ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាគីស្ថាននិងអាហ្វហ្គានីស្ថានធ្វើសហប្រតិបត្តិការ​ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន


អ្នក​ញៀន​ថ្នាំ​ជនជា​តិ​បាគីស្ថាន​នៅ​ក្រុង​ Lahore ប្រទេស​បាគីស្ថាន។ បាគីស្ថាន​និង​អាហ្វហ្គានីស្ថាន​ធ្វើ​សហប្រតិបត្តិការ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​គ្រឿងញៀន​។
អ្នក​ញៀន​ថ្នាំ​ជនជា​តិ​បាគីស្ថាន​នៅ​ក្រុង​ Lahore ប្រទេស​បាគីស្ថាន។ បាគីស្ថាន​និង​អាហ្វហ្គានីស្ថាន​ធ្វើ​សហប្រតិបត្តិការ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​គ្រឿងញៀន​។

កំណើន​នៃ​សហប្រតិបត្តិការ​នៅ​ក្នុងការ​ប្រឆាំង​ភេរវកម្ម​និង​កិច្ចការ​សន្តិសុខ​តាម​បណ្តោយ​ព្រំដែនរវាង​បាគីស្ថាន​ និង​អាហ្វហ្គានីស្ថាន​ បាន​លើក​កម្ពស់​ក្តី​សង្ឃឹម​សម្រាប់កិច្ចប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ដែល​មានប្រសិទ្ធភាព​ជាង​មុន។ លោក Ayaz Gul ធ្វើ​ការ​រាយការណ៍​ពី​ក្រុង​ Islamabad។​

ទោះ​បី​ជា​មាន​ការ​បោះទុន​យ៉ាង​ច្រើន​ពី​សំណាក់​អន្តរជាតិ​ដើម្បី​ទប់ទល់​នឹង​ការ​ផលិត​គ្រឿងញៀន​ខុស​ច្បាប់​នៅ​អាហ្វហ្គានីស្ថាន​ ក៏​ការ​ស្ទង់​មតិ​នាពេល​ថ្មីៗ​ដោយ​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា ប្រទេស​នោះ​ឃើញ​មាន​កំណើន​នៃតំបន់​ដី​ដាំ​អាភៀន ក្នុងរយៈពេល​បី​ឆ្នាំ​ជាប់​គ្នា។ ក្រុម​អាជ្ញាធរ​បាគីស្ថាន​ បាន​និយាយ​ថា​កំណើន​នៅ​ក្នុង​ចំនួន​ថ្នាំញៀន​នៅ​អាហ្វហ្គានីស្ថាន រួមជាមួយ​នឹង​ការ​ដក​ចេញ​នូវ​កងកម្លាំង​អង្គការ​ OTAN (Nato) ពី​ប្រទេស​ដែល​រង​ការ​ប៉ះពាល់​ដោយ​សារ​សង្រ្គាម​មួយ​នោះ បាន​បង្ក​ជា​បញ្ហា​ប្រឈម​ធំ​ជាង​មុន​ទៅ​លើ​កិច្ច​ប្រឹង​ប្រែងប្រឆាំង​នឹង​គ្រឿង​ញៀនរបស់​ អាហ្វហ្គានីស្ថាន។

ប្រមុខ​កង​កម្លាំង​ប្រឆាំង​គ្រឿងញៀន​ប្រទេស​បាគីស្ថាន​ លោក​ឧត្តមសេនីយ៍ទោ​ Khawar Hanif បាន​ប្រាប់​សន្និសីទ​អន្តរជាតិ​មួយ ដែល​ត្រូវ​បាន​ឧបត្តម្ភឡើង​ដោយ​អ.ស.ប​ នៅ​ក្រុង ​Islamabad ថា​ការ​បន្ត​ចូលរួម​ពី​សំណាក់​អន្តរជាតិ​ គឺ​ត្រូវ​ការ​ចាំបាច់​ដើម្បី​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​នៅ​អាហ្វហ្គានីស្ថាន​។

«ជា​កុសល ការ​ប្តេជ្ញា​របស់​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​នា​ពេល​បច្ចុប្បន្ន​ ទាក់​ទងទៅ​លើ​ការ​រៀប​ចំ​គ្រប់គ្រង​ព្រំដែន​ និង​កិច្ចប្រឹង​ប្រែងប្រឆាំង​នឹង​គ្រឿងញៀន​ គឺ​មាន​ភាព​ប្រាកដប្រជាណាស់។ ប៉ុន្តែ​ យើង​ជឿ​ថា​ លុះ​ណា​តែមាន​ការ​គាំទ្រ​អស់​ពី​ចិត្ត​ពី​សំណាក់​សហគមន៍​អន្តរជាតិ​ទៅ​លើ​បញ្ហា​គ្រឿងញៀន​ ​បើ​មិន​ដូច្មោះ​ទេ​តំបន់​នោះ​នឹង​ស្ថិត​នៅ​ក្នុង​វិបត្តិដដែលនេះ​តទៅ​ទៀត។ ការ​បោះ​បង់​ចោលភាគី​ អាហ្វហ្គានីស្ថាន ឲ្យដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ដាំ​អាភៀន​ និង​ការ​ផលិត​គ្រឿង​ញៀន​ ដោយ​ខ្លួន​ឯងមិនមែន​ជា​ជម្រើស​មួយសោះ​ឡើយ»។

ប្រទេស​បាគីស្ថាន​ មាន​ព្រំដែន​ប្រវែង​ ​២.៥០០ គីឡូម៉ែត្រ ដែល​ភាគ​ច្រើន​អាច​ចេញចូល​ស្រួល​ ជា​មួយ​នឹង​ប្រទេស​អាហ្វហ្គានីស្ថាន​។ លោក​ឧត្តមសេនីយ៍​ Hanif បាន​និយាយ​ថា​ តំបន់​ព្រំដែន​នេះ​បាន​បង្ក​ជា​បញ្ហា​ប្រឈម​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​របស់​ប្រទេសទៅ​លើ​ភេរវកម្ម​ និង​ការ​ជួញដូរ​គ្រឿង​ញៀន​។

«​ភូមិ​បែង​ចែក​ជា​ច្រើន​នៅ​តាម​បណ្តោយ​ព្រំដែន​បាន​ជួយ​សម្រួល​ទៅ​ដល់​ការ​ចេញចូល​តាម​ព្រំដែនទៅ​វិញ​ទៅ​មក។ តាម​ពិត​ទៅ អ្នក​អាច​ចូល​ទៅ​ក្នុង​ភូមិ​ពី​ប្រទេស​មួយ​ ហើយ​ចេញ​ពី​ភូមិដដែលនៅ​ប្រទេស​មួយ​ទៀត។ មាន​ផ្លូវ​ដែល​មិន​មាន​ការ​ធ្វើ​ដំណើរ​ជា​ញឹកញយ​រហូត​ដល់​ទៅ​២០០​ ដែល​មិន​មាន​វត្ត​មាននៃ​
ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​នៅ​ទី​នោះឡើយ​»។

បាគីស្ថាន​ និង​អាហ្វហ្គានីស្ថាន​បាន​ដោះដូរ​គណប្រតិភូយោធា​ជាន់​ខ្ពស់​ ជាផ្នែក​មួយ​នៃ​កិច្ច​ប្រឹង​ប្រែង​រួមគ្នា​នៅ​ក្នុង​ការ​លើកកម្ពស់​សន្តិសុខ​ និង​ដោះស្រាយ​ជាមួយ​នឹង​ក្រុម​សកម្ម​ប្រយុទ្ធ​ដែល​មាន​ការ​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​វាយប្រហារ​ទៅ​លើ​ផ្នែក​ទាំង​សងខាង​នៃ​ព្រំដែន​។ គណប្រតិភូមួយ​នៃ​មន្រ្តី​ប៉ូលិស​ព្រំដែន​
អាហ្វហ្គានីស្ថាន​ បាន​មក​បាគីស្ថាន​សម្រាប់​កិច្ចពិភាក្សា​ជាមួយ​នឹង​មន្រ្តី​សន្តិសុខ​ជាន់​ខ្ពស់​។

