ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ចាប់​បាន​គ្រឿង​ញៀន​យ៉ាង​ច្រើន​ព្រម​ទាំង​​មេ​ខ្លោង​ជួញដូរ


អាជ្ញាធរកម្ពុជា​ដុត​កម្ទេច​ថ្នាំញៀនដែល​​​រឹបអូស​​បាន​កន្លងមក។​​
អាជ្ញាធរកម្ពុជា​ដុត​កម្ទេច​ថ្នាំញៀនដែល​​​រឹបអូស​​បាន​កន្លងមក។​​

អាជ្ញាធរ​ប្រឆាំង​គ្រឿង​ញៀន​កម្ពុជា​ ក្នុង​ប្រតិបត្តិ​ការ​ស្រាវ​ជ្រាវនិងបង្រ្កាប​ការ​ជួញដូរគ្រឿង​ញៀន​ដែល​ធ្វើឡើង​កាល​ពី​សប្តាហ៍​កន្លង​ទៅ​ ​បាន​ចាប់​ខ្លួនមេខ្លោង​ផលិត​គ្រឿង​ញៀន​ចំនួន​បួននាក់​ និង​រឹបអូស​បាន​គ្រឿងញៀន​ជិត​៥៥​គីឡូ​ក្រាម ​ជាចំនួន​ដ៏​ច្រើនដែល​អាជ្ញាធរ​កម្រ​ជួប​ប្រទះ។​ នេះ​បើតាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជាន់​ខ្ពស់​នៃ​អគ្គ​ស្នងការនគរបាល​ជាតិ​កម្ពុជា។​

នៅ​ក្នុង​សនិ្នសីទ​ព័ត៌មាន​មួយ​ ដែល​ធ្វើ​ឡើង​នៅ​ឯមន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ​កម្ពុជា​ លោក​នាយ​ឧត្តម​សេនីយ៍​ម៉ក់​ ជីតូ​ អគ្គ​ស្នងការ​រង​នគរ​បាល​ជាតិ​ បាន​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ មេខ្លោង​ធំៗ​ចំនួន​៤​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​គ្រឿងញៀន​ជា​លក្ខណៈ​ឆ្លង​ដែន​នេះ រួមមាន​ឈ្មោះ​លី យ៉ុង ​(Ly Yong)​ តេង​ យ៉ានភីង​ (Deng Yuan Ping) ​ជន​ជាតិ​ចិន​ និង​ផល រ៉ានី​ហៅ​ខេខេ​ អាយុ​២២​ឆ្នាំ​ជនជាតិ​ខ្មែរ​ដែល​ជា​ប្រពន្ធ​របស់​ល៉ីវ ស៊ឺ​ ដែលកំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​ស្ទឹងត្រែង។​

«នេះ​គឺ​ថា​ ជា​ការ​ជួញដូរ​ធំ​មួយ​ដែល​ធ្លាប់​បង្រ្កាប​ហើយ​ ប៉ុន្តែ​អា​នេះ​បរិមាណ​វា​ច្រើន​ជាង​លើក​មុន»។​

លោក​នាយ​ឧត្តម​សេនីយ៍​ម៉ក់​ ជីតូ​ ដែល​ជា​អគ្គ​លេខាធិការ​រង​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បានឲ្យ​ដឹង​ដែរ​ថា​ មេ​ខ្លោង​ចំនួន​ពីរ​នាក់​គឺ​លី យ៉ុង ​(Ly Yong) ​និង​តេង យ៉ានភីង ​(Deng Yuan Ping)​ ជា​អ្នក​មាន​ជំនាញក្នុង​ការ​កែ​ច្នៃ​និងបង្កើន​បរិមាណ​គ្រឿង​ញៀន​ដើម្បី​ចែក​ចាយ​បន្ត។​

«នេះ​គឺ​ជា​អ្នក​បច្ចេក​ទេស​ពី​ស្រុកចិន។ ​បចេ្ចកទេស​គាត់​ គាត់​អាច​ច្នៃ​ កែ​ច្នៃ​បង្កើន​គុណភាព​បាន​ន័យ​ថា​ នេះ​ជា​ការ​បង្កើនបរិមាណ​ហើយ​និង​គុណភាព»។​

