់នូវសកម្មជនគណបក្សប្រឆាំងដែលជ្រកកោនក្នុងប្រទេសថៃនាំឲ្យមានការរិះគន់ពីអ្នកពាក់ព័ន្ធថា ជាការបំពានសិទ្ធិរបស់ពួកគេ។
កាលពីចុងសប្តាហ៍មុន មានការចាប់ខ្លួនអតីតសកម្មជនគណបក្សសង្គ្រោះជាតិ និងជាអតីតមេឃុំជាប់ឆ្នោតក្នុងស្រុកមង្គលបុរីម្នាក់ ហើយត្រូវបានអាជ្ញាធរថៃបញ្ជូនមកឲ្យអាជ្ញាធរកម្ពុជាកាលពីថ្ងៃទី២០ ខែវិច្ឆិកា។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់វីអូអេថា ការចាប់និងបញ្ជូនខ្លួនអតីតសកម្មជនគណបក្សសង្គ្រោះជាតិ អ្នកស្រី ឡាញ់ ថាវរី ដែលជាអតីតមេឃុំឫស្សីក្រោក ស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យ គឺយោងលើការអនុវត្តច្បាប់ពីសំណាក់អាជ្ញាធរថៃខណៈលោកលើកឡើងថា អ្នកស្រី ក៏ជាប់ចោទពីបទ«រួមគំនិតក្បត់» ដែលប្រព្រឹត្តទៅនៅកម្ពុជាផងដែរ។
លោកថ្លែងថា៖ «កន្លងមក សមត្ថកិច្ចថៃ គេបានអនុវត្តច្បាប់អន្តោប្រវេសន៍របស់គេក្នុងការស្នាក់នៅខុសច្បាប់នៅស្រុកគេ។ អ៊ីចឹងគេរកឃើញជនហ្នឹងស្នាក់នៅខុសច្បាប់។ដូច្នេះអនុវត្តតាមច្បាប់ថៃ គេចាប់បញ្ជូនជនហ្នឹងមកឲ្យយើងវិញ ដែលជាជនជាតិខ្មែររស់នៅស្រុកគេ ដោយគ្មានច្បាប់ទម្លាប់។ ហើយវាត្រូវនឹងឈ្មោះ ឡាញ់ ថាវរី និងមានដីកាចាប់ខ្លួនពីតុលាការរបស់យើងដែរពីបទសមគំនិត»។
លោក ខៀវ សុភ័គ បានឲ្យដឹងទៀតថា នាពេលបច្ចុប្បន្ន អ្នកស្រី ឡាញ់ ថាវរីកំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃសក្នុងរាជធានីភ្នំពេញ ដោយរង់ចាំនីតិវិធីរបស់តុលាការបន្តទៀត។
អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះបន្ថែមថា រដ្ឋាភិបាលកម្ពុជាមិនបានស្នើឲ្យមានការចាប់ខ្លួនអ្នកស្រី ឡាញ់ ថាវរី ឡើយ ហើយការចាប់ខ្លួននេះគឺធ្វើឡើងដោយអាជ្ញាធរថៃ ក្រោមការអនុវត្តក្នុងដែនសមត្ថកិច្ចនៅប្រទេសថៃ។
វីអូអេមិនទាន់ទទួលបានការឆ្លើយតបពីស្ថានទូតថៃប្រចាំនៅកម្ពុជា តាមសារអ៊ីម៉ែលនៅឡើយទេ គិតត្រឹមថ្ងៃចន្ទ។
កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២១នេះ បុរសពីរនាក់ដែលម្នាក់ ជាសកម្មជនសង្គមនិងម្នាក់ ជាសកម្មជនគណបក្សសង្គ្រោះជាតិត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ហើយបញ្ជូនមកកម្ពុជា។ សកម្មជនទាំងពីរនាក់នោះ រួមមានលោក វឿន វាសនា ដែលជាសកម្មជនសង្គមហើយតែងតែរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ កាលពីកន្លងទៅ លោកបាននិពន្ធកំណាព្យមួយក្រោមចំណងជើងថា« ហ៊ុន សែនក្បត់ជាតិ»។ ចំណែកសកម្មជនម្នាក់ទៀតមកពីគណបក្សសង្គ្រោះជាតិ គឺលោកវឿង សំណាង។
ការចាប់ខ្លួនអ្នកទាំងពីរត្រូវបានអាជ្ញាធរអះអាងថា ជាការអនុវត្តច្បាប់អន្តោប្រវេសន៍ក្នុងប្រទេសថៃ ហើយពួកគេជាប់បណ្តឹងនៅតុលាការកម្ពុជាពីបទ«រួមគំនិតក្បត់»។
អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ប្រាប់វីអូអេនៅថ្ងៃចន្ទថា លោកទទួលបានព័ត៌មានពាក់ព័ន្ធនឹងការចាប់ខ្លួនអ្នកស្រី ឡាញ់ ថាវរី តាមរយៈព័ត៌មានលើបណ្តាញសង្គម និងការបញ្ជាក់ពីក្រុមការងារតាមខេត្តពីការបញ្ជូនខ្លួនអ្នកស្រីមកកម្ពុជា តាមច្រកព្រំដែនប៉ោយប៉ែតក្នុងខេត្តបន្ទាយមានជ័យ។
លោកបន្តថា បច្ចុប្បន្នសង្គមស៊ីវិល និងអង្គការសហប្រជាជាតិ កំពុងតែតាមដាននិងបញ្ជាក់ពីកន្លែងឃុំខ្លួនឲ្យបានច្បាស់លាស់ ដោយសារសាច់ញាតិមានការព្រួយបារម្ភ បន្ទាប់ពីមិនមានដំណឹង ក្រោយពីការចាប់ខ្លួន។
លោកបញ្ជាក់ថា ករណីចាប់ខ្លួនអ្នកស្រី ឡាញ់ ថាវរីក៏ដូចជាការចាប់ខ្លួនអ្នកផ្សេងទៀត ដែរកើតឡើងក្រោយពួកគេរិះគន់រដ្ឋាភិបាលកម្ពុជា។
លោកថ្លែងថា៖ «អ្វីដែលយើងមានការកត់សម្គាល់ហ្នឹងគឺបានបង្កើតឡើងអំពីអ្នកទាំងអស់ហ្នឹងជាសកម្មជននយោបាយ។ គាត់មានការរិះគន់លើអ្វីដែលជាទស្សនៈរបស់គាត់ទៅលើការដឹកនាំរបស់រដ្ឋាភិបាលជាដើម។ហើយយើងឃើញថា អ្នកទាំងអស់ហ្នឹងក្រោយពីមានការបញ្ចេញមតិតាមបណ្តាញសង្គមអីទាំងអស់ហ្នឹង ហើយជាការកត់សម្គាល់របស់យើង បន្ទាប់មកយើងឃើញមានចំណាត់ការបន្តបន្ទាប់ពីខាងសមត្ថកិច្ចថៃទៅលើពួកគាត់ ហើយបញ្ជូនមកឲ្យរដ្ឋាភិបាលកម្ពុជាតែម្តង»។
កាលពីថ្ងៃទី២០ ខែវិច្ឆិកា នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី លោក Phil Robertson បានបង្ហោះសារលើបណ្តាញសង្គម Twitter ជុំវិញការចាប់បញ្ជូនខ្លួនអ្នកស្រី ឡាញ់ ថាវរី ជាភាសាអង់គ្លេស និងត្រូវបានប្រែសម្រួលជាភាសាខ្មែរថា៖
«នេះកាន់តែបញ្ជាក់ច្បាស់ថា [អាជ្ញាធរ]អន្តោប្រវេសន៍ថៃបានធ្វើរឿងដ៏មិនគួរឲ្យជឿសាជាថ្មីម្តងទៀត!ប្រទេសថៃបានរំលោភបំពានយ៉ាងកម្រោលលើការការពារនិងសិទ្ធិជនភៀសខ្លួនដោយបញ្ជូនជនភៀសខ្លួន អ្នកស្រី ឡាញ់ ថាវរី មកកម្ពុជាកាលព្រឹកថ្ងៃនេះទោះបីអ្នកស្រីត្រូវបានឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(UNHCR) ប្រចាំតំបន់អាស៊ីទទួលស្គាល់ជាជនភៀសខ្លួនក៏ដោយ។ នេះជារឿងហួសហេតុ និងមិនអាចទទួលយកបានជាដាច់ខាត»!
កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(UNHCR) បានរិះគន់ការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំង និងបញ្ជូនមកប្រទេសកម្ពុជាវិញ ដោយបារម្ភអំពីការធ្វើបាបក្នុងប្រទេសកម្ពុជា។ អង្គការនេះបានជំរុញឲ្យអាជ្ញាធរថៃស៊ើបអង្កេតករណីនេះ និងអំពាវនាវឲ្យរដ្ឋាភិបាលថៃគោរពកាតព្វកិច្ចអន្តរជាតិជាមូលដ្ឋានរបស់ខ្លួន ជាពិសេសគោលការណ៍នៃការការពារជនភៀសខ្លួន។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ក៏បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់អ្នកស្រី កាលពីថ្ងៃទី២០ ខែវិច្ឆិកាថា៖ «សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ចំនួន៥០០៧ មកពីគណបក្សប្រឆាំងដែលជាប់ឆ្នោតក្នុងឆ្នាំ២០១៧ អាសនៈរបស់ពួកគេត្រូវបានដកហូតដោយរបបលោក ហ៊ុន សែន។អ្នកខ្លះភៀសខ្លួនទៅប្រទេសថៃ ហើយទទួលស្គាល់ដោយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(UNHCR) ថាជាជនភៀសខ្លួន។ ពេលនេះពួកគេត្រូវបាននិរទេសដោយអយុត្តិធម៌ដើម្បីប្រឈមមុខនឹងការជាប់ពន្ធនាគារនៅកម្ពុជា»។
គួរបញ្ជាក់ថាក្រោយការរំលាយគណបក្សសង្គ្រោះជាតិកាលពីចុងឆ្នាំ២០១៧ សកម្មជនគណបក្សសង្គ្រោះជាតិមួយចំនួនបានរត់ភៀសខ្លួនទៅនៅប្រទេសថៃ ហើយសកម្មជនខ្លះទទួលបានសិទ្ធិជ្រកកោននយោបាយនៅទីនោះផងដែរ។
កាលពីកន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានថ្លែងថា លោកអាចចាប់ខ្លួនសកម្មជនខ្មែរដែលស្នាក់នៅប្រទេសថៃពេលណាក៏បាន៕