ខណៈដែលចំនួនជនស៊ីវិលស្លាប់និងរបួសនៅក្នុងប្រទេសអ៊ុយក្រែនកើនឡើងជាបន្តបន្ទាប់ ទីភ្នាក់ងារផ្ដល់ជំនួយរបស់អង្គការសហប្រជាជាតិនានាបានព្រមានថា ការវាយប្រហារដោយគ្មានការរើសមុខលើជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅអ៊ុយក្រែន អាចឈានដល់កម្រិតនៃការប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។ គិតមកត្រឹមពេលនេះ ការិយាល័យសិទ្ធិមនុស្សអង្គ ការសហប្រជាជាតិ បានកត់ត្រាចំនួនមនុស្សស្លាប់និងរបួសសរុប ១.៥៦៤ នាក់ដែលក្នុងនោះ មានអ្នកស្លាប់៥៦៤ និងអ្នករងរបួស៩៨២នាក់ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភៈមក។
ទីភ្នាក់ងារផ្ដល់ជំនួយនានារបស់អង្គការសហប្រជាជាតិ កំពុងអំពាវនាវឲ្យមានការបញ្ឈប់ជាបន្ទាន់ដល់ការវាយប្រហារនានាលើប្រទេសអ៊ុយក្រែន ដោយបានកត់សម្គាល់ថា ចំនួនជនស៊ីវិលដែលបានស្លាប់ទំនងមានច្រើនជាងតួលេខដែលត្រូវបានរាយការណ៍។
អង្គការសុខភាពពិភពលោក បានផ្ទៀងផ្ទាត់ការវាយប្រហារចំនួន២៦លើកទៅលើមន្ទីរពេទ្យនិងអាគារសុខាភិបាលនានាដែលបណ្ដាលឲ្យមនុស្សស្លាប់១២នាក់ និងរបួស៣៤នាក់។
តួលេខនៃការវាយប្រហារនេះរួមបញ្ចូលទាំងការវាយប្រហារតាមផ្លូវអាកាសដ៏ប្រល័យមួយ ទៅលើមន្ទីរពេទ្យសម្ភពកាលពីថ្ងៃពុធនៅទីក្រុងកំពង់ផែ Mariupol ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៣នាក់និងបណ្ដាលឲ្យរបួស១៧នាក់ផ្សេងទៀត។
អាគារដែលត្រូវបានគេរាយការណ៍ថា បានរងការវាយប្រហារនៅពេលថ្មីៗនេះ ជាវិទ្យាស្ថានចិត្តសាស្ត្រមួយស្ថិតនៅជិតទីក្រុង Kharkiv។ អាជ្ញាធរអ៊ុយក្រែន និយាយថា មនុស្ស៣៣០ នាក់បានស្ថិតនៅក្នុងមន្ទីរពេទ្យនៅពេលដែលមន្ទីរពេទ្យនេះត្រូវបានរងការវាយប្រហារកាលពីព្រឹកថ្ងៃសុក្រហើយមនុស្ស៧៣នាក់ត្រូវបានជម្លៀសចេញ។ លោក Tarek Jasarevic អ្នកនាំពាក្យអង្គការសុខភាពពិភពលោក បានថ្លែងពីទីក្រុង Lviv នៅភាគខាងលិចប្រទេសអ៊ុយក្រែនថា ការស៊ើបអង្កេតកំពុងត្រូវធ្វើឡើងលើការវាយប្រហារទាំងនេះ។ លោកបានថ្លែងថា៖
«យើងថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារទៅលើអាគារសុខាភិបាល បុគ្គលិកសុ ខាភិបាលនិងអ្នកជំងឺ។ នេះជាការរំលោភបំពានជាក់ស្ដែងលើច្បាប់មនុស្សធម៌អន្តរជាតិ។ ការវាយប្រហារនេះ ធ្វើឲ្យមនុស្សបាត់បង់ការទទួលបានការថែទាំផ្នែកសុខភាព។ វាបង្កគ្រោះ ថ្នាក់ដល់ជីវិតអ្នកជំងឺនិងបុគ្គលិកសុខាភិបាល»។
