ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជានិងអាមេរិកត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរឡើងវិញ ក្រោយខកខានធ្វើជិត១០ឆ្នាំ


មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំប៉ាស៊ីហ្វិកលោក Ronald P. Clark និង​លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ពិភាក្សាគ្នា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៥។ (Cambodia Defense Ministry via AP)
មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំប៉ាស៊ីហ្វិកលោក Ronald P. Clark និង​លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ពិភាក្សាគ្នា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៥។ (Cambodia Defense Ministry via AP)

មន្រ្តី​ជាន់​ខ្ពស់​កម្ពុជា​និង​អាមេរិក​បាន​ពិភាក្សា​គ្នា​ក្នុង​ការ​ចាប់​ផ្តើម​ធ្វើ​សមយុទ្ធ​រួម​គ្នា​ដែល​មាន​ឈ្មោះ​ថា​ «ឆ្មាំ​អង្គរ»​ ដែល​ផ្អាក​តាំង​ពី​ឆ្នាំ ​២០១៧ ​មក។​

ការ​អះអាង​នេះ​នៅ​ក្នុង​ជំនួប​រវាង​នាយ​ឧត្តម​សេនីយ៍ ​ម៉ៅ សុផាន់ ​មេ​បញ្ជា​ការ​កង​ទ័ពជើង​គោក​កម្ពុជា​ជាមួយ​លោក ​រ៉ូណាល់ ខ្លាក ​(Ronald P. Clark)​ មេ​បញ្ជាការ​កង​ទ័ពជើង​គោក​សហ​រដ្ឋ​អាមេរិក​ប្រចាំ​ប៉ាស៊ីហ្វិក ​ដែល​បាន​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា។​

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ​លោក​ ម៉ៅ សុផាន់ ​បាន​គូស​បញ្ជាក់​អំពី​សារៈ​សំខាន់​នៃ​ជំនួប​សន្ទនា​នៅ​ក្នុង​វិស័យ​ការពារជាតិ​«ដើម្បី​កសាង​ទំនុក​ចិត្ត ​និង​ការ​ជឿជាក់​គ្នា​ទៅ​វិញ​ទៅ​មក»។ ​លោក​បាន​ប្ដេជ្ញា​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អាមេរិក​ដើម្បី​ជំរុញ​មិត្តភាព ​ភាព​ជាដៃ​គូ​ប្រកប​ដោយ​ភាព​ស្ថាបនា ​តម្លាភាព ​និង​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក។ ​ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​អំពី​ការ​រៀបចំ​ឡើង​វិញ​សមយុទ្ធ​ឆ្មាំ​អង្គរ។​

គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា​ តើ​សមយុទ្ធ​នោះ​នឹង​អាច​ចាប់​ផ្តើម​ឡើង​វិញ​នៅ​ពេល​ណា​ឡើយ។​

ចំណែក​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា​ មន្រ្តី​អាមេរិក​និង​កម្ពុជា​បាន​ពិភាក្សា​ស្វែង​រកវិធី​ផ្សេងៗ ​ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​ការ​ពារ​ទ្វេភាគី​រវាង​សហ​រដ្ឋ​អាមេរិក ​និង​កម្ពុជា ​ដើម្បី​លើក​កម្ពស់​សន្តិភាពនិង​សន្តិសុខ​នៅ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ​កិច្ច​ពិភាក្សា​ក៏​បាន​លើក​ឡើង​ពី​ការ​ផ្លាស់​ប្តូរ​ការ​បណ្តុះ​បណ្តាល​យោធា​ដែល​ផ្តោត​លើ​ការ​សង្គ្រោះ​គ្រោះ​មហន្តរាយ ​ការ​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ ​និង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ធ្វើ​ឱ្យ​កម្ពុជា​គ្មាន​គ្រាប់​មីន។​

ចំណែក​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ម៉ាណែត​ បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា​ ការ​ផ្លាស់​ប្ដូរ​ដំណើរ​ទស្សនកិច្ច​ជា​ញឹកញាប់​រវាង​កងទ័ព​និង​កងទ័ព​ក៏​ដូចជា​ការ​បន្ដ​កិច្ច​សហ​ប្រតិបត្តិ​ការ​ឡើង​វិញ​លើ​សកម្ម​ភាព​មួយ​ចំនួន​ «បាន​ឆ្លុះ​បញ្ចាំង​ពីភាព​រីកចម្រើន​នៃ​ទំនាក់​ទំនង​ប្រទេស​ទាំងពីរ»។​

លោក ​ហ៊ុន ម៉ាណែត ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​កង​ទ័ពជើង​គោក​សហ​អាមេរិក​ និង​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក​ កង​យោធពល​ខេមរ​ភូមិន្ទ​ បន្ត​ទំនាក់​ទំនង​ឱ្យ​កាន់​តែ​ជិត​ស្និទ្ធ​ថែម​ទៀត ​ដើម្បី​ពង្រឹង​និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ។​

សាស្ត្រា​ចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​លោក ​ឯម សុវណ្ណារ៉ា ​មើល​ឃើញ​ថា​ ជំនួប​រវាង​មន្រ្តី​កម្ពុជា​និង​មន្ត្រី​អាមេរិក​នឹង​អាច​បំបាត់​ភាព​មន្ទិល​សង្ស័យ ​ដូច​ជា​ការ​ធ្វើ​ទំនើប​កម្ម​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម ​ដែល​អាមេរិក​សង្ស័យ​ថា​ ចិន​នឹង​ប្រើប្រាស់​ដើម្បី​ពង្រីក​អំណាច​របស់​ខ្លួន។ ​លោក​បន្ថែម​ថា​ បើ​សិន​ជា​នាយក​រដ្ឋមន្រ្តី​កម្ពុជា​លោក ​ហ៊ុន ម៉ាណែត ​ដែល​បាន​សិក្សា​នៅ​សាលា​យោធា​ West Point ​សហ​រដ្ឋ​អាមេរិក​ អាច​ធ្វើ​ឱ្យ​កម្ពុជា​និង​អាមេរិក​មាន​សមយុទ្ធ​រួម​គ្នា​ឈ្មោះ​ថា ​«ឆ្មាំ​អង្គរ»​ ឡើង​វិញ ​នោះ​លោក​មើល​ឃើញ​ថា​ វា​ជា​សញ្ញាណ​ល្អ​សម្រាប់​ទំនាក់​ទំនង​ទ្វេ​ភាគី៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG