លោកស្រី Bachelet និយាយថា ការអនុវត្តទោសប្រហារជីវិតនៅក្នុងច្បាប់ថ្មី ដែលលោកស្រីបានហៅថា ជាអំពើឃោរឃៅនិងគ្មានមនុស្សធម៌នេះគឺជាការរំលោភច្បាប់សិទ្ធិមនុស្ស។
ខិតប័ណ្ណទេសចរណ៍របស់ប្រទេសព្រុយណេបានពណ៌នាប្រទេសនេះថា ជាឋានសួគ៌នៃភាពស្ងប់ស្ងាត់។ វាអាចពិតដូចការលើកឡើងនេះ ក្នុងនាមជាប្រទេសមានស្តេចដែលកាន់សាសនាឥស្លាម ដោយមិនមានការកាត់ទោសប្រហារជីវិតតាំងពីឆ្នាំ ១៩៥៧ មក។ ប៉ុន្តែ ការសម្រេចចិត្តនាពេលថ្មីៗនេះ ក្នុងការអនុវត្តការកាត់ទោសប្រហារជីវិត រួមទាំងការគប់ដុំថ្ម នាំឲ្យមានការរិះគន់ជាអន្តរជាតិ។
នៅក្រោមច្បាប់ថ្មីនេះ ជនល្មើសនឹងត្រូវប្រហារជីវិតសម្រាប់បទល្មើសរំលោភ ផិតក្បត់ ការមានទំនាក់ទំនងស្នេហាជាមួយនឹងមនុស្សភេទដូចគ្នា ប្លន់ និងប្រមាថដល់ព្យាការី Mohammed។
លោកស្រី Michelle Bachelet បានព្រមានថា ការអនុវត្តក្រមព្រហ្មទណ្ឌថ្មីនេះគឺជាការដើរថយក្រោយដ៏ខ្លាំងសម្រាប់ការការពារសិទ្ធិមនុស្សនៅក្នុងប្រទេសព្រុយណេ។ អ្នកនាំពាក្យរបស់លោកស្រី គឺលោកស្រី Ravina Shamdasani បានប្រាប់ VOA ថា វាងាយស្រួលនឹងមានចន្លោះប្រហោងដោយសារតែច្បាប់នេះមានភាពទូលំទូលាយខ្លាំង។
លោកស្រី Ravina Shamdasani ថ្លែងថា៖
«ជាឧទាហរណ៍ ច្បាប់នេះដាក់ទោសព្រហ្មទណ្ឌដល់ក្មេងកាន់សាសនាឥស្លាមណា ដែលមានជំនឿនិងការគោរពសាសនាខុសពីសាសនាឥស្លាម។ ច្បាប់នេះក៏អនុញ្ញាតឲ្យមានការវាយនឹងរំពត់ជាសាធារណៈ ដើម្បីជាទណ្ឌកម្មសម្រាប់ការរំលូតកូន។ នេះអាចនឹងប៉ះពាល់កាន់តែខ្លាំងដល់មនុស្សដែលងាយរងគ្រោះស្រាប់។ វានឹងប៉ះពាល់ដល់ស្ត្រីជាមិនខាន»។
លោកស្រី Shamdasani និយាយថា មិនមានចំណុចផ្ទុយគ្នារវាងសិទ្ធិមនុស្សនិងជំនឿនោះទេ។ លោកស្រីនិយាយថា ការិយាល័យរបស់លោកស្រីបានធ្វើការជាមួយនឹងមេដឹកនាំសាសនា ពីជុំវិញពិភពលោក ដើម្បីព្រាងសេចក្តីប្រកាសមួយដែលគេហៅថា សេក្តីប្រកាស Beirut ស្តីពី «ជំនឿសម្រាប់សិទ្ធិ»។
លោកស្រី Shamdasani បានថ្លែងថា៖
«នេះជាឯកសារគាំទ្រដ៏ល្អមួយ ដែលអាចជួយប្រទេសដែលមានបំណងចង់បញ្ចូលសាសនាទៅក្នុងច្បាប់របស់ពួកគេ ខណៈដែលពួកគេអាចគោរពយ៉ាងពេញលេញចំពោះកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ។ ការធ្វើដូច្នេះអាចធ្វើឲ្យពួកគេរួមគ្នារក្សាសេចក្តីថ្លៃថ្នូរនិងសមភាពសម្រាប់គ្រប់គ្នា»។
ច្បាប់អន្តរជាតិអនុញ្ញាតឲ្យមានការកាត់ទោសប្រហារជីវិតសម្រាប់តែបទល្មើសឃាតកម្មឬឃាតកម្មគិតទុកជាមុនប៉ុណ្ណោះ។ លោកស្រី Bachelet និយាយថា ច្បាប់ដែលធ្វើឡើងដោយផ្អែកលើសាសនា មិនត្រូវរំលោភសិទ្ធិមនុស្សទេ។ លោកស្រីបាននិយាយថា ការិយាល័យរបស់លោកស្រីត្រៀមខ្លួនរួចរាល់ក្នុងការធ្វើការជាមួយនឹងរដ្ឋាភិបាលព្រុយណេ ដើម្បីធ្វើយ៉ាងណាឲ្យប្រទេសនេះគោរពតាមកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ។
ស្តេច Sultan Hassanal Bolkiah បានដឹកនាំប្រទេសដែលសម្បូរទៅដោយប្រេង និងជាអ្នកមានបំផុតមួយរូបក្នុងចំណោមអ្នកមានទ្រព្យសម្បត្តិច្រើនបំផុតនៅលើពិភពលោក៕