មន្រ្តី​ជំនាញ​ប្រឆាំង​គ្រឿងញៀន​បាន​ធ្វើការ​អង្កេត​ស្រាវ​ជ្រាវ​អស់​រយៈ​ពេលបីខែនៅតាម​គោលដៅ​ចំនួន​៥ដោយ​ផ្តើមសហការ​ជាមួយ​អាជ្ញាធរខេត្ត​ស្ទឹងត្រែង​ដែល​ជា​គោល​ដៅ​ទី​មួយ។ ​អាជ្ញាធរ​បានបើក​យុទ្ធនាការ​បង្រ្កាប​ក្នុង​រាជធានី​ភ្នំពេញ​ដែល​មាន​បួន​គោល​ដៅ ដោយ​ការ​បង្រ្កាប​នេះ​ធ្វើ​ឡើង​ពេញ​មួយថ្ងៃ​គឺ​នៅ​ថ្ងៃ​ទី​១៦មិថុនា​ និង​រឹបអូស​បាន​គ្រឿង​ញៀន​មេតំហ្វេតាមីន​ប្រភេទ​ទឹកកក​ និង​គ្រាប់​ហើយ​នឹង​ហេរ៉ូអ៊ីន។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​នាយ​ឧត្តម​សេនីយ៍​ម៉ក់ ជីតូ។​

លោក​បន្ថែម​ថា៖​«នេះ​ជា​លំហូរ​ចូល​មក​ពី​តំបន់​ត្រីកោណ​មាស ​និង​ឡាវ​ចូល​មក​យើង​តាម​ស្ទឹងត្រែង​មក​ដល់​ភ្នំពេញ។​ មក​ដល់​ភ្នំពេញ​ពួក​នេះ​ច្នៃ​បង្កើន​បរិមាណ​ឲ្យ​ទៅ​ជា​ច្រើន​ឧទាហរណ៍​ គ្រឿង​ញៀន​៥០​គីឡូ ក្រាម​វា​ធ្វើ​បាន​ពី​១០០​ទៅ​១៥០​គីឡូ​ក្រាម​ ហើយ​បាន​បែង​ចែក​លក់​នៅ​ក្នុង​ក្លឹប ​និង​បញ្ជូន​ទៅ​ដល់​តៃវ៉ាន់»។​

ក្រោយ​ការ​ចាប់​ឃាត់ខ្លួន​ជនទាំង​បួន​រូប​នេះ​ អាជ្ញាធរ​ប្រឆាំង​គ្រឿង​ញៀន​នឹង​បន្ត​ស្រាវជ្រាវ​រក​ជន​ដែលពាក់​ព័ន្ធ​ផ្សេង​ទៀត​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​នៅ​ក្នុង​សំណុំ​រឿង​ដដែល​នេះ។​

មន្រ្តី​តុលាការ​ ដែល​ចូលរួម​ក្នុង​សន្និសីទ​នេះ ​បាន​បញ្ជាក់​ថា​ជន​ល្មើស​ទាំងបី​រូប​ដែល​អាជ្ញាធរចាប់​បាន​នៅរាជ​ធានី​ភ្នំពេញ ​ត្រូវ​បាន​បញ្ជូនទៅ​តុលាការ​ដើម្បី​ធ្វើ​ការ​សាកសួរ​ហើយ។​

លោក​អ៊ូ វីរៈ ​នាយក​នៃ​អង្គការ​តាក់តែង​គោល​នយោបាយ​មួយ​ក្នុង​ប្រទេស​កម្ពុជា​ឈ្មោះ​វេទិកា​អនាគត (Future Forum) ​បាន​មាន​ប្រសាសន៍​ប្រាប់​វីអូអេ​ថា ​ការ​បង្រ្កាប​គ្រឿង​ញៀន​នេះ​នឹង​បន្ត​កើត​មាន​រហូត​ ហើយ​ថា​ រដ្ឋាភិបាល​គួរ​រៀបចំ​គោល​នយោបាយ​មួយ​ដើម្បី​គ្រប់​គ្រង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ឲ្យ​ដូច​នឹង​ការ​គ្រប់​គ្រង​គ្រឿង​ស្រវឹង។ ​លោក​អះអាង​ថា​ សកម្មភាព​ជួញ​ដូរ​នេះ​មិន​អាច​លុប​បំបាត់​បាន​ទេ ពីព្រោះ​ប្រទេស​ធំៗ​ដូច​ជា​សហ​រដ្ឋ​អាមេរិក​ក៏​ពុំ​អាចលុប​បំបាត់​បាន​ដែរ។​

«ក្នុង​ពិភព​លោក​អត់​មាន​ប្រទេស​ណា​ប្រឆាំង​គ្រឿង​ញៀន​តាម​បែប​ចាប់​ញាត់​ដាក់​គុក​ដូច​សហ​រដ្ឋ​អាមេរិក​ទេ។​ សហ​រដ្ឋ​អាមេរិក​ខ្ពស់​ជាង​គេ​បង្អស់​នៅក្នុង​ពិភពលោក។​ ប៉ុន្តែ​សហ​រដ្ឋ​អាមេរិក​គឺ​ជា​ប្រទេស​បរាជ័យ​បំផុត​ក្នុង​ការ​បង្ក្រាប​គ្រឿង​ញៀន។ ​អញ្ចឹង​យើង​គួរ​រៀន​មើល​បទពិសោធន៍​ពិភពលោក​ហ្នឹង​ ហើយ​អាច​យក​មក​រៀបចំ​បាន​ហើយ។​ ដូច​ខ្ញុំ​ថា​ អញ្ចឹង ការ​ចាប់​ដាក់​គុក​មួយ​ពីរ​ហ្នឹង​គឺ​មិន​អាច​ជា​រឿង​គ្រប់​គ្រាន់​ទេ​ គឺត្រូវ​ប្តូរ​គំនិត​គ្រប់​គ្រង ​ឬ​គោល​នយោបាយ​ ដូច​ខ្ញុំ​លើក​ឡើង»។​

លោក​អ៊ូ វីរៈ​ថ្លែង​ទៀត​ដែរ​ថា​ អាជ្ញាធរ​កម្ពុជា​មកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ​ក៏​នៅ​ពុំទាន់​មាន​សមត្ថភាព​បង្រ្កាបសកម្មភាព​ជួញដូរ​គ្រឿង​ញៀន​នេះ​ឲ្យ​ធ្លាក់​មក​ក្នុង​ចំនួន​តិចតួច​បាន​ដែរ​ ដោយ​សារការ​សូក​ប៉ាន់​របស់​អ្នក​ជួញដូរ​គ្រឿង​ញៀន​ទៅ​ដល់អាជ្ញាធរ​នៅ​តែ​បន្ត​កើត​មាន។​

«រដ្ឋាភិបាល​យើង​ កាលពីមុន​អត់​មាន​សមត្ថ​ភាព​ទេ។​ គាត់​អត់មាន​សមត្ថ​ភាព​ក្នុង​ការ​គ្រប់​គ្រង។​ ​ឥឡូវ​នេះ​ក៏អត់​មាន​សមត្ថ​ភាព​ដែរ​ដោយសារ​លុយ​គ្រឿង​ញៀន​គឺ​ជា​លុយ​ខ្មៅ​ងងឹត​ ហើយ​អញ្ចឹង​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​ក្នុង​ការ​សូក​ពន្ធ ​ឬ​មួយ​សូក​ប៉ាន់​ប៉ូលិស​ទិញ​ចៅក្រម​ទិញ​អី។​ នៅក្នុង​អាមេរិក​ខាង​ត្បូង​អី​គឺ​អញ្ចឹងដូច​គ្នា ​គឺ​ទិញ​អស់​ ហើយ។ ​អ្នក​ដែល​អត់​ព្រម​លក់​គឺ​គេ​សម្លាប់​ចោល​ទៀត។​ បើចៅ​ក្រម​ណា​អត់​ព្រម​យក​លុយ​គេ​ គេ​បាញ់​ចោល​តែ​ម្តង»។​

​ក្នុង​ប្រទេស​កម្ពុជាមិនមែន​ត្រឹម​តែ​អ្នក​ជួញដូរ​គ្រឿង​ញៀន​ទេ​ដែល​ត្រូវបាន​អា​ជ្ញាធរ​ចាប់​ដាក់​ក្នុង​ពន្ធនាគារ​ដោយ​នោះ។ មន្ត្រីអាជ្ញាធរ​បង្រ្កាប​គ្រឿង​ញៀន​ក្នុង​ប្រទេស​នេះក៏ត្រូវ​បាន​អាជ្ញាធរ​គ្នា​ឯង​ចាប់​ដាក់​ពន្ធនាគារ​ផង​ដែរ។​

កាលពី​បីឆ្នាំ​កន្លង​ទៅនេះ​ លោក​មឹក តារា​ អតីត​អគ្គ​លេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿង​ញៀន​ ត្រូវ​បាន​ចាប់​ខ្លួន​ជាមួយ​និង​មន្ត្រី​ប្រឆាំង​គ្រឿង​ញៀន​ម្នាក់​ទៀត​ទាក់​ទង​នឹង​ការ​ជួញ​ដូរ​គ្រឿងញៀន។​ នៅ​ក្នុង​ពេល​នោះ​ ​តុលាការ​ខេត្ត​បន្ទាយ​មានជ័យ​របស់​ប្រទេស​កម្ពុជា​ដែល​ជាប់​នឹង​ប្រទេស​ថៃ​ បាន​កាត់​ទោស​លោក​មឹក​ តារា​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត​អំពី​បទ​ពុករលួយ​ទាក់ទង​នឹង​ការ​ជួញដូរ​គ្រឿង​ញៀន​នេះ។ ​លុយ​រាប់​សែន​ដុល្លារ​ និង​ដីធ្លី​របស់​មន្រ្តី​ប្រឆាំង​គ្រឿង​ញៀន​រូប​នេះ​ក៏ត្រូវ​បាន​រឹបអូស​ដោយ​សាលក្រម​របស់​តុលាការ​ដែរ៕

XS
SM
MD
LG