ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តីទូតបារាំងពិភាក្សាជាមួយប៉ូលិសកម្ពុជាជុំវិញការបាញ់សម្លាប់លោក លិម គិមយ៉ា


ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាលោក Jacques Pellet ជួបពិភាក្សាជាមួយអគ្គស្នងការរងនគរបាលជាតិលោក ឌី វិជ្ជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៥។ (Facebook / Ambassade de France au Cambodge)
ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាលោក Jacques Pellet ជួបពិភាក្សាជាមួយអគ្គស្នងការរងនគរបាលជាតិលោក ឌី វិជ្ជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៥។ (Facebook / Ambassade de France au Cambodge)

មន្រ្តី​ជាន់​ខ្ពស់​នៃ​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​បាន​ជួប​ជាមួយ​មន្រ្តី​កម្ពុជា​ កាល​ពី​ថ្ងៃ​ចន្ទ​ ដើម្បី​ពិភាក្សា​អំពី​កិច្ច​សហការ​ក្នុង​ការ​ស៊ើប​អង្កេត​លើ​ករណី​ឃាតកម្ម​លើ​លោក ​លិម គិមយ៉ា​ អតីត​តំណាង​រាស្រ្ត​គណ​បក្ស​សង្រ្គោះ​ជាតិ​ដែល​មាន​សញ្ជាតិ​បារាំង។​

បើ​តាម​ហ្វេសប៊ុក​របស់​ស្ថាន​ទូត​បារាំង​ លោក​ Jacques Pellet​ ឯក​អគ្គ​រដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​បាន​ជួប​ជាមួយ​លោក ​ឌី វិជ្ជា ​អគ្គស្នង​ការរង​នគរបាល​ជាតិ ​ដើម្បី​ពិភាក្សា​គ្នា​អំពី​វិធានការ​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​កម្ពុជាក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ស៊ើប​អង្កេត​របស់​ប្រទេស​ថៃ​ ជុំវិញ​ឃាតកម្ម​លើ​ពលរដ្ឋ​បារាំង​ លោក ​លិម គិមយ៉ា។​

ស្ថានទូត​បញ្ជាក់​ថា៖​ «ប្រទេស​បារំាង​កំពុង​តាម​ដាន​ដោយ​យក​ចិត្ត​ទុក​ដាក់​អំពី​ការ​ស៊ើប​អង្កេត​ដែល​ធ្វើ​ឡើង​ដោយ​ប្រទេស​ថៃ ​ដើម្បី​ស្វែង​រក​ការណ៍​ពិត​ចំពោះ​ករណី​នេះ»។​

ស្ថាន​ទូត​បារាំង​ប្រាប់​វីអូអេ​តាម​សារ​អ៊ីម៉ែល​នៅ​ថ្ងៃ​អង្គារ​ថា៖​ «ប្រទេស​បារាំង​បាន​ធ្វើការ​យ៉ាង​មមាញឹក។ ​យើង​បន្ត​តាម​ដាន​យ៉ាង​ដិត​ដល់​អំពី​ការ​ស៊ើប​អង្កេត ​ដែល​ធ្វើ​ឡើង​ដោយ​ប្រទេស​ថៃ ​ដើម្បី​ស្វែងរក​ការណ៍​ពិត​ពេញ​លេញ​ជុំវិញ​ករណី​នេះ»។​

ស្ថាន​ទូត​មិន​អាច​អត្ថាធិប្បាយ​អ្វី​បន្ថែម​ទៀត​ឡើយ​លើ​ករណី​នេះ។​

គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ថា​ តើ​មន្រ្តី​បារាំង​បាន​ស្នើ​ឲ្យ​កម្ពុជា​ចាប់​ខ្លួន​ជន​ជាតិ​ខ្មែរ​ពីរ​នាក់ ​ដែល​ត្រូវ​បាន​ថៃ​បង្ហាញ​មុខ​ថា​ ពាក់ព័ន្ធ​នឹង​ឃាតកម្ម​នេះ ​ឬ​យ៉ាងណា​ទេ​ ​នៅ​ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​ចន្ទ។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ ឌី វិជ្ជា ​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ ​បាន​នៅ​ឡើយ​ទេ។​

កាល​ពី​កន្លង​ទៅ​ តុលាការ​ព្រហ្មទណ្ឌ​ថៃ​បាន​ចេញ​ដីកា​ចាប់​ខ្លួន ​លោក ​លី រតនៈ​រស្មី ​អតីត​ទី​ប្រឹក្សា​លោក ​ហ៊ុន សែន​ ហើយ​លោក​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​ជួល​ខ្មាន់​កាំភ្លើង​ជា​ជន​ជាតិ​ថៃ​ឲ្យបាញ់​សម្លាប់ ​លោក​ លិម គិមយ៉ា។​

ចំណែក​ជន​សង្ស័យ​ម្នាក់​ទៀត​មាន​ឈ្មោះ​ ពេជ្រ គឹម​ស្រ៊ិន​ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​អ្នក​ឲ្យសញ្ញា ​និង​រូប​ភាព​ដល់​ជន​ដៃ​ដល់។​

