ប្រទេសភូមា កំពុងរិះគន់សេចក្តីរាយការណ៍មួយរបស់សហរដ្ឋអាមេរិកស្តីពីប្រឆាំងថ្នាំញៀន ដែលសេចក្តីរាយការណ៍នោះបានចោទប្រកាន់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះពីការបរាជ័យមិនធ្វើទៅតាមកាតព្វកិច្ចអន្តរជាតិលើការប្រយុទ្ធប្រឆាំងការជួញដូរថ្នាំញៀន។
សេចក្តីរាយការណ៍នោះ បានផ្ញើទៅឲ្យសភាកាលពីថ្ងៃអង្គារដែលមានប្រទេសភូមា (Burma) បូលីវី (Bolivia) និងប្រទេសវ៉េណេហ្ស៊ុយអេឡា (Venezuela) ថាបានបរាជ័យនៅក្នុងការខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងថ្នាំញៀនខុសច្បាប់។
ក៏ប៉ុន្តែ លោកឧត្តមសេនីយ៍ត្រី Kyaw Win ប្រធានអង្គភាពប្រឆាំងគ្រឿងញៀននៃប្រទេសភូមាបានប្រាប់វីអូអេផ្សាយជាភាសាភូមាថា ប្រទេសរបស់លោកកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង។
លោកនិយាយថា៖ «ការចោទប្រកាន់នេះខុសទាំងស្រុង ផលិតផលប្រហែលបានកើនឡើងស្របទៅតាមទិន្ន័យ ក៏ប៉ុន្តែ យើងច្រានចោលទាំងស្រុងនូវសេចក្តីរាយការណ៍ថា យើងមិនបានបំពេញទៅកិច្ចសហប្រតិបត្តិការអន្តរជាតិប្រឆាំងថ្នាំញៀន»។
សេចក្តីរាយការណ៍របស់សហរដ្ឋអាមេរិកបានប្រាប់ឲ្យដឹងថា រដ្ឋាភិបាលភូមា ត្រូវការប្រភពធនធានគ្រប់គ្រាន់ដើម្បីខិតខំប្រឹងប្រែងក្នុងការប្រឆាំងថ្នាំញៀន កាត់បន្ថយដំណាំខុសច្បាប់នេះ ហើយនឹងបង្កើនការខំប្រឹងប្រែងដើម្បីរក្សាការឈប់បាញ់គ្នាជាមួយក្រុមជនជាតិភាគតិចដែលនឹងបង្កើនការចេញចូលក្នុងតំបន់នានាដែលមានការដាំដុះដំណាំ ការជួញដូរនិងប្រើប្រាស់ថ្នាំញៀនខុសច្បាប់នេះច្រើន។
លោក Kyaw Win បានសារភាពថា កងជីវពលក្នុងមូលដ្ឋាននៅក្រោមបញ្ជារបស់ពួកឧទ្ទាមជនជាតិភាគតិច អាចជួយធ្វើឲ្យមានបញ្ហាថ្នាំញៀននៅក្នុងប្រទេសនេះ៕