តំណាង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​អ.ស.ប​ លោក​ Cesar Guedes បាន​និយាយ​ថា​ ស្ថានភាព​គ្រឿងញៀន​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​នៅ​ក្នុង​តំបន់​តម្រូវ​ឲ្យ​មាន​កិច្ចប្រតិបត្តិការ​រួមគ្នា​ដែល​មាន​កម្រិត​ខ្ពស់​ឡើង​ទៀត។

«ខ្ញុំ​គិត​ថា​ នោះគឺ​ជា​គន្លឹះ​សំខាន់​សម្រាប់ជោគជ័យ​នៅ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​នៅ​ក្នុង​តំបន់​នេះ​នៃ​ពិភពលោក។ ប្រទេស​ដែល​ផលិត​គ្រឿងញៀន​ចម្បង​ ជាមួយនឹង​ប្រទេសដែល​ជា​ផ្លូវ​ដឹក​ជញ្ជូន​ចម្បង​ ​ត្រូវ​តែ​ពង្រឹង​កិច្ចប្រឹងប្រែង​របស់​ខ្លួន​ប្រកប​ដោយ​ប្រសិទ្ធភាព​ ប្រកប​ដោយ​ជំនាញ​ការ និង​ដោយ​ដាក់​
វិស័យ​ទាំង​អស់នៅ​ក្នុង​កិច្ចប្រតិបត្តិការ​រួមគ្នា​រវាង​ប្រទេស​ទាំង​ពីរ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ក្នុង​តំបន់​មួយ​នេះ​»។

លោក​បាន​បន្ត​ថា​ ទីផ្សារ​ដែល​គេ​តែង​ងាក​ទៅ​រក​សម្រាប់​គ្រឿងញៀន​ពី​អាហ្វហ្គានីស្ថាន​គឺ​ អឺរ៉ុប​។ ​ហើយ​បាគីស្ថាន​ ត្រូវ​បាន​ប្រើ​ជា​ផ្លូវ​ដឹក​ជញ្ជូនចម្បង​។

«​ប្រហែល​ ៤៥​ទៅ​៥០​ភាគរយ​នៃ​អាភៀន​ដែល​ត្រូវ​បាន​ផលិត​នៅ​អាហ្វហ្គានីស្ថាន​ បាន​ប្រើ​បាគីស្ថាន​ជា​ផ្លូវ​សម្រាប់​នាំ​ទៅ​ទី​ផ្សារ​អន្តរជាតិ​។ បន្ទាប់​មក​ ប្រហែល​៣០​ភាគរយ​ត្រូវ​បាន​បញ្ជូន​តាមរយៈ​ប្រទេស​អ៊ីរ៉ង់​ និង​២០ភាគរយ​ទៀត​តាម​រយៈ​សាធារណរដ្ឋ​នានា​នៅ​អាស៊ីកណ្តាលទៅ​កាន់​ប្រទេស​រុស្ស៊ី និង​អឺរ៉ុប​»។

មន្រ្តី​បាគីស្ថាន​ និយាយ​ថា​ ការ​ចែក​ចាយ​គ្រឿងញៀន​ពី​អាហ្វហ្គានីស្ថាន​ ក៏​បាន​បង្ក​ឲ្យ​មាន​កំណើន​នៅ​ក្នុង​ការ​ញៀន​ថ្នាំ​នៅ​បាគីស្ថាន​ផង​ដែរ​៕

ប្រែសម្រួលដោយ​៖ ណឹម​ សុភ័ក្រ្តបញ្ញា

XS
SM
MD
LG