មន្ត្រីប៉ូលិស​អមដំណើរ​ជនជាប់ចោទដែលជាជនជាតិថៃឈ្មោះ Ekalak Paenoi (កណ្តាល) ដែលត្រូវបានចោទប្រកាន់ពីបទសម្លាប់អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ (CNRP) លោក លិម គិមយ៉ា នៅអាកាសយានដ្ឋានប៉ូលិសទីក្រុងបាងកក កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីត្រឡប់មកពីកម្ពុជា។
មន្ត្រីប៉ូលិស​អមដំណើរ​ជនជាប់ចោទដែលជាជនជាតិថៃឈ្មោះ Ekalak Paenoi (កណ្តាល) ដែលត្រូវបានចោទប្រកាន់ពីបទសម្លាប់អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ (CNRP) លោក លិម គិមយ៉ា នៅអាកាសយានដ្ឋានប៉ូលិសទីក្រុងបាងកក កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីត្រឡប់មកពីកម្ពុជា។
រូបឯកសារ៖ នៅក្នុង​រូប​ដែល​បាន​ថត​នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៧ បង្ហាញ​ពី​លោក លិម គិមយ៉ា ថ្លែង​ក្នុងកិច្ចសម្ភាសន៍​មួយ​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មា AFP នៅក្នុង​រាជធានី​ភ្នំពេញ។
រូបឯកសារ៖ នៅក្នុង​រូប​ដែល​បាន​ថត​នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៧ បង្ហាញ​ពី​លោក លិម គិមយ៉ា ថ្លែង​ក្នុងកិច្ចសម្ភាសន៍​មួយ​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មា AFP នៅក្នុង​រាជធានី​ភ្នំពេញ។

ចំពោះ​ករណី​ឃាតកម្ម​នេះ ​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា​ តើ​ភាគី​ថៃ​បាន​ស្នើ​ឲ្យ​កម្ពុជា​ចាប់​ខ្លួន​បុគ្គល​ខ្មែរ​ដែល​សង្ស័យ​ពីរ​នាក់​នោះ​ ឬ​យ៉ាង​ណា​ទេ។​ ប៉ុន្តែ​អាជ្ញាធរ​កម្ពុជា​ធ្លាប់​អះអាង​ថា​ កម្ពុជា​នៅ​តែ​បន្ត​សហការ​ជា​មួយ​ភាគី​ថៃ ​ដើម្បី​ស្វែង​រក​យុត្តិធម៌​ដល់​ជន​រង​គ្រោះ ​ប្រសិន​បើ​ភាគី​ថៃ​ត្រូវ​ការ។​

កាល​ពី​កន្លង​ទៅ ​អាជ្ញាធរ​ថៃ​បាន​ចាប់​ខ្លួន​ជនជាតិ​ថៃ​ម្នាក់ ​ដែល​បាន​សារភាព​ថា​ បាន​បាញ់​សម្លាប់​លោក ​លិម គិមយ៉ា។ ​ប៉ូលិស​ថៃ​ធ្លាប់​បាន​ទម្លាយ​ថា​ ករណី​បាញ់​សម្លាប់​នេះ​មិន​មែន​ជា​រឿង​នយោបាយ​ឡើយ ​ហើយ​វា​ជា​ការ​សង​សឹក​ផ្ទាល់​ខ្លួន​រវាង​មេ​ខ្លោង​នៃ​ឃាតកម្ម ​និង​ជន​រង​គ្រោះ។​

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក ​អំ សំអាត ​យល់​ថា​ កម្ពុជា​ត្រូវ​មាន​កិច្ច​សហ​ប្រតិបត្តិការ​ល្អ​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​លើ​ឃាតកម្ម​នេះ។

លោក​ថ្លែង​ថា៖​ «ដើម្បី​ផ្តល់​ភាព​យុត្តិធម៌​ពេញ​លេញ​សម្រាប់​លោក ​លិម គិមយ៉ា ​និង​គ្រួសារ​ បើសិន​ជា​មាន​ការ​ស្នើ​សុំ​ណា​មួយ​ចាំបាច់​ពី​ភាគី​ថៃ​ កម្ពុជា​ត្រូវ​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​ល្អ​ទៅ​លើ​ករណី​ឃាត​កម្ម​លើ​លោក ​លិម គិមយ៉ា ​ហ្នឹង​ដើម្បី​ស្វែង​រក​យុត្តិធម៌​ឲ្យ​បាន​ពេញលេញ​សម្រាប់​ករណី​នេះ»។​

គួរ​បញ្ជាក់​ថា​ លោក ​លិម គិមយ៉ា ​ត្រូវ​បាន​គេ​បាញ់​ ៣ ​គ្រាប់​ស្លាប់​នៅ​នឹង​កន្លែង​ កាល​ពី​ថ្ងៃ​ទី​ ៧​ ខែ​មករា ​ក្នុង​ទីក្រុង​បាងកក ​ប្រទេស​ថៃ ​គ្រា​ដែល​លោក​បាន​ចុះ​ពី​រថយន្ត​ក្រុង​ដែល​លោក​និង​ភរិយា​ធ្វើ​ដំណើរ​ពី​ខេត្ត​សៀមរាប​នៃ​ប្រទេស​កម្ពុជា​ទៅ​ទីក្រុង​បាកកក​នៃ​ប្រទេស​ថៃ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG