ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកគ្រឿងញៀននិងឧក្រិដ្ឋកម្មកំពុងអំពាវនាវឲ្យមានការធ្វើកំណែទម្រង់និងកិច្ចសហការឲ្យបានល្អជាងនេះ ក្នុងការតាក់តែងច្បាប់ក្នុងតំបន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងអាភៀន និងអំហ្វេតាមីននៅក្នុងតំបន់អាស៊ីនិងតំបន់ប៉ាស៊ីហ្វិក។
ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកគ្រឿងញៀននិងឧក្រិដ្ឋកម្ម បានឲ្យដឹងថា ផលិតផលនិងចរាចរណ៍នៃគ្រឿងញៀនខុសច្បាប់ នៅតែស្ថិតក្នុងកម្រិតខ្ពស់នៅអាស៊ី ដែលមានអ្នកប្រើប្រាស់ថ្នាំញៀននិងថ្នាំសប្បាយ រហូតដល់ ១០លាននាក់។
លោក Jeremy Douglas តំណាងអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកគ្រឿងញៀននិងឧក្រិដ្ឋកម្មក្នុងតំបន់ បានថ្លែងនៅឯសន្និសីទអាស៊ីប៉ាស៊ីហ្វិករបស់ទីភ្នាក់ងារជាតិសម្រាប់ការអនុវត្តន៍ច្បាប់ថា ការប្រើប្រាស់ថ្នាំសប្បាយដូចជា អំហ្វេតាមីន បន្តកើនឡើងនៅបណ្តាប្រទេសជាច្រើននៅតំបន់អាស៊ីនិងប៉ាស៊ីហ្វិក។
លោក Douglas ថ្លែងថា៖«ច្បាស់ណាស់ ទំនិញផ្គត់ផ្គង់មានច្រើន គឺអាចច្រើនជាងពេលមុនៗទៅទៀត។ ដូច្នេះ តាមការអាចពីប្រទេសដែលចូលរួមបានឲ្យដឹងថា គ្រឿងញៀនមានការកើនឡើង។ លើកលែងតែហេរ៉ូអ៊ីន វាអាចទៅរួចដែលថាក្រៅពីប្រទេសមីយ៉ាន់ម៉ាផលិតផលអាភៀនហាក់ដូចនៅថេរនៅឡើយ ប៉ុន្តែនៅតែស្ថិតក្នុងកម្រិតខ្ពស់មួយ»។
អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកគ្រឿងញៀននិងឧក្រិដ្ឋកម្ម បានឲ្យដឹងថា អាភៀននិងប្រភេទថ្នាំសប្បាយអំហ្វេតាមីន ដែលផលិតនៅក្នុងបន្ទប់ផលិតលួចលាក់នោះ នៅតែជាគ្រឿងញៀនខុសច្បាប់ដ៏ធំពីរ ដែលបានគំរាមកំហែងនៅក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក។
នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ឧក្រិដ្ឋកម្មសេដ្ឋកិច្ចឆ្លងប្រទេសត្រូវបានប៉ាន់ប្រមាណថាមានតម្លៃ ១០០ពាន់លានដុល្លារក្នុងមួយឆ្នាំ ជាមួយនឹង ៣០ពាន់លានដុល្លារដែលជាតម្លៃនៃទីផ្សារគ្រឿងញៀនខុសច្បាប់។ អង្គការឧក្រិដ្ឋកម្មឆ្លងប្រទេសធំៗគឺស្ថិតនៅពីក្រោយការផលិតគ្រឿងញៀនប្រភេទថ្នាំសប្បាយ ពិសេសប្រភេទថ្នាំម៉្យាងហៅថា ម៉ាទឹកកក។
ភាគច្រើននៃបន្ទប់ផលិតថ្នាំ មេតំហ្វេតាមីន គឺស្ថិតនៅប្រទេសចិន ដែលនៅឆ្នាំ២០១៣ អាជ្ញាធរបានបិទបន្ទប់ផលិតខុសច្បាប់នោះអស់ ៥៧២កន្លែង ហើយការប្រើប្រាស់នៅបន្តកើនឡើង ពិសេសក្នុងចំណោមយុវជន។ មជ្ឈមណ្ឌលផលិតផ្សេងទៀតស្ថិតនៅអាស៊ី មាននៅក្នុងប្រទេស ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងហ្វីលីពីន។
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃលោក Paiboon Koomchaya បានអំពាវនាវឲ្យមានកិច្ចសហការបន្ថែមទៀតនៅតាមព្រំដែនដើម្បីការពារកសិករក្រីក្រកុំឲ្យលង់ខ្លួនចូលក្នុងការរត់ពន្ធគ្រឿងញៀន ហើយអំពាវនាវឲ្យបញ្ឈប់ការរត់ពន្ធសារធាតុគីមីដែលប្រើប្រាស់ក្នុងការផលិតថ្នាំញៀននោះ។
ប៉ុន្តែលោក Douglas ថ្លែងថា បញ្ហាប្រឈមដទៃទៀតគឺការអនុវត្តកំណែទម្រង់ទាំងនោះ។លោកថ្លែងថា៖«ពួកគេត្រូវបំបាត់ចោលនូវឧបសគ្គដែលរារាំងពួកគេ ហើយចាប់ផ្តើមធ្វើការរួមគ្នា ពីព្រោះឧក្រិដ្ឋជនទាំងនោះនៅចំពោះមុខយើង ពួកគេគឺស្ថិតក្នុងតំបន់។ ការអនុវត្តច្បាប់នៅក្នុងតំបន់មិនទាន់មាននៅឡើយ ហើយអនុវត្តច្បាប់ នៅមិនទាន់មានការសហការគា្នឲ្យដល់កម្រិតដែលគួរតែធ្វើរួមគ្នានៅក្នុងតំបន់នៅឡើយនោះទេ»។
លទ្ធផលនៃការប្រជុំអាស៊ី ប៉ាស៊ីហ្វិក នឹងត្រូវធ្វើឡើងនៅក្នុងឱកាសពិសេសមួយនៃមហាសន្និបាតរបស់អង្គការសហប្រជាជាតិស្តីអំពីបញ្ហាគ្រឿងញៀនសកលនៅដើមឆ្នាំ២០១៦៕
ប្រែសម្រួលដោយស្រេង លក្ខិណា