ក្រុមមន្ត្រីនៃគណបក្សកាន់អំណាចរបស់នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន បានច្រានចោលការព្រមានរបស់សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សដែលបានថ្លែងកាលពីថ្ងៃច័ន្ទថា នីតិរដ្ឋនៅកម្ពុជាបានធ្លាក់ចុះកាន់តែធ្ងន់ធ្ងរទៅៗ ហើយប្រព័ន្ធដឹកនាំផ្ដាច់ការនឹងកាន់តែរីកធំឡើង។ មន្ត្រីបក្សកាន់អំណាចបានចាត់ទុកការលើកឡើងនេះថា «មតិមានលក្ខណៈប្រឆាំង និងជាការចងកំហឹងមកលើរដ្ឋាភិបាលកម្ពុជា»។
កាលពីថ្ងៃច័ន្ទម្សិលមិញ សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) បានចេញការព្រមានរបស់ខ្លួន ដោយបានថ្លែងថា សេចក្តីស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា ដែលបានអនុម័តដោយទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃសុក្រ បានបង្កឲ្យមានការព្រួយបារម្ភបន្ថែមទៀត ចំពោះដំណើរការធ្លាក់ចុះនៃប្រទេសកម្ពុជា ទៅរកភាពផ្តាច់ការ ក្រោយពីមានការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង គឺលោក កឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិ (CNRP) ក្នុងខែកញ្ញា និងវិច្ឆិកា ឆ្នាំ ២០១៧។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ប្រាប់ VOA នៅថ្ងៃអង្គារនេះថា ការព្រមានរបស់ស្ថាប័នសិទ្ធិមនុស្សមួយនេះ នឹងមិនមានប្រសិទ្ធភាពអ្វីលើការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជា ដែលបានស្នើឲ្យមានការធ្វើវិសោធនកម្មនេះ។ លោកអះអាងថា សេចក្តីវិសោធនកម្មទាំងអម្បាលម៉ាន មានគោលបំណងស្នូលមួយ គឺការពង្រឹងដំណើរការប្រជាធិបតេយ្យ និង ការពារប្រព័ន្ធរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា តែប៉ុណ្ណោះ។
លោក សុខ ឥសាន បញ្ជាក់ថា៖
«ការធ្វើវិសោធនកម្មនេះ ដើម្បីធ្វើយ៉ាងណា បង្កើននូវនិរន្តរភាពនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ ហើយនិងបង្កើននូវប្រសិទ្ធភាពនៃការពង្រឹងនីតិរដ្ឋបាទ។ អីចឹងទេ គឺការធ្វើនេះ ជាការត្រឹមត្រូវរបស់ព្រះរាជាណាចក្រកម្ពុជា ដែលគ្មានជនណា មកអាចលូកដៃជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាបានជាដាច់ខាត»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដដែល ក៏បានថ្លែងការពារចំពោះសេចក្តីស្នើវិសោធនកម្មក្រមព្រហ្មទណ្ឌមួយចំនួនថា ជាការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់នៅកម្ពុជា និងរារាំងមិនឲ្យមានការបំពារបំពានលើចេស្តានៃព្រះមហាក្សត្រដែលគ្រងរាជ្យ តែមិនដឹកនាំប្រទេសនោះឡើយ។
លោក សុខ ឥសាន មានប្រសាសន៍ប្រាប់ VOA យ៉ាងដូច្នេះថា៖
«រដ្ឋធម្មនុញ្ញយើងបាននិយាយហើយថា អង្គព្រះមហាក្សត្រមិនអាចមាននរណាបំពារបំពានបាន។ ក៏ប៉ុន្តែកន្លងទៅ មានជនអគតិមួយចំនួន ប្រមាថមើលងាយព្រះចេស្តារបស់ព្រះមហាក្សត្រ ក៏ប៉ុន្តែយើងមិនទាន់មានមាត្រាណាមួយដើម្បីដាក់ទោសកំហុសរបស់ជនដែលប្រមាថលើព្រះចេស្តារបស់ព្រះមហាក្សត្រទេ អីចឹងបានជាយើងធ្វើ វិសោធនកម្មដើម្បីមើលឲ្យឃើញថា ការណ៍ដែលអនុវត្តរដ្ឋធម្មនុញ្ញត្រង់មាត្រាដែលចែងថា អង្គព្រះមហាក្សត្រ គ្មាននរណាបំពារបំពានបាននោះ»។
