ប៉ូលិសវៀតណាមបាននិយាយកាលពីថ្ងៃចន្ទថា ពួកគេបានចាប់ខ្លួនមនុស្ស ២១ នាក់ដែលគេសង្ស័យថាពាក់ព័ន្ធក្នុងបណ្តាញលាងលុយកង្វក់ ដែលធ្វើចរាចរលុយសុទ្ធចំនួន ៧៨ លាន ៥ សែនដុល្លាររបស់ឧក្រិដ្ឋជនរវាងប្រទេសវៀតណាមនិងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ជនដែលត្រូវឃុំខ្លួនទាំងនោះ ដែលសុទ្ធតែជាជនជាតិវៀតណាមមកពីខេត្ត Dong Nai ប៉ែកខាងត្បូងនិងខេត្តប៉ែកខាងជើងខ្លះត្រូវបានចាប់ខ្លួនកាលពីពាក់កណ្តាលខែកុម្ភៈនេះ។ នេះបើតាមប៉ូលិសខេត្ត Dong Nai ដែលបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍តាមអនឡាញមួយ។
ប៉ូលិសថាក្រុមជនអន្ធពាលដែលមានមេខ្លោងម្នាក់ជាស្ត្រី «បានវេរលុយចំនួន ៧៨ លាន ៥ សែនដុល្លារសម្រាប់ការឆបោកតាមអនឡាញនិងល្បែងស៊ីសងឲ្យអង្គការមួយដែលមានទីស្នាក់ការក្នុងប្រទេសកម្ពុជា» តាំងពីខែកក្កដាឆ្នាំ ២០២៤ មក។
ប៉ូលិសបាននិយាយទៀតថា ក្រុមជនអន្ធពាលនេះបានបង្កើតក្រុមហ៊ុនចំនួន ៣០ និងគណនីធនាគារជំនួញចំនួន ១៥០ ដើម្បីវេរនិងធ្វើឲ្យស្របច្បាប់នូវលុយដែលបានតាមរយៈការឆបោកនិងល្បែងស៊ីសង។
កាលពីខែមករា ប៉ូលិសវៀតណាមបានចាប់ខ្លួនមនុស្ស ៥ នាក់និងបានបំបែកបណ្តាញលាងលុយកង្វក់ឆ្លងព្រំដែនស្រដៀងគ្នានេះដែលពាក់ព័ន្ធនឹងប្រាក់ចំនួន ១ ពាន់ ២ រយលានដុល្លារ៕
វេទិកាបញ្ចេញមតិ