ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ធ្វើដំណើរទៅកាន់ទីក្រុងប្រ៊ុចសែលនៅថ្ងៃពុធនេះ ជាទីកន្លែងដែលលោក នឹងជួបជាមួយសម្ព័ន្ធមិត្តអង្គការអូតង់ និងអឺរ៉ុប ហើយត្រូវគេរំពឹងថា នឹងប្រកាសការដាក់ទណ្ឌកម្មជុំថ្មីប្រឆាំងនឹងរុស្ស៊ីចំពោះការឈ្លានពានរបស់ខ្លួនលើប្រទេសអ៊ុយក្រែន។
លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន បាននិយាយថា «លោកប្រធានាធិបតី នឹងចូលរួមជាមួយដៃគូរបស់យើងនៅក្នុងការដាក់ទណ្ឌកម្មបន្ថែមលើប្រទេសរុស្ស៊ី ហើយនឹងរឹតបន្តឹងទណ្ឌកម្មដែលមានស្រាប់ដើម្បីបង្ក្រាបលើការគេចវេះ ហើយនឹងធ្វើឲ្យប្រាកដពីការអនុវត្តឲ្យបានខ្លាំងក្លា»។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy មានគម្រោងថ្លែងសុន្ទរថាតាមអនឡាញនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ ទៅកាន់សន្និសីទកំពូលអង្គការអូតង់ ហើយលោក បានថ្លែងមុនជំនួបនោះថា លោករំពឹងថា មេដឹកនាំបស្ចឹមប្រទេស នឹងបន្ថែមការដាក់ទណ្ឌកម្ម និងសន្យាផ្តល់ជំនួយបន្ថែមដល់អ៊ុយក្រែន។
ជិតមួយខែបន្ទាប់ពីកងទ័ពរុស្ស៊ីឈ្លានពានប្រទេសអ៊ុយក្រែន មានការចង្អុលបង្ហាញថា កងទ័ពអ៊ុយក្រែន នឹងបន្តការវាយប្រហារសំដៅលើកងទ័ពរុស្ស៊ី ហើយក្នុងករណីខ្លះ ដណ្តើមយកទីកន្លែងដែលបានបាត់បង់មកវិញ។
ក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ជាក់កាលពីថ្ងៃអង្គារថា កងទ័ពរបស់ខ្លួនបានដណ្តើមយកតំបន់ Makariv វិញដែលស្ថិតនៅជាយក្រុងរដ្ឋធានីកៀវ បន្ទាប់ពីមានការប្រយុទ្ធគ្នាដ៏ខ្លាំងមក។
យោធាអ៊ុយក្រែន ក៏ហាក់ដូចជាចាប់ផ្តើមវាយប្រហារតបតវិញនៅក្នុងទីក្រុង Izyum ភាគខាងកើតដែលស្ថិតនៅចម្ងាយ១២០គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុង Kharkiv និងនៅក្នុងតំបន់នានានៅជិតទីក្រុង Kherson នៅភាគខាងត្បូងអ៊ុយក្រែន។
ពួកមន្ត្រីសហរដ្ឋអាមេរិក បានបដិសេធពុំធ្វើអត្ថាធិប្បាយស្តីពីការខំប្រឹងប្រែងរបស់អ៊ុយក្រែន ក៏ប៉ុន្តែ មន្ត្រីទាំងនោះ បាននិយាយថា នៅក្នុងផ្នែកខ្លះនៅក្នុងប្រទេស សន្ទុះនោះ ទំនងមានការផ្លាស់ប្តូរ។
មន្ត្រីការពារជាតិជាន់ខ្ពស់ម្នាក់របស់អាមេរិកដែលបានប្រាប់ពួកអ្នកយកព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះក្នុងការពិភាក្សារឿងការងារស៊ើបការណ៍សម្ងាត់ បានបញ្ជាក់ថា នាវារុស្ស៊ីនៅក្នុងសមុទ្រ Azov បានចាប់ផ្តើមបាញ់ផ្តក់លើទីក្រុង Mariupol របស់អ៊ុយក្រែនដែលបានស្ថិតនៅក្រោមការវាយប្រហារអស់ជាច្រើនថ្ងៃ។
ក៏ប៉ុន្តែ មន្ត្រីរូបនោះ បាននិយាយថា ការស៊ើបការណ៍សម្ងាត់ ប្រាប់ឲ្យដឹងថា ការឈ្លានពានរបស់រុស្ស៊ី បានក្លាយជាការសុបិន្តអាក្រក់ខាងភស្តុភា ដោយកងទ័ពរុស្ស៊ីកំពុងខិតខំជម្នះការខ្វះប្រេងឥន្ធនៈ ម្ហូបអាហារ និងគ្រាប់រំសេវ។
មន្ត្រីក្រសួងការពារជាតិអាមេរិក និយាយកាលពីថ្ងៃអង្គារថា ការខ្វះភស្តុភាទាំងនោះ អាចជាផ្នែកមួយនៃហេតុផលដែលរុស្ស៊ី បានប្រើកាំជ្រួចមីស៊ីលលឿនជាងសំឡេង (Hypersonic) ដើម្បីកម្ទេចកន្លែងផ្ទុកសម្ភារយោធាអ៊ុយក្រែន៕
អ្នកយកព័ត៌មានរបស់វីអូអេប្រចាំនៅអង្គការសហប្រជាជាតិអ្នកស្រី Margaret Besheer រួមចំណែកនៅក្នុងសេចក្តីរាយការណ៍នេះ ហើយព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះ ដកស្រង់ពីទីភ្នាក់ងារព័ត៌មាន AP AFP និង Reuters។