ក៏ប៉ុន្តែ ប្រធានសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស លោក Charles Santiago ត្រូវបានស្រង់សម្តីក្នុងសេចក្តីថ្លែងការណ៍របស់សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សដែល VOA បានទទួលកាលពីថ្ងៃច័ន្ទ ក្នុងន័យដើមថា៖
«ប្រសិនបើវិសោធនកម្មនេះត្រូវបានអនុម័ត វានឹងធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ និងយូរអង្វែងដល់ក្របខណ្ឌស្ថាប័នរបស់ប្រទេសកម្ពុជា ដែលធ្វើឲ្យរិចរិលបន្ថែមទៀតដល់នីតិរដ្ឋ និងពង្រឹងប្រព័ន្ធផ្តាច់ការ ដែលបានបង្ហាញឲ្យឃើញកាន់តែច្បាស់ចាប់តាំងពីការរំលាយគណបក្សសង្គ្រោះជាតិ»។
លោក Charles Santiago ត្រូវបានដកស្រង់សម្តីបន្ថែមថា៖
«ការដាក់បញ្ចូលការប្រមាថព្រះមហាក្សត្រជាបទល្មើសមួយនៅក្នុងច្បាប់កម្ពុជា កំពុងបង្កឲ្យការព្រួយបារម្ភយ៉ាងខ្លាំង។ យើងបានមើលឃើញហើយអំពីការបញ្ញត្តិច្បាប់បែបនេះ ត្រូវបានរំលោភបំពាននៅក្នុងប្រទេសថៃ ដែលជាប្រទេសជិតខាង អស់រយៈពេលជាច្រើនឆ្នាំមកហើយ និងជាពិសេសដោយសារភាពទន់ខ្សោយនៃនីតិរដ្ឋនៅកម្ពុជា និងការប្រើប្រាស់បញ្ញត្តិច្បាប់ផ្សេងៗទៀត មិនបានត្រឹមត្រូវជាយូរមកហើយនោះ យើងនឹងឃើញមានសក្តានុពលកាន់តែច្រើនទៀត ក្នុងការរំលោភបំពានបញ្ញត្តិច្បាប់នេះនៅកម្ពុជា»។
ក្រុមតំណាងរាស្ត្រនៃសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្សជាច្រើនទៀត បានថ្លែងថា សេចក្តីស្នើវិសោធនកម្មលើមាត្រា ៥៣ ដើម្បីប្រកាសយ៉ាងជាក់លាក់ថា ប្រទេសកម្ពុជា «ប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេសណាមួយក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន» គឺគ្មានអ្វីក្រៅពីការព្យាយាមដ៏កម្សោយក្នុងការការពាររដ្ឋាភិបាលពីការរិះគន់នោះឡើយ។
សេចក្តីស្នើរបស់រដ្ឋាភិបាលក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រង់មាត្រា ៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣និងមាត្រា១១៨ ថ្មី ដែលត្រូវបានផ្តល់ការយល់ព្រមពីរដ្ឋាភិបាលលោក ហ៊ុន សែន កាលពីពេលថ្មីៗនោះ ត្រូវគេជឿថា នឹងផ្តោតសំខាន់ទៅលើសិទ្ធិ និងការដកសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋ ដោយមួយផ្នែកកំណត់ថា គណបក្សនយោបាយ សមាគម និងប្រជាពលរដ្ឋគ្រប់រូប «ត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ» និងមានកាតព្វកិច្ចរួមចំណែកកសាងនិងការពារជាតិជាដើម។
លោក Tom Villarin សមាជិកសភានៃប្រទេសហ្វីលីពីន បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្សនេះថា៖
«សំណើវិសោធនកម្មមាត្រា៤២ និង៤៩ [នៃរដ្ឋធម្មនុញ្ញកម្ពុជា] នឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេរីភាពនៃការប្រមូលផ្តុំក្នុងប្រទេសកម្ពុជា ដោយផ្តល់សិទ្ធិអំណាចបន្ថែមទៀតដល់អាជ្ញាធរ ក្នុងការតាមដានគណបក្សនយោបាយនិងក្រុមផ្សេងទៀត តាមទំនើងចិត្ត»។