ប្រទេសរុស្ស៊ី បានបដិសេធថា ខ្លួនមិនបានយកជនស៊ីវិលអ៊ុយក្រែនជាគោលដៅនៃការវាយប្រហារនោះទេ ហើយបានអះអាងទៀតថា រុស្ស៊ី កំពុងធ្វើប្រតិបត្តិការយោធាពិសេសប្រឆាំងនឹងអ្នកជាតិនិយមអ៊ុយក្រែន និងពួកណាស៊ី។
ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានរាយការណ៍ថា ជនស៊ីវិលដែលត្រូវបានសម្លាប់និងរងបួសជាអចិន្ត្រៃយ៍នៅក្នុងអ្វីដែលជាការវាយប្រហារដែលហាក់ដូចជាគ្មានរើសមុខ។ ការិយាល័យនោះ បានថ្លែងទៀតថា កងកម្លាំងរុស្ស៊ី បានប្រើគ្រឿងផ្ទុះនៅក្នុង ឬនៅក្បែរតំបន់ដែលមានមនុស្សរស់នៅ។ ក្រៅពីការវាយប្រហារពីលើអាកាស ការិយាល័យនេះបានរាយការណ៍ទៀតថា ពួកអ្នកប្រយុទ្ធរុស្ស៊ី បានវាយប្រហារលើតំបន់ដែលមានអ្នកស្រុករស់នៅ និងទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដោយប្រើកាំជ្រួចមីស៊ីល កាំភ្លើងធំនិងគ្រាប់រ៉ុកកែត។
លោកស្រី Liz Throssel អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស បានថ្លែងថា មានសេចក្ដីរាយការណ៍ដែលគួរឲ្យទុកចិត្តថា កងកម្លាំងរុស្ស៊ី បានប្រើគ្រាប់បែកចង្កោមនៅក្នុងករណីជាច្រើន រួមទាំងទៅលើតំបន់ដែលមានមនុស្សរស់នៅផង។ លោកស្រី បានកត់សម្គាល់ថា ការវាយប្រហារបែបនេះរំលោភលើច្បាប់សង្គ្រាម។
លោកស្រី បានថ្លែងថា៖ «ការស្លាប់និងរបួសជនស៊ីវិល កំពុងកើនឡើងជារៀងរាល់ថ្ងៃ ដូចដែលយើងកំពុងឃើញនៅពេលដែលមនុស្សទូទៅកំពុងទទួលរងការឈឺចាប់។ យើងសូមរំឭកដល់អាជ្ញាធររុស្ស៊ីថា ការផ្ដោតការវាយប្រហារលើជនស៊ីវិល ឬទីតាំងស៊ីវិលក៏ដូចជាការបាញ់ផ្តក់លើទីក្រុង ភូមិដ្ឋាននានានិងការវាយប្រហារមិនរើសមុខ ជាអ្វីដែលត្រូវបានហាមឃាត់នៅក្រោមច្បាប់អន្តរជាតិ ហើយសម្មភាពទាំងនេះស្មើនឹងអំពើឧក្រិដ្ឋកម្មសង្គ្រាម»។
ក្នុងករណីដាច់ដោយឡែកមួយទៀត ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ បានរាយការណ៍ថា ជនភៀសខ្លួនអ៊ុយក្រែនជាង២លាន៥សែននាក់ បានរត់គេចខ្លួនទៅកាន់ប្រទេសជិតខាងដើម្បីសុវត្ថិភាព។ ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ បានបញ្ជាក់ទៀតថា អត្រានៃជនភៀសខ្លួនច្រើនដូច្នេះ អាចធ្វើឲ្យចំនួនជនភៀសខ្លួនដែលរត់ចេញពីអ៊ុយក្រែន មានលើសពី៤លាននាក់៕
ប្រែសម្រួលដោយលោក នៀម ឆេង