នៅមុនពេលស្នើឲ្យមានវិសោធនកម្មលើមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌនេះ រដ្ឋាភិបាលលោក ហ៊ុន សែន ត្រូវគេសង្កេតឃើញថា បានបើកការវាយបង្រ្កាបមិនញញើតដៃទៅលើអង្គការសង្គមស៊ីវិលដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ ការចាប់ឃុំខ្លួនមេបក្សប្រឆាំងក្រោមបទចោទថា បានប្រព្រឹត្តអំពើក្បត់ជាតិ។ រដ្ឋាភិបាលលោកថែមទាំងបង្ខំឲ្យអង្គភាពព័ត៌មានឯករាជ្យ The Cambodia Daily បិទទ្វារ ពាក់ព័ន្ធនឹងបញ្ហាពន្ធដារប្រាក់រាប់លានដុល្លារ និងការហាមឃាត់វិទ្យុ FM ក្នុងស្រុកមិនឲ្យធ្វើការផ្សាយបន្តផ្ទាល់ព័ត៌មានរបស់សំឡេងសហរដ្ឋអាមេរិកVOA និងវិទ្យុអាស៊ីសេរី។ វិទ្យុអាស៊ីសេរី ក្រោយមកបានប្រកាសបិទទ្វារការិយាល័យរបស់ខ្លួននៅកម្ពុជា ក្រោមហេតុផលថា រដ្ឋាភិបាលលោក ហ៊ុន សែន គ្មានចេតនាផ្តល់សេរីភាពដល់ក្រុមការងារខ្លួនធ្វើការងារដោយគ្មានការភ័យខ្លាច។
ការរំលាយចោលគណបក្សសង្គ្រោះជាតិ ដោយអំណាចតុលាការកំពូលទៅតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ និងការហាមឃាត់មិនឲ្យអ្នកនយោបាយប្រឆាំងចំនួន១១៨នាក់ ធ្វើនយោបាយនៅក្នុងប្រទេសកម្ពុជា គឺជាព្រឹត្តិការណ៍មួយដែលគេនឹកស្មានមិនដល់ តែត្រូវអ្នកឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិចាត់ទុកថា ជាការបញ្ជាក់ឲ្យឃើញកាន់តែច្បាស់នូវការភ័យខ្លាចរបស់គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ចំពោះបរាជ័យក្នុងការបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំ ២០១៨នេះ។
ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស បានកត់សម្គាល់ផងដែរថា ការបែងចែកអាសនៈសភា បន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិ បានធ្វើឲ្យសភា [កម្ពុជា] លែងមានលក្ខណៈប្រជាធិបតេយ្យមូលដ្ឋាន និងមិនអាចធ្វើឲ្យវិសោធនកម្មនេះស្របតាមលក្ខខណ្ឌនៃរដ្ឋធម្មនុញ្ញជាធរមាននោះឡើយ»។
យ៉ាងណាក្តី គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាជាតិ ដែលគ្របដណ្តប់ដោយតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃច័ន្ទបានបើកកិច្ចប្រជុំ និងអនុម័ត លើសេចក្តីព្រាងច្បាប់ជាច្រើន ក្នុងនោះមានសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌផងដែរ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ យល់ថា ប្រតិកម្មរបស់ក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស ប្រាសចាកទៅនឹងខ្លឹមសារនៃសេចក្តីស្នើវិសោធនកម្ម ដែលមានបំណងប្រឆាំងនឹងសកម្មភាពឧក្រិដ្ឋផ្សេងៗ និងការពារស្ថាប័នអង្គព្រះមហាក្សត្រដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ហើយថា ស្ថាប័នសិទ្ធិមនុស្សដដែលនេះ បានសន្សំចិត្តចងកំហឹងមកលើរដ្ឋាភិបាលកម្ពុជា។
លោក ជិន ម៉ាលីន បញ្ជាក់ប្រាប់ VOA ថា៖
«ចំណុចទីពីរទៀត បើយើងហ្នឹងមើលជារូបភាពទៅវិញ យើងកុំមើលពីខ្លឹមសារ គឺក្រុមសភាអាស៊ាននេះ គឺជា អ្វីដែលយើងដឹង រួចទៅហើយ ថាក្រុមនេះ គឺហាក់ដូចមានកំហឹង និងមានគំនុំជាមួយរដ្ឋាភិបាលតាំងពីដើមមក ហើយសំឡេងនេះ ក៏មិនមែនជាសំឡេងតំណាងឲ្យអាស៊ានដែរ។ ការយកឈ្មោះនេះ គឺដើម្បីយកឈ្មោះជាការបន្លំតែប៉ុណ្ណោះ គ្រាន់តែជាសមាជិកសភារបស់ម៉ាឡេស៊ីមួយក្រុមតែប៉ុណ្ណោះ ហើយរួមជាមួយនឹងសមាជិកសភានៃបក្សប្រឆាំង បណ្តាប្រទេសដទៃទៀតហ្នឹង ក៏ប៉ុន្តែ រូបភាពក្លែងបន្លំថា ជាតំណាងឲ្យ សភាអាស៊ាន តាមពិតមិនមែនជាតំណាងផ្លូវការសភារបស់អាស៊ាននោះទេ»។
លោកបានថ្លែងបញ្ជាក់បន្ថែមថា៖
«អីចឹងបើយើងមើលចេតនា និងរូបភាពនៃក្រុមនេះ គឺមានចេតនានយោបាយ ច្រើនជាង ជាជាងការកសាងប្រជាធិបតេយ្យ សិទ្ធិមនុស្សក្នុងប្រទេសមួយ ក្នុងក្របខណ្ឌអាស៊ាន អីចឹងជា ជាសរុបមកគឺថា អ្វីដែលក្រុមហ្នឹងលើកឡើង គឺយើងមិនអាចទទួលយកបានដោយសារ ទីមួយទៅលើខ្លឹមសារ និងដោយផ្អែកទីពីរ ទៅលើរូបភាព និងចេតនា និងក្របខ័ណ្ឌច្បាប់នៃក្រុមមួយនេះបាទ»។
សម្រាប់លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូថ្លែងថា រលកនៃការរិះគន់ចំពោះផែនការស្នើឲ្យមានវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌនឹងកើនឡើងបន្ថែមទៀត ក្រោយការរំលាយចោលគណបក្សសង្គ្រោះជាតិដែលទទួលបានការគាំទ្រពីអ្នកបោះឆ្នោតជាង៤០ភាគរយ ក្នុងការបោះឆ្នោតឃុំ-សង្កាត់ ខែមិថុនា ឆ្នាំ២០១៧។
«ដំណាក់កាលនេះ ក្រោយពីគណបក្សប្រឆាំងទៅអីចឹងយើងឃើញថា រដ្ឋាភិបាលដឹកនាំដោយគណបក្សកាន់អំណាច ដោយឯកបក្ស...អីចឹងយើងឃើញថា ការធ្វើវិសោធនកម្ម ឬក៏អនុម័តច្បាប់ផ្សេងៗ វាមានភាពងាយស្រួល អីចឹងអាតាហ្នឹងហើយ ដែលមានការរិះគន់ច្រើនថា មានការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ឬក៏ច្បាប់ផ្សេងៗ ឬក៏អាការអនុម័តច្បាប់ផ្សេងៗហ្នឹង វាអាចជាផលប្រយោជន៍សម្រាប់គណបក្សកាន់អំណាចនោះ។ អានេះ ជាការលើកឡើងនិងការយល់ឃើញ និងការរិះគន់សម្រាប់សហគមន៍អន្តរជាតិ»។
លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សរាជានិយមហ៊្វុនស៊ីនប៉ិច ដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ យល់ផ្ទុយពីមន្ត្រីសិទ្ធិមនុស្ស ហើយបានចាត់ទុកថា សេចក្តីស្នើវិសោធនកម្មទាំងឡាយនោះ នឹងមិនបំផ្លាញអត្ថប្រយោជន៍របស់ប្រជារាស្ត្រខ្មែរនោះទេ។
«ច្បាប់បួន ទាំងបួនដែលដាក់មកហ្នឹង អត់មានប៉ះពាល់ដល់ស្ថិរភាព អត់ប៉ះពាល់ដល់សិទ្ធិមនុស្ស អត់ប៉ះពាល់ដល់ស្អីទាំងអស់»។
លោកបានបន្តថា កម្ពុជាក៏នៅមិនមានការដាក់ទោសទណ្ឌ ទៅលើក្រុមអ្នករិះគន់អង្គព្រះមហាក្សត្រ ដូចនៅប្រទេសថៃនោះដែរ។ ដូច្នេះហើយ សេចក្តីស្នើវិសោធនកម្មក្រមព្រហ្មទណ្ឌដែលបានធ្វើឡើងនោះ គឺចង់ឲ្យមានការចែងឲ្យច្បាស់ពីទោសទណ្ឌ ដែលនឹងត្រូវដាក់ទៅលើជនណាដែលបំពានចេស្តានៃព្រះមហាក្សត្រ។«ដូចជាឧទាហរណ៍ប្រទេសថៃ យើងមិនធ្វើដល់ប្រទេសថៃផង ប្រទេសថៃ គ្រាន់តែយកលុយដែលមានព្រះភក្រ្តរូបព្រះករុណាថៃហ្នឹង យកមកជាន់ វាចេតនាមួយហែក ឬក៏ដុតចោលក៏ជាប់គុកដែរ។ ស្រុកខ្មែរអត់ទាន់ដល់ប៉ុណ្ណឹងទេ»។
ទោះជាមានការប្រកែកគ្នា ទៅលើសេចក្តីស្នើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌយ៉ាងណាក៏ដោយចុះ ការបកស្រាយច្បាប់រដ្ឋធម្មនុញ្ញ ឬការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កាលពីពេលកន្លងមក គណបក្សប្រជាជនកម្ពុជា ជារឿយៗបានទទួលជោគជ័យដោយសារតែគណបក្សដែលស្ថិតក្នុងអំណាចជាង៤០ឆ្នាំនេះ មានសំឡេងភាគច្រើននៅក្នុងសភា និងនៅក្រុមប្រឹក្សាធម្មនុញ្